27 C
Phnom Penh

ថៃ​គំរាម​កម្ពុជា​ថា​ចង់បាន​សន្តិភាព ឬ​ចង់​បន្ត​ជម្លោះ​ជាមួយ​ថៃ ទើប​រុញ​បញ្ហា​ព្រំដែន​ទៅ​លើ​ឆាក​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ថៃ ថ្លែង​ថា តើ​ប្រទេស​កម្ពុជា​ចង់បាន​សន្តិភាព ឬ​ចង់​ឈ្លោះ​គ្នា​ជាមួយ​ថៃ បន្ត​ទៅ​ទៀត ព្រោះ​ថា​កម្ពុជា​នៅតែ​បន្ត​រុញ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​មក​លើ​ឆាក​អន្តរជាតិ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព ខណៈ​ថៃ មិន​មាន​បំណង​បង្ក​ជម្លោះ​ជាមួយ​កម្ពុជា ឡើយ។

កាសែត​ថៃ Khaosod និង The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុង​កិច្ចប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ (អ.ស.ប) នា​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​អង្គារ ទី​២៤ ខែ​កុម្ភៈ ដែល​បាន​រាយការណ៍​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ បាន​បដិសេធ​ការ​ចោទប្រកាន់​ដែល​ថា​ថៃ​កំពុង​កាន់កាប់​ដែនដី​កម្ពុជា​ដោយ​ខុស​ច្បាប់ ប៉ុន្តែ​តាម​ការពិត គឺ​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ឲ្យ​កងទ័ព​នៅ​ទីតាំង​ដដែល​ក្នុង​ពេល​មាន​បទ​ឈប់​បាញ់ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ការ​ចរចា​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​កិច្ចការ​បរទេស​ថៃ ចោទ​ថា ប្រទេស​កម្ពុជា​រំលោភ​យក​ទាំង​ទឹកដី​ថៃ ទាំង​លូក​ដៃ​ចូល​ក្នុង​នយោបាយ​ជាតិ​ថៃ ជាច្រើន​ឆ្នាំ ហើយ​បែរ​ជា​ប្រតិដ្ឋ​ការ​ពិពណ៌នា​ថា ប្រទេស​ថៃឡង់ដ៍ ជា​បិសាច​ទៅវិញ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ រូប​នេះ​លើកឡើង​ថា តាម​ប្រវត្តិសាស្ត្រ ថៃ​មាន​ចេតនា​ល្អ​ចំពោះ​កម្ពុជា រហូត​មក ដែល​ធ្លាប់​បាន​ផ្តល់​ជម្រក​ដល់​ជនភៀសខ្លួន និង​គាំទ្រ​លើ​ជំនួយ​មនុស្សធម៌ រួម​ទាំង​ការ​ស្ដារ​ប្រទេស​កម្ពុជា​ឡើងវិញ​ផង​ដែរ បន្ទាប់ពី​មាន​ចម្បាំង​ក្នុង​ស្រុក​នា​ពេល​កន្លងទៅ ប៉ុន្តែ​កម្ពុជា​កំពុង​បង្ខូច​ឈ្មោះ​ថៃ តាមរយៈ​ការ​ចោទប្រកាន់​មិន​ពិត និង​ការ​បង្ហាញ​ព័ត៌មាន​បំភ្លៃ​មក​លើ​ថៃ ទៅវិញ។

ប្រទេស​កម្ពុជា នៅ​ជំពាក់​បំណុល​ប្រទេស​ថៃឡង់ដ៍ ជាង ៥៣​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥ ដោយ​គិត​តាំងពី​ឆ្នាំ​២០០៩ ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​កិច្ចសន្យា​ខ្ចី​ប្រាក់​ធ្វើ​ថ្នល់​លេខ​៦៨ ពី​ច្រក​ចុងចម ទៅ​ខេត្ត​ឧត្ដរមានជ័យ ចម្ងាយ ១១៣​គីឡូម៉ែត្រ។ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខ្ចី​សង់​ថ្នល់​លេខ​៦៧ ពី​សៀមរាប ទៅ​អន្លង់វែង ជាំខ្សាន្ត ខេត្ត​ព្រះវិហារ។

លោក ស៊ីហាសាក់ បន្ថែម​ថា សម័យ​នេះ ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ គប្បី​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឲ្យ​ជិតស្និទ្ធ ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន ដែល​ពិភពលោក​កំពុងតែ​ប្រឆាំង។

នៅ​ប្រទេស​បារាំង រដ្ឋមន្ត្រី​កិច្ចការ​បរទេស​ថៃ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​កិច្ចការ​ក្រៅ​ប្រទេស​សហភាព​អឺរ៉ុប និង​កិច្ចការ​បរទេស​បារាំង Jean-Noel Barrot រ៉ាយរ៉ាប់​ប្រាប់​អំពី​ស្ថានការណ៍​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ។

កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដដែល រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​សម័យ​ប្រជុំ​នោះ​ថា វត្តមាន​កងកម្លាំង​ថៃ នៅ​ទឹកដី​កម្ពុជា​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លាំង និង​ស្នើ​ឱ្យ​ប្រទេស​ថៃ ដក​ទ័ព​របស់​ខ្លួន​ចេញ​ជាបន្ទាន់ ដោយ​អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ឯកភាព​គ្នា​កន្លង​មក​នោះ។

លោក ប្រាក់ សុខុន លើកឡើង​ថា វត្តមាន​របស់​កងកម្លាំង​ថៃ លើ​ទឹកដី​ខ្មែរ​នេះ គឺជា​ឧបសគ្គ​ដ៏​ចម្បង​ចំពោះ​ការ​វិលត្រឡប់​របស់​ជនស៊ីវិល​ទៅ​កាន់​លំនៅឋាន​ប្រកប​ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ ព្រោះ​មាន​តែ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ក្រោម​ច្បាប់​អន្តរជាតិ​ដែល​មិន​ប្រើប្រាស់​កម្លាំង​ប៉ុណ្ណោះ ទើប​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​រស់នៅ​ជាមួយ​គ្នា​ដោយ​សន្តិភាព ស្ថិរភាព និង​គោរព​គ្នា​ទៅវិញ​ទៅមក។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ប្រទេស​ថៃ កំពុង​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា ដោយសារ​ការ​បង្ក​សង្គ្រាម​កាន់កាប់​យ៉ាង​ជ្រៅ​ចូល​ក្នុង​ទឹកដី​កម្ពុជា ដូច្នេះ ថៃ​ត្រូវតែ​ដក​កងទ័ព​ចេញពី​ទឹកដី​ខ្មែរ​ត្រឡប់​ទៅវិញ ដើម្បី​ឱ្យ​ជនស៊ីវិល​កម្ពុជា ជាង ៨​ម៉ឺន​នាក់ អាច​វិល​ទៅ​រស់នៅ​ក្នុង​ភូមិកំណើត​របស់​ពួកគេ​វិញ​បាន​ដោយ​សុវត្ថិភាព៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស