29.6 C
Phnom Penh

លោក វន់ ពៅ និង​លោក ជា មុនី បដិសេធ​ការ​ចោទ​ថា​ពាក់ព័ន្ធ​ប្រមូល​មនុស្ស​អុកឡុក​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា ពួក​លោក​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ក្នុង​ការ​រៀបចំ​ផែនការ​ប្រមូល​មនុស្ស ៣​ម៉ឺន​នាក់ និង PassApp ឱ្យ​បាន​ជាង​មួយ​ពាន់​គ្រឿង ដើម្បី​អុកឡុក​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ។ PassApp ជា​ឈ្មោះ​ក្រុម​រថយន្ត​ឈ្នួល​តាក់ស៊ី​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ។

ការ​បដិសេធ​ពី​លោក វន់ ពៅ ធ្វើឡើង​បន្ទាប់ពី​ហ្វេសប៊ុក​ឈ្មោះ Jasmine Angkor បាន​បង្ហោះ​សារ​ថា លោក សម រង្ស៊ី កំពុង​ប្រមូល​កម្លាំង​ពី​ខេត្ត​ឱ្យ​ឡើង​មក​រាជធានី​ភ្នំពេញ​ឲ្យ​បាន​យ៉ាងតិច ៣​ម៉ឺន​នាក់ អុកឡុក​បំផ្លាញ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ហ្វេសប៊ុក​ឈ្មោះ Jasmine Angkor ថា​អ្នក​ដែល​ប្រមូល​កម្លាំង គឺ​លោក ជា មុនី ប្រមូល​កម្មករ និង​លោក វន់ ពៅ ប្រមូល PassApp។

បើ​តាម​ហ្វេសប៊ុក​ឈ្មោះ Jasmine Angkor ដដែល​ថា បច្ចុប្បន្ន​សមត្ថកិច្ច​មិន​ទាន់​ដឹង​រឿង​នេះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​ត្រូវ​ទប់ស្កាត់​ឲ្យខាងតែ​បាន។ ការ​បង្ហោះ​សារ​របស់​ឈ្មោះ Jasmine Angkor ដោយ​ភ្ជាប់​នឹង​រូបលោក ប៊ុត ធារី ហៅ សុគន្ធ ធារី ដែល​ជា​មនុស្ស​ជំនិត​លោក សម រង្ស៊ី បាន​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​បារាំង វិញ។

ការ​បង្ហោះ​សារ​ឈ្មោះ Jasmine Angkor បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី ត្រូវ​ជា​ប្អូនប្រុស​របស់​លោក ជា វិជ្ជា មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ បាន​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២។

អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ពុំ​មាន​មនុស្ស​ទាក់ទង​ឱ្យ​រក​ប្រមូល​មនុស្ស​ប្រមូលផ្ដុំ​ជាមួយ​លោក វន់ ពៅ នោះ​ទេ។ លោក​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​មួយ​នេះ។

ទោះជា​យ៉ាងណា​ក៏ដោយ សម្រាប់​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​បដិសេធ​ចំពោះ​ការ​បង្ហោះ​សារ​របស់​ឈ្មោះ Jasmine Angkor និង​ចាត់ទុក​ការ​បង្ហោះ​ព័ត៌មាន​នេះ​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ ប្រឌិត និង​បំផ្លើស ដើម្បី​ចោទប្រកាន់​លើ​រូបលោក។ លោក​សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ស្នើ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​គណនី​បណ្ដាញ​សង្គម (Account Facebook) នេះ​មក​បំភ្លឺ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​រូបលោក​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស