29 C
Phnom Penh

វេទិកា​ពលរដ្ឋ​ចាត់ទុក​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នេះ​ជា​ឧក្រិដ្ឋកម្ម​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេទិកា​ពលរដ្ឋ ចាត់ទុក​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ថា​ជា​ឧក្រិដ្ឋកម្ម​ប្រជាធិបតេយ្យ ស្រប​ពេល​សហភាព​អឺរ៉ុប និង​អង្គការ​សង្គម​ស៊ីវិល​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ​ស្ដីពី «ការ​បោះឆ្នោត ៥ មិថុនា ២០២២ ជា​ឧក្រិដ្ឋកម្ម​ប្រជាធិបតេយ្យ» ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២២ សង្កេត​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ត្រូវការ​តែ​រូបភាព​ឃោសនា និង​វត្តមាន​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​ដើម្បី​បំភ្លៃ​ប្រាប់​សហគមន៍​អន្តរជាតិ​អំពី​របស់​ដែល​គេ​ហៅថា សេរីភាព ប្រជាធិបតេយ្យ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​រៀបចំ និង​ចាត់ចែង​ទាំងស្រុង​ដើម្បី​ប្លន់​យក​អំណាច​នៅ​មូលដ្ឋាន ដោយ​ទាញ​គណបក្ស​ផ្សេងៗ​ទៀត​ឱ្យ​ចូលរួម​កំដរ និង​បង្កើត​ជា​ទស្សនីយភាព​បោះឆ្នោត​គគ្រឹកគគ្រេង​មួយ។

ក្រុម​នេះ​ចាត់ទុក​ថា រូបភាព​គគ្រឹកគគ្រេង​ទាំងនោះ មិន​ខុស​អ្វី​ពី​ការ​ធ្វើ​សកម្មភាព​បោក​បញ្ឆោត​សកម្មជន អ្នក​គាំទ្រ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ឱ្យ​បក្ស​ប្រជាជន​យក​ទៅ​ប្រើប្រាស់ ដើម្បី​បិទ​បាំង​មុខមាត់​ខុសច្បាប់​នៃ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ​ទេ។

សេចក្តី​ថ្លែងការណ៍​នេះ ធ្វើឡើង​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន នៅ​ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ដែល​ថា​យុទ្ធនាការ​បោះឆ្នោត «ដែល​មាន​គណបក្ស​ចំនួន ១៧​ចូលរួម​នោះ​ថា​ជា​ទិដ្ឋភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស»។

យ៉ាងណា​ក៏ដោយ ក្រុម​វេទិកា​ពលរដ្ឋ​ចាត់ទុក​ការ​អះអាង​របស់​លោក ហ៊ុន សែន ថា​ជា​ការ​បំភ័ន្ត និង​យក​ចំណេញ​មុខមាត់​សម្រាប់​គណបក្ស​របស់​ខ្លួន ហើយ​ថា​ទោះបីជា​លោក ហ៊ុន សែន ប្រកាស​បែប​នេះ​ក្ដី ប៉ុន្តែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ខាងមុខ​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) កំណត់​ទុក​ជា​មុន​រួច​ទៅ​ហើយ។

ក្រុម​វេទិកា​ពលរដ្ឋ​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា និង គ.ជ.ប. អាច​បែងចែក​អាសនៈ​ខ្លះៗ​ឱ្យ​គណបក្ស​ចូលរួម​មួយ​ចំនួន​ដើម្បី​គ្រាន់តែ​ឱ្យ​មើល​ឃើញ​នូវ​រូបភាព​សំឡេង​ចម្រុះ លម្អ​អំណាច​រដ្ឋបាល​របស់​លោក ហ៊ុន សែន ក្នុង​គោលដៅ​លួងលោម​ភ្នែក​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ។ ប៉ុន្តែ​តំណែង​មេឃុំ និង​ចៅសង្កាត់​នៅ​ទូទាំង​ប្រទេស អាច​នឹង​ត្រូវ​បក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ទិន្នន័យ​បន្លំ​យក​ស្ទើរតែ​ទាំងអស់ ដូច្នេះ​ហើយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ពេល​ខាងមុខ​នេះ មិន​មែន​ត្រឹមតែ​ជា​ការ​លួច​សន្លឹកឆ្នោត​នោះ​ទេ ប៉ុន្តែ​វា​ជា​ឧក្រិដ្ឋកម្ម​ប្លន់​លទ្ធផល​នៃ​ការ​បោះឆ្នោត​តែ​ម្ដង។

វេទិកា​ពលរដ្ឋ​បង្ហាញ​ការ​សោកស្ដាយ ដោយ​ថា​គណបក្ស​នានា​សម​ណាស់​ត្រូវ​មាន​សេចក្ដី​ក្លាហាន​ក្នុង​សកម្មភាព​នយោបាយ​របស់​ខ្លួន​ឱ្យ​ស័ក្ដិសម​ជា​អង្គការ​នៃ​អ្នក​នយោបាយ​បម្រើ​ពលរដ្ឋ នៅ​ក្នុង​ចលនា​តស៊ូ​នយោបាយ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។

វេទិកា​ពលរដ្ឋ​បញ្ជាក់​ថា ខ្លួន​ពុំ​បាន​ប្រកាស​ជំហរ​ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ប៉ុន្តែ​ខ្លួន​ប្រឆាំង​ដាច់ខាត​នឹង​អំពើ​អយុត្តិធម៌​ធ្ងន់ធ្ងរ និង​ឧក្រិដ្ឋកម្ម​បោះឆ្នោត។

សេចក្ដី​ថ្លែងការណ៍​ដដែល​អះអាង​ថា ទោះបី​ពលរដ្ឋ​គ្រប់​រូប​ចេញ​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ក៏ដោយ ក៏​នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​អ្វី​ដែរ ពីព្រោះ​លទ្ធផល​បោះឆ្នោត​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា និង គ.ជ.ប. រៀបចំ​ទុក​រួចស្រេច​តាំង​ពី​មុន​ការ​បោះឆ្នោត​មក​ម្ល៉េះ។

ទោះជា​យ៉ាងណាក៏ដោយ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​ប្រតិកម្ម​ដោយ​ចាត់ទុក​សេចក្ដី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ ដែល​ចេញ​កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ធ្វើឡើង​ដោយ​គំនុំ​បុគ្គល។ លោក​បន្ត​ថា ការ​ប្រៀបធៀប​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ស្មើ​នឹង​វៀតណាម​វាយ​ស្រុក​នេះ ជា​ការ​ប្រៀបធៀប​មិន​ត្រឹមត្រូវ ហើយ​សេចក្ដី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ​នេះ​ធ្វើឡើង​ក្នុង​ចេតនា​គំនុំ​បុគ្គល​ច្រើន​ជាង។

ឆ្លើយតប​នឹង​ការ​ប្រតិកម្ម​នេះ ប្រធាន​វេទិកា​ពលរដ្ឋ និង​អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​ចាត់ទុក​ទស្សនៈ​របស់​លោក សុន ឆ័យ ថា​មាន​លក្ខណៈ​ជា​ប្រជាធិបតេយ្យ​ចង្អៀត​ចង្អល់​ដែល​មិនមែន​ជា​ប្រជាធិបតេយ្យ​ជាតិ​ទេ ខណៈ​លោក​ដែល​ជា​អ្នក​នយោបាយ​ជើងចាស់ គួរ​ណាស់​យល់​ពី​ប្រជាធិបតេយ្យ​ជាតិ។ លោក​ថា អ្វីៗ​ដែល​លោក សុន ឆ័យ កំពុង​ធ្វើ​នៅពេល​នេះ បាន​ជា​ប្រយោជន៍​ធំ​ណាស់​ដល់​រដ្ឋបាល​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែល​បាន​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក គឹម សុខ ស្នើ​ទៅ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ពិនិត្យ​មើល​សេចក្ដី​ថ្លែងការណ៍​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​ចោទប្រកាន់​ចំពោះ​ការ​វាយតម្លៃ​របស់​វេទិកា​ពលរដ្ឋ​អំពី​ការ​បោះឆ្នោត​ថ្ងៃ​ទី​៥ ខែ​មិថុនា ដែល​ជា​ការ​បោះឆ្នោត​ឧក្រិដ្ឋកម្ម​ប្រជាធិបតេយ្យ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ថា បច្ចុប្បន្ន លោក សុន ឆ័យ កំពុង​ជួយ​លម្អ​បុគ្គល​សម្លាប់​ប្រជាធិបតេយ្យ ដោយ​ថា​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ពលរដ្ឋ​កាន់តែ​ច្រើន​នឹង​ដឹង​ការពិត។

កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ សហភាព​អឺរ៉ុប​បាន​ព្រមាន​ជា​ថ្មី​ទៀត​ពី​វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ទាំងស្រុង​ពី​កម្ពុជា បើ​ស្ថានការណ៍​នយោបាយ​មិន​វិល​ទៅ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ តាមរយៈ​ការ​បើក​ផ្លូវ​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើងវិញ​ទេ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស