គណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង ប្រកាសប្រារព្ធសមាជមហាជនគណបក្សសង្គ្រោះជាតិនៅចុងខែនេះ សម្រាប់អ្នកដែលគាំទ្រចលនាជាតិតស៊ូ និងអ្នកតាមដានកម្លាំងផ្ការីកនៅកម្ពុជា។
គណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង បានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣ ខែមីនា នេះដោយអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនៅជុំវិញពិភពលោក ចូលរួមសមាជមហាជនគណបក្សសង្គ្រោះជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីចុងខែកុម្ភៈ បានចេញលិខិតមួយដោយអំពាវនាវឱ្យពលរដ្ឋខ្មែរដែលរស់នៅជុំវិញពិភពលោក និងជាអ្នកគិតគូរពីជោគវាសនាប្រទេសជាតិ នាំគ្នាចូលរួម ឬក៏បញ្ជូនតំណាងមកចូលរួមក្នុងពិធីសមាជមហាជនគណបក្សសង្គ្រោះជាតិ នៅចុងខែមីនា នេះ ដើម្បីបង្ហាញពីការគាំទ្រចលនាជាតិតស៊ូ និងយុទ្ធសាស្ត្រផ្ការីកនៅកម្ពុជា។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ប៉ូលិស និងមន្ត្រីរាជការទាំងអស់ ប្រាប់តៗគ្នានូវយុទ្ធសាស្ត្រផ្ការីក ដែលចលនាជាតិតស៊ូបានប្រកាសអនុវត្តក្នុងពេលនេះ ព្រោះថារយៈពេលជាង ៤០ឆ្នាំក្រោមការគាបសង្កត់របស់ត្រកូលហ៊ុន ខ្មែរបានឈឺចាប់ និងបាត់បង់ទឹកដីគ្រប់គ្រាន់ហើយ។
លោក សម រង្ស៊ី បញ្ជាក់ថា យុទ្ធសាស្ត្រផ្ការីក ត្រូវប្រើវិធីឲ្យកម្លាំងបង្កប់ផ្ទុះពីខាងក្នុងមកវិញ ប៉ុន្តែដើម្បីជំរុញឱ្យមានការផ្ទុះបែបនេះ ទាល់តែមានការរៀបចំ និងបង្កើនកម្លាំងបង្កប់ ដោយលើកទឹកចិត្តអ្នកតស៊ូដែលស្រឡាញ់ជាតិ និងស្រឡាញ់យុត្តិធម៌ ហើយស្អប់ខ្ពើមអំណាចផ្ដាច់ការ អំពើពុករលួយ ភាពអយុត្តិធម៌ វប្បធម៌គ្រួសារនិយម និងទង្វើក្បត់ជាតិ ចូលរួមធ្វើសកម្មភាពទាំងនេះ។
លោកបញ្ជាក់ទៀតថា វាដល់ពេលមួយដែលខ្មែរទ្រាំលែងបានហើយដែលត្រូវតែនាំគ្នាក្រោកឈរប្រឆាំងនឹងរបបផ្ដាច់ការឱ្យដួលរលំ ព្រោះប្រទេសបង់ក្លាដេស និងប្រទេសស៊ីរី គេអាចធ្វើបាន ដូច្នេះកម្ពុជាក៏អាចធ្វើបានដូចគ្នាដែរ ដើម្បីរៀបចំប្រទេសកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ឡើងវិញ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃចន្ទថា ប្រព័ន្ធដឹកនាំកុម្មុយនីស្តត្រកូលហ៊ុននៅកម្ពុជា គឺស្ថិតនៅក្រោមអំណាចផ្ដាច់ការអាជ្ញាទំនើងចិត្តរបស់លោក ហ៊ុន សែន តែម្នាក់គត់ ហើយគាត់កំពុងតែបន្តគ្រប់គ្រងអំណាចផ្ដាច់មុខមួយនេះទៅឱ្យក្រុមគ្រួសាររបស់គាត់ជាអ្នកកាន់កាប់ទៅថ្ងៃមុខទៀត។
លោកបន្តថា លោក ហ៊ុន សែន គឺជាមនុស្សអាត្មានិយមដឹកនាំដើម្បីតែផលប្រយោជន៍អំណាចគ្រួសារហ៊ុនប៉ុណ្ណោះ ដោយមិនខ្វល់ពីគ្រោះមហន្តរាយចំពោះប្រទេសជាតិឡើយ ដូច្នេះបើពលរដ្ឋខ្មែរមិនងើបរើបម្រះឱ្យចេញផុតពីរបបគ្រប់គ្រងបែបនេះទេ នោះសេរីភាពរបស់ពួកគេក៏មិនខុសពីការរស់នៅក្នុងប្រទេសកុម្មុយនីស្តដូចកូរ៉េខាងជើង ឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

