38.5 C
Phnom Penh

អ្នក​ឃ្លាំមើល​ចាត់ទុក​ច្បាប់​ប្រឆាំង​ការ​មិន​ទទួលស្គាល់​របប​ខ្មែរក្រហម​ស្មើ​នឹង​ច្បាប់​ប្រឆាំង​ពលរដ្ឋ​មិន​គាំទ្រ​ថ្ងៃ​៧​មករា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ស្មើ​នឹង​ច្បាប់​ប្រឆាំង​ពលរដ្ឋ​ខ្មែរ​ដែល​មិន​គាំទ្រ​ថ្ងៃ​ជ័យជម្នះ ៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ មីនា នេះ​ថា ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ មាន​ខ្លឹមសារ​បង្កប់​នូវ​គោលដៅ​អវិជ្ជមាន​មួយ​ចំនួន​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​ដ៏​សែន​មហា​អាក្រក់។

លោក ម៉ែន ណាត លើកឡើង​ថា ច្បាប់​នេះ​មាន​ខ្លឹមសារ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ទាំងស្រុង។ លោក​ថា ច្បាប់​នេះ​ក៏​មាន​ចរិត​បំបែក​បំបាក់​ស្មារតី​ជាតិ​ខ្មែរ​និង​ខ្មែរ ជាពិសេស​បំបាក់​ស្មារតី​អ្នក​ស្នេហា​ជាតិ និង​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​ដោយ​ត្រង់​តែម្តង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ​ក៏​មាន​បំណង​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ប្រឆាំង​នឹង​ទិវា​ជ័យជម្នះ ៧​មករា ដែល​ជា​ថ្ងៃ​គណបក្ស​ប្រជាជន​កម្ពុជា​រំឭក​ដឹងគុណ​ដល់​ការ​ឈ្លានពាន​របស់​វៀតណាម កាលពី​ឆ្នាំ​១៩៧៩ ផង​ដែរ។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ឡាយ​ព្រះហស្តលេខា​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៥ នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ។

ច្បាប់​ដាក់​ទោស​អ្នក​មិន​ទទួលស្គាល់​របប​វាល​ពិឃាត​នេះ មាន ៧​មាត្រា ក្នុង​នោះ​ក៏​បាន​កំណត់​អំពី​ការ​ផ្ដន្ទាទោស​ទៅ​លើ​អ្នក​ដែល​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ផ្ដន្ទាទោស​ដាក់​គុក​ពី ១​ឆ្នាំ​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ៥០​លាន​រៀល​ជា​កំហិត។

ក្រៅពី​ចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ព្រះមហាក្សត្រ​ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​បង្កើត​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​ពី​ឧក្រិដ្ឋកម្ម មក​ជា​សន្តិភាព​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មីនា នេះ​ថា ទោះ​អ្នក​ណា​ធ្វើ​ច្បាប់​បែប​ណា ក៏​ទុក​ឱ្យ​ពួកគេ​ធ្វើ​តាម​ចិត្ត​ទៅ​ចុះ ពីព្រោះ​ពួកគេ​គ្មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​ឱ្យ​មាន​កិត្តិយស​លើ​ឆាក​អន្តរជាតិ​ទេ។

លោក គឹម សុខ អះអាង​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ អ្នក​សង្គ្រោះ​ប្រទេស​ជាតិ​ត្រូវតែ​រក្សា​ជំហរ​ឲ្យ​រឹងមាំ​លើ​មាគ៌ា​ផ្លាស់ប្ដូរ​ដ៏​ត្រឹមត្រូវ ដូចជា បន្ត​ការ​ទាមទារ​ឲ្យ​យក​ករណី​កោះ​គុត​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ និង​បន្ត​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ​ដោយ​ឥត​លក្ខខណ្ឌ ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស