33 C
Phnom Penh

ក្រុម​មេដឹកនាំ​ប្រទេស​ចតុភាគី​សម្រេច​ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​ជា​វិបត្តិ​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ប្រទេស​អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​សហរដ្ឋ​អាមេរិក បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដោយ​បាន​សន្យា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក បើក​ចំហ និង​សេរីភាព តែ​សង្គ្រាម​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ត្រូវ​ចាត់ទុក​ថា​ជា​វិបត្តិ​ពិភពលោក។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ឧសភា។

ថ្លែង​នៅ​ឯ​ជំនួប​កំពូល​របស់​សម្ពន្ធមិត្ត​ដែល​ហៅថា​ក្រុម​ប្រទេស​ចតុ​ភាគី ឬ Quad នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) មាន​ប្រសាសន៍​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយក្រែន គឺជា​បញ្ហា​លើស​ពី​បញ្ហា​អឺរ៉ុប​ទៅ​ទៀត ហើយ​ធ្លាក់​ជា​បញ្ហា​របស់​ពិភពលោក​ទាំងមូល។

លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ទៀត​ថា គោលការណ៍​នៃ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព ច្បាប់​អន្តរជាតិ សិទ្ធិមនុស្ស ត្រូវតែ​ការពារ​ដោយ​មិន​គិត​ថា​នៅ​ទីកន្លែង​ណា​ដែល​ត្រូវ​គេ​រំលោភ​នៅ​ក្នុង​ពិភពលោក។

ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ក៏​បាន​លើកឡើង​អំពី​ជម្លោះ​នៅ​អ៊ុយក្រែន ផង​ដែរ។ លោក​បាន​ថ្លែង​ថា គេ​មិន​អាច​អនុញ្ញាត​ឱ្យ​បញ្ហា​ដដែល​នេះ​កើតឡើង​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ឡើយ។ លោក Fumio Kishida មិន​បាន​និយាយ​ចំពោះ​ប្រទេស​ណា​នោះ​ទេ តែ​នៅ​ចុងក្រោយ​នេះ ទាំង​រុស្ស៊ី និង​ចិន តែងតែ​បញ្ជូន​នាវា​ចម្បាំង​របស់​ពួកគេ​មក​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​នៅ​ក្បែរ​ដែន​កោះ​ប្រទេស​ជប៉ុន។

ជាក់ស្ដែង កាលពី​ថ្ងៃទី​២៤ ឧសភា យ៉ាងតិច​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ចិន និង​រុស្ស៊ី ចំនួន ៤​គ្រឿង បាន​ធ្វើ​សមយុទ្ធ​នៅ​លំហ​អាកាស​អន្តរជាតិ​ជាប់​នឹង​ដែនអាកាស​ប្រទេស​ជប៉ុន ដែល​បង្ខំ​ឲ្យ​ជប៉ុន​បញ្ចេញ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ហោះ​ឃ្លាំមើល​យន្តហោះ​ទាំងនោះ។

សមយុទ្ធ​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ចិន និង​រុស្ស៊ី ធ្វើឡើង​ចំ​ពេល​ក្រុម​មេដឹកនាំ​ចតុ​ភាគី អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី កំពុង​ជួប​ប្រជុំ​គ្នា​នៅ​លើ​ទឹកដី​ប្រទេស​ជប៉ុន ដែល​មាន​របៀបវារៈ​អំពី​ស្ថានការណ៍​សឹក​នៅ​អ៊ុយក្រែន បញ្ហា​កូរ៉េខាងជើង​បាញ់​មីស៊ីល​បង្ក​សង្គ្រាម​នៅ​លើ​ឧបទ្វីប និង​ឥទ្ធិពល​របស់​ចិន នៅ​ក្នុង​តំបន់។

មេដឹកនាំ​នៃ​ក្រុម​ចតុ​ភាគី Quad បាន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​របប​ក្រុង​មូស្គូ។

តែ​បែប​នេះ​ក្ដី ចំពោះ​ប្រទេស​ឥណ្ឌា​ដែល​មិន​បាន​សម្រេច​ចូលរួម​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi មិន​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ត្រូវ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​យ៉ាង​ណា​នោះ​ទេ តែ​លោក​ចង់​ឃើញ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ត្រូវ​រក​ពេលវេលា​ដើម្បី​បិទ​បញ្ចប់។ លោក Narendra Modi កាលពី​ពេល​ថ្មីៗ​នេះ​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ភាព​ខ្លោចផ្សា​ដោយសារតែ​សង្គ្រាម ដែល​នាំ​ឱ្យ​ឥណ្ឌា​សម្រេច​បញ្ជូន​ស្បៀង​ទៅ​ជួយ​ជនភៀសខ្លួន​អ៊ុយក្រែន។

ដោយឡែក​នាយករដ្ឋមន្ត្រី​ជាប់​ឆ្នោត​ថ្មី​របស់​អូស្ត្រាលី លោក Anthony Albanese ក៏​បាន​ចូលរួម​ថ្កោលទោស​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ផង​ដែរ។

លោក​ប្រធានាធិបតី បៃដិន បាន​ទៅ​ដល់​ប្រទេស​ជប៉ុន ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ទៅកាន់​តំបន់​អាស៊ី​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​អាមេរិក បន្ទាប់ពី​លោក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​បាន​ជួប​នឹង​លោក Yoon Suk-yeol ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ហើយ​ជំនួប​នេះ​ធ្វើឡើង​នៅ​ទីក្រុង​សេអ៊ូល កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​កន្លងមក​នេះ។

ចំពោះ​បញ្ហា​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ប្រទេស​ចំនួន​២០ បាន​ស្នើ​ផ្តល់​កញ្ចប់​ជំនួយ​សន្តិសុខ​ថ្មី​ដល់​ប្រទេស​មួយ​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។

នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​សម្ពន្ធមិត្ត​កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែ​ឧសភា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក Lloyd Austin និយាយ​ថា ថ្ងៃ​នេះ​លោក​បាន​ជួប​ជាមួយ​សម​ភាគី​អ៊ុយក្រែន លោក Oleksiy Reznikov ដោយ​លោក​បាន​ដឹង​អំពី​តម្រូវការ​អាទិភាព​របស់​អ៊ុយក្រែន និង​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​សមរភូមិ​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ លោក​បាន​បន្ត​ថា ប្រទេស​ជាច្រើន​បាន​សន្យា​ផ្តល់​គ្រាប់កាំភ្លើង​ធំ មីស៊ីល​ប្រឆាំង​នាវា រថក្រោះ និង​រថពាសដែក និង​អាវុធ​ផ្សេងៗ​ទៀត។ លោក​អះអាង​ប្រាប់​ទៅ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​ថា មាន​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ក៏​បាន​ស្នើ​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​កងទ័ព​អ៊ុយក្រែន​ផង​ដែរ។ បើ​តាម​លោក Austin ប្រទេស​ដាណឺម៉ាក បាន​សន្យា​ផ្តល់​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​នាវា ហើយ​សាធារណរដ្ឋ​ឆែក បាន​ស្នើ​ផ្តល់​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​រថក្រោះ និង​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល។

លោក Austin ឱ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​កិច្ចប្រជុំ​លើក​ទី​មួយ​របស់​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ ៤០​ប្រទេស កាលពី​ខែ​មេសា នៅ​ឯ​មូលដ្ឋាន​កងទ័ព​អាមេរិក​ក្នុង​ប្រទេស​អាល្លឺម៉ង់ មាន​ការ​ជួយ​ឧបត្ថម្ភ និង​ការ​ដឹកជញ្ជូន​បរិក្ខារ​យោធា​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។ លោក​ថា ប្រទេស​អ៊ីស្រាអែល ក៏​ជួយ​បរិក្ខារ​យោធា​ផង​ដែរ។

ដោយឡែក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន លោក Oleksiy Reznikov បាន​ថ្លែង​ប្រាប់​ក្រុម​ប្រទេស​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ដោយ​លើកឡើង​ថា ស្ថានភាព​សង្គ្រាម​នៅ​ពេលនេះ​នៅ​ក្នុង​ប្រទេស​របស់​លោក​មាន​រយៈពេល ៣​ខែ​មក​ហើយ។ លោក Reznikov បាន​ឱ្យ​ដឹង​ថា ភាគី​ជម្លោះ​ទាំង​ពីរ​កំពុង​បន្ត​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​សមរភូមិ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​អ៊ុយក្រែន។

នៅ​ខណៈ​នេះ​ដែរ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​និយាយ​ជាមួយ​នឹង​សម​ភាគី​អ៊ុយក្រែន លោក Dmytro Kuleba។ ប្រមុខ​ការទូត​ពីរ​ប្រទេស​នេះ​បាន​ពិភាក្សា​អំពី​កិច្ចប្រឹងប្រែង​ការទូត​ជា​បន្ត​ទៀត ដើម្បី​ដោះស្រាយ​ផលវិបាក​នៃ​សង្គ្រាម​របស់​រុស្ស៊ី​វាយ​លើ​អ៊ុយក្រែន។

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Ned Price បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា លោក Blinken បាន​កត់សម្គាល់​ថា វិបត្តិ​សន្តិសុខ​ស្បៀងអាហារ​នៅ​លើ​ពិភពលោក​ដែល​បណ្ដាល​មកពី​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) តម្រូវ​ឱ្យ​មាន​ការ​ឆ្លើយតប​រួម​គ្នា ហើយ​ថា​របប​លោក ពូទីន ត្រូវតែ​ទទួល​ខុសត្រូវ​រឿង​នេះ​ចំពោះ​មុខ​ច្បាប់​អន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស