គណបក្សភ្លើងទៀន អះអាងថា ខ្លួនមិនបានជាប់ពាក់ព័ន្ធ ឬមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសនោះទេ ខណៈបក្សនេះនៅតែរងការសង្ស័យថា អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតនៅពីក្រោយខ្នង។
គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថា កាលពីពេលថ្មីៗនេះមានការផ្សព្វផ្សាយនូវសកម្មភាពឃោសនារបស់ខ្លួនពីសំណាក់ថ្នាក់ដឹកនាំមួយចំនួននៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលនាំឱ្យមានការភ័ន្តច្រឡំពីសំណាក់មតិសាធារណជនថា ពួកគេកំពុងនៅពីក្រោយនៃសកម្មភាពរបស់គណបក្សភ្លើងទៀន។
ប្រភពដដែលអះអាងថា កន្លងមកខ្លួនបានណែនាំដល់ថ្នាក់ដឹកនាំរបស់ខ្លួនក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះ ឱ្យអនុវត្តឱ្យបានខ្ជាប់នូវសកម្មភាពឃោសនាបោះឆ្នោតស្របតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការឃោសនាបោះឆ្នោត រួមទាំងសេចក្តីណែនាំផ្សេងៗចែងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យបានត្រឹមត្រូវជាទីបំផុត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិភាគីលោក សម រង្ស៊ី បានបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សភ្លើងទៀនជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន គឺគ្រាន់តែជាលេសដោះសា និងដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ លោកថា ដើម្បីវាយតម្លៃថាគណបក្សភ្លើងទៀនមានទំនាក់ទំនង និងជាប់ពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឬមិនជាប់ពាក់ព័ន្ធ ទុកឱ្យសមត្ថកិច្ច និងស្ថាប័នអនុវត្តច្បាប់សិក្សាស្រាវជ្រាវលើអង្គហេតុជាក់ស្តែងវិញ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបង្ហោះវីដេអូសកម្មភាពរបស់គណបក្សភ្លើងទៀនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ និងសកម្មភាពនានាជាបន្តបន្ទាប់មកទៀត ក្នុងនោះក៏មានសកម្មភាពឃោសនារបស់គណបក្សនេះកាលពីពេលថ្មីៗនេះផងដែរ ខណៈអ្នកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិដែរនោះ ក៏បានបង្ហោះសកម្មភាពឃោសនារបស់គណបក្សភ្លើងទៀនថែមទៀតអំឡុងពេលនៃការឃោសនាបោះឆ្នោតនេះ។
ដោយឡែកអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ក៏ធ្លាប់បានធ្វើសកម្មភាពនយោបាយដែលគេមើលឃើញថាជាចេតនាបង្ហាញពីការជួយផ្សព្វផ្សាយសកម្មភាពគណបក្សភ្លើងទៀនជាហូរហែផងដែរ។ រាល់ពេលមានពិធីជួបជុំសកម្មជនរបស់ខ្លួន ដោយមានការអុជទៀនជាសញ្ញា ដោយពោលនូវពាក្យថា «គំនិតខ្ញុំកើតកំណើតខ្ញុំមាន អុជភ្លើងទៀនដើម្បីសង្គ្រោះជាតិ»។
ក្រៅពីនេះទៀត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ អតីតមេដឹកនាំបក្សប្រឆាំងរូបនេះធ្លាប់បានបញ្ជាក់ថា ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានគេរំលាយដោយអត្តនោម័តិក្នុងឆ្នាំ២០១៧ មានគណបក្សមួយទៀតមានអាយុកាលយូរមកហើយ គឺគណបក្សភ្លើងទៀនដែលបានរក្សាព្រលឹងគណបក្សសង្គ្រោះជាតិទៅថ្ងៃអនាគត។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ឧសភា ថា ការប្រកាសពីជំហររបស់គណបក្សភ្លើងទៀន ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ប៉ុន្តែខ្លឹមសារពិតនៃសកម្មភាពរបស់គណបក្សភ្លើងទៀន នៅតែមិនអាចកុហកប្រជាពលរដ្ឋខ្មែរបាន ព្រោះថាសកម្មភាពរបស់គណបក្សនេះតាំងពីចាប់ផ្តើមសម្រេចចូលរួមការបោះឆ្នោតរហូតមកដល់ពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការជ្រោមជ្រែងរបស់មន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី នៅពីក្រោយ។
លោកអះអាងថា តាមរយៈសកម្មភាពមន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី នាពេលកន្លងមក នៅពេលដែលគណបក្សភ្លើងទៀនសម្រេចចូលរួមការបោះឆ្នោត បានបង្ហាញនូវសកម្មភាពនៃការជួយរុញច្រានគណបក្សនេះដោយប្រយោល តាមរយៈនៃការអុជទៀនតាមកម្មវិធីជួបជុំអ្នកគាំទ្ររបស់ពួកគេ និងការអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ជាដើម។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា អ្វីដែលអន្តរជាតិ និងពលរដ្ឋខ្មែរត្រូវការនៅពេលនេះ គឺគណបក្សប្រឆាំងមួយដែលមានសក្ដានុពលតាមផ្លូវច្បាប់ និងជាគណបក្សដែលជាតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរជិតកន្លះប្រទេសដែលត្រូវគេរំលាយ និងបើកឱកាសឱ្យប្រធានបក្សប្រឆាំងដ៏ធំមួយនេះ គឺលោក កឹម សុខា អាចចូលប្រឡូកក្នុងទីលាននយោបាយនៅកម្ពុជាឡើងវិញ។
កាលពីឆ្នាំ២០១២ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានរួមបញ្ចូលគ្នាបង្កើតទៅជាគណបក្សសង្គ្រោះជាតិ ប៉ុន្តែក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីឆ្នាំ២០១៧ គណបក្ស សម រង្ស៊ី បានប្តូរឈ្មោះរបស់ខ្លួនទៅជាគណបក្សភ្លើងទៀនវិញ៕