ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រកាសថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ ត្រូវទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រនៃប្រទេសពីរនេះដែលបានដាក់ពាក្យសុំចូលជាសមាជិកណាតូ។ នេះបើតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២០ ខែឧសភា។
ប្រទេសពីរនេះសុទ្ធតែមានព្រំដែនជាប់នឹងប្រទេសរុស្ស៊ី ដែលកំពុងលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន។ ប្រទេសពីរនេះតែងតែរងការបំពានពីសំណាក់ប្រទេសរុស្ស៊ីផងដែរ ជាពិសេសពីខាងដែនអាកាស។ ការបំពានរបស់រុស្ស៊ីទៅលើប្រទេសពីរនេះ មានដូចជាការធ្វើសមយុទ្ធជាប់ព្រំដែន និងការបញ្ជូនយន្តហោះចម្បាំងឱ្យទៅរំលោភដែនអាកាសរបស់ប្រទេសពីរនេះ ហើយចុងក្រោយ រុស្ស៊ីគំរាមពង្រាយគ្រាប់នុយក្លេអ៊ែរនៅតាមព្រំដែនប្រទេសរុស្ស៊ីជាប់នឹងប្រទេសពីរនេះទៀតផង។
ដោយមើលឃើញអំពីការជៀសពុំរួចនៃការឈ្លានពានពីសំណាក់រុស្ស៊ី ដូចករណីប្រទេសអ៊ុយក្រែន និងប្រទេសហ្សកហ្ស៊ី ដែលរុស្ស៊ីលើកទ័ពឈ្លានពាននៅឆ្នាំ២០០៨ ស៊ុយអែត និងហ្វាំងឡង់ ដែលធ្លាប់ជាប្រទេសអព្យាក្រឹតអស់រយៈពេល ២សតវត្សមកនេះ ក៏សម្រេចដាក់ពាក្យសុំចូលជាសមាជិកសម្ព័ន្ធភាពយោធាណាតូជាផ្លូវការកាលពីថ្ងៃទី១៨ ឧសភា។
ពាក្យសុំរបស់ប្រទេសពីរនេះ ត្រូវបានទទួលដោយអគ្គលេខាធិការណាតូ លោក Jens Stoltenberg។ ក្រោយពីបញ្ជូនពាក្យសុំជាសមាជិកណាតូធ្លាក់ដល់ដៃលោកអគ្គលេខាធិការណាតូ ប្រធានាធិបតីហ្វាំងឡង់ និងនាយករដ្ឋមន្ត្រីស៊ុយអែត បានរួមគ្នាធ្វើដំណើរទៅជួបលោក បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកនៅសេតវិមាន។ ក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ នៅសេតវិមាន លោក បៃដិន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រទេសពីរនេះដែលសុំចូលជាសមាជិកណាតូ។ លោក បៃដិន បានបញ្ជាក់ថា ការបន្ថែមសមាជិកថ្មីក្នុងអង្គការណាតូ មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយទេ ព្រោះគោលដៅចម្បងរបស់ណាតូ គឺការពារសន្តិសុខ និងដែនអធិបតេយ្យនៃរដ្ឋជាសមាជិកណាតូ។
បើតាមលោក ចូ បៃដិន ប្រទេសស៊ុយអែត និងហ្វាំងឡង់ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ជុំវិញការសម្រេចចិត្តដាក់ពាក្យសុំចូលជាសមាជិកណាតូ ហើយថាប្រទេសទាំងពីរនេះបំពេញបានគ្រប់លក្ខខណ្ឌទៅតាមតម្រូវការអស់ហើយ។
ថ្លែងទៅកាន់សន្និសីទសារព័ត៌មានទាំងនៅចំពោះមុខប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto និងនាយករដ្ឋមន្ត្រីស៊ុយអែត អ្នកស្រី Magdalena Andersson លោក ចូ បៃដិន បានហៅការសម្រេចចិត្តរបស់ប្រទេសទាំងពីរ ថាជាចំណុចរបត់មួយនៃសន្តិសុខអឺរ៉ុប ដែលនឹងកាន់តែជួយពង្រឹងសន្តិសុខក្នុងតំបន់អឺរ៉ុបទាំងមូល។
ប៉ុន្តែសមាជិកភាពនៃប្រទេសទាំងពីរកំពុងជួបឧបសគ្គរាំងស្ទះ ដោយសារតែការជំទាស់ពីតួកគី ដែលជាសមាជិកណាតូ ព្រោះថាការចូលសម្ព័ន្ធភាពយោធាណាតូ ទាំងស៊ុយអែត និងហ្វាំងឡង់ ចាំបាច់ទទួលបានសំឡេងគាំទ្រពីប្រទេសជាសមាជិកណាតូទាំង ៣០ប្រទេស ប៉ុន្តែអ្វីដែលតួកគីជំទាស់ គឺព្រោះតែតួកគី ចោទប្រទេសពីរនេះថាធ្លាប់ជួយលាក់ខ្លួនពួកយុទ្ធជនភេរវកម្មនៃការអង្គការចាត់តាំងនៃបក្សពលករ Kurdistan។
អគ្គលេខាធិការណាតូ លោក Jens Stoltenberg និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace បានសម្ដែងជំនឿទុកចិត្តថា ការព្រួយបារម្ភរបស់ប្រទេសណាមួយជាសមាជិកណាតូ អាចនឹងរកច្រកចេញរួច ហើយប្រទេសនោះនឹងយល់អំពីតម្លៃនៃការពង្រឹងសមាជិកថ្មីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយនោះ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ខណៈលោក បៃដិន កំពុងទទួលជួបមេដឹកនាំហ្វាំងឡង់ និងស៊ុយអែត លោក បៃដិន ក៏ទទួលបានការសាទរមួយទៀតពីព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយបានអនុម័តយល់ព្រមបើកកញ្ចប់ថវិកាមានសាច់ប្រាក់ ៤០ពាន់លានដុល្លារទៅឱ្យរដ្ឋការលោក បៃដិន យកទៅប្រើប្រាស់ជាបន្ទាន់ក្នុងការជួយផ្នែកសព្វាវុធ ផ្នែកមនុស្សធម៌ និងការជួយទ្រទ្រង់ដំណើរការងាររដ្ឋបាលនៃរដ្ឋាភិបាលប្រទេសអ៊ុយក្រែន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Volodymyr Zelenskyy។
កាលពីថ្ងៃទី១០ ឧសភា សមាជិកសភាអាមេរិកបានអនុម័តលើកញ្ចប់ថវិការបស់រដ្ឋការលោក បៃដិន រួចទៅហើយ។ សេចក្ដីស្នើថវិកានេះ នឹងចូលជាធរមានភ្លាមៗបន្ទាប់ពីលោក បៃដិន ចុះហត្ថលេខាឱ្យប្រើប្រាស់ជាផ្លូវការ។ សហរដ្ឋអាមេរិកជាប្រទេសធំទីមួយដែលជួយផ្គត់ផ្គង់ទាំងអាវុធ ទាំងស្បៀងអាហារ សាច់ប្រាក់សុទ្ធទៅឱ្យរដ្ឋាភិបាលលោកប្រធានាធិបតី Zelenskyy ហើយប្រទេសបន្ទាប់ គឺចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង និងកាណាដា។ ចំណែកប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលនឹងអាចក្លាយជាសមាជិកណាតូទី៣១ និង៣២ ក៏បានសន្យាថានឹងផ្ដល់ជំនួយទាំងសព្វាវុធ ទាំងជំនួយមនុស្សធម៌ទៅឱ្យប្រទេសអ៊ុយក្រែនដែរ៕