35.4 C
Phnom Penh

រដ្ឋមន្ត្រី​កម្ពុជា-ថៃ រឭក​គ្នា​អំពី​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ​និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ថៃឡង់ដ៍ លោក Sihasak Phuangketkeow រំឭក​គ្នា​ទៅវិញ​ទៅមក​ថា ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​រួម​ចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ឯកភាព​ក្នុង​អាស៊ាន គឺ​ទាមទារ​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ផ្សាយ​ក្នុង​កាសែត​បរទេស​ទាំង​ពីរ​ខាង។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៨ មេសា ថា ជំនួប​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប (AEMM) ក្នុង​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃទី​២៧ មេសា រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក Sihasak Phuangketkeow បាន​ពិភាក្សា​អំពី​ស្ថានភាព​ព្រំដែន រួម​ទាំង​វិធានការ​កសាង​ទំនុកចិត្ត​នានា និង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ទំនាស់​ព្រំដែន​កម្ពុជា-ថៃ កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​ដោះស្រាយ​មិន​ចេញ ទោះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​កាលពី​ចុង​ឆ្នាំ​២០២៥ កន្លង​ទៅ​ហើយ​ក្តី។

កាសែត​ថៃ ខៅស៊ុត បាន​រាយការណ៍​នៅ​ថ្ងៃទី​២៨ មេសា ថា ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក Sihasak Phuangketkeow ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប បាន​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ។

តាម​ការ​ផ្សាយ​ក្នុង​ទូរទស្សន៍​ថៃ PBS និង​កាសែត The Nation រដ្ឋមន្ត្រី​ការបរទេស​ថៃ អះអាង​ថា ភាគី​ថៃ នឹង​ប្រកាន់​ជំហរ​តាម​សេចក្តី​ប្រកាស​ព្រមព្រៀង​គ្នា​នោះ​ទាំងស្រុង ហើយ​ថា​កងទ័ព​ថៃ ធ្វើ​ប្រតិបត្តិការ​តែ​ក្នុង​ក្របខ័ណ្ឌ​នោះ​ប៉ុណ្ណោះ។ លោក Sihasak ស្នើ​ផង​ដែរ​ថា សូម​ឱ្យ​ខាង​ភាគី​ខ្មែរ​បន្ថយ​វោហារ​ផង​លើ​ឆាក​អន្តរជាតិ ដើម្បី​រក្សា​ការ​យល់​ចិត្ត​គ្នា ហើយ​បន្ធូរ​ភាព​តានតឹង។

រដ្ឋមន្ត្រី​ការបរទេស​ថៃ ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ថា រដ្ឋាភិបាល​ថៃ កំពុង​បន្ត​ដំណើរការ​នីតិវិធី​ក្នុង​ការ​លុប​ចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ (MOU 44) ជាមួយ​កម្ពុជា ប៉ុន្តែ​ការ​ចរចា​ទ្វេភាគី​អំពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ គឺ​នៅតែ​បន្ត​ដំណើរការ​ដដែល។

ប្រភព​ដដែល អះអាង​ថា ទោះជា​ថៃ កំពុង​ដំណើរការ​លុប​ចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ក៏ដោយ ក៏​មិនមែន​មាន​ន័យ​ថា​ថៃ​បាន​បញ្ចប់​ការ​ចរចា​ទ្វេភាគី​អំពី​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​ដែរ ហើយ​ថៃ នឹង​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​កម្ពុជា បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​ថៃ អនុម័ត​លុប​ចោល MOU នេះ​រួចរាល់។

រដ្ឋមន្ត្រី​ការបរទេស​ថៃ រូប​នេះ​បញ្ជាក់​ថា ការ​លុប MoU នេះ គឺ​ដោយសារ​ថៃ កំពុង​ស្វែងរក​ការ​ផ្លាស់ប្ដូរ​ទៅ​ប្រើប្រាស់​ច្បាប់​សមុទ្រ UNCLOS (United Nations Convention on the Law of the Sea)។

កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៦ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ការ​ដក​ខ្លួន​ដោយ​ឯកតោភាគី​របស់​ប្រទេស​ថៃ ចេញពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ (MOU 44) ជា​ជំហាន​មួយ​ងាក​ចេញពី​ស្មារតី​សហប្រតិបត្តិការ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​នេះ។

កិច្ចព្រមព្រៀង​នេះ បាន​ចែង​អំពី​សិទ្ធិ​អភិវឌ្ឍន៍​លើ​តំបន់​ត្រួត​គ្នា Overlapping Control Areas ដែល​ជា​ចំណុច​ទាមទារ​រវាង​កម្ពុជា-ថៃ តាំងពី​ដើម​ទសវត្សរ៍​១៩៧០ មក ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ខែ​មិថុនា ឆ្នាំ​២០០១ កម្ពុជា និង​ថៃ ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​លើ​ការ​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​រួម​គ្នា​នៅ​តំបន់​នោះ​តែម្តង។

ក្នុង​អនុស្សរណៈ ២០០១ (MoU44) រវាង​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និយាយ​អំពី​ការ​អភិវឌ្ឍ​ទាញ​ផល​ចែក​គ្នា។ លោក ហ៊ុន សែន ចង់​ទិញ​យក​ហ៊ុន​ទាំងអស់ ប៉ុន្តែ​សភា​ថៃ មិន​យល់ស្រប។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស