26 C
Phnom Penh

គ.ជ.ប ព្រមាន​ស៊ើបអង្កេត​បក្ស​ភ្លើង​ទៀន​ជុំវិញ​ទំនាក់​ទំនង​នឹង​លោក អៀ ចាន់ណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ព្រមាន​ស៊ើបអង្កេត​គណបក្ស​ភ្លើង​ទៀន អំពី​ទំនាក់ទំនង​ជាមួយ​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ន័រវែស (Norway) លោក អៀ ចាន់ណា បន្ទាប់ពី​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​បទ​រួម​គំនិត​ក្បត់។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News ស្រង់​សម្ដី​កាលពី​ថ្ងៃទី​៣១ ឧសភា ថា គ.ជ.ប នឹង​ពិនិត្យ​បន្ថែម​រវាង​ទំនាក់ទំនង​គណបក្ស​ភ្លើង​ទៀន និង​លោក អៀ ចាន់ណា បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​បទ​រួម​គំនិត​ក្បត់​កាលពី​ឆ្នាំ​២០២០ កន្លងទៅ។

លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប កំពុង​រង់ចាំ​មើល​ដំណើរការ​បន្ត​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​ន័រវែស​នេះ ថា​តើ​ស្ថាប័ន​ណា​ខ្លះ​ដែល​ត្រូវ​ដោះស្រាយ ព្រោះ​ថា​ប្រសិនបើ​លោក អៀង ចាន់ណា ស្ថិត​នៅ​ក្នុង​ឈ្មោះ​ដែល​ជាប់​បម្រាម​នោះ គឺ​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​ខាង​អនុវត្ត​បម្រាម​នេះ លោក​នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​លក្ខខណ្ឌ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជាមួយ​ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បន្ថែម​ទៀត។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ បាន​អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​នូវ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​នីតិវិធី​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត។ ប្រសិនបើ​មាន​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​ខុស​ការ​អនុវត្ត​ច្បាប់ នោះ​សាមី​គណបក្ស​នឹង​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​មុខ​ច្បាប់​ជា​កំហិត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចាស់ ក្រោយពី​សកម្មជន​នយោបាយ​រូប​នេះ​ចូល​ទៅ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

លោក អៀ ចាន់ណា ធ្លាប់​ជា​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​ន័រវែស និង​ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ ក្នុង​ពេល​បច្ចុប្បន្ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ក្បែរ​ផ្សារ​អ៊ីអន២ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ តាម​សាលដីកា​បង្គាប់​ពី​សាលាដំបូង​ក្រុង​ភ្នំពេញ ដោយ​នាំ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដើម្បី​រង់ចាំ​សវនាការ។

ជុំវិញ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​នា​ពេលនេះ គណបក្ស​ភ្លើង​ទៀន​បាន​ជួប​រឿង​ចម្រូងចម្រាស​ជា​បន្តបន្ទាប់។ ជាក់ស្តែង បេក្ខជន​មេឃុំ​ស្ដៅ ខេត្ត​កំពង់ចាម លោក គង់ រ៉ៃយ៉ា ក៏​រង​នូវ​បណ្តឹង​ពី​បក្ស​កាន់​អំណាច ថា​បាន​ចែក​លុយ​ដល់​សមាជិក​ក្នុង​ឃុំ​របស់​ខ្លួន​ផង​ដែរ។ ក្រៅ​ពី​នេះ​ទៀត គណបក្ស​នេះ​ក៏​ត្រូវ​ក្រសួង​មហាផ្ទៃ ណែនាំ​អំពី​ការ​អនុវត្ត​របស់​ខ្លួន​ដែល​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស​ក្នុង​ករណី​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​កាលពី​ពេល​ថ្មីៗ​នេះ។

អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច លោក សយ សុភាព បាន​អះអាង​នៅ​ថ្ងៃទី​១ មិថុនា នេះ​ថា ចរន្ត​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នឹង​វិវឌ្ឍ​ទៅ​រក​គ្មាន​បក្ស​ភ្លើង​ទៀន ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នេះ ព្រោះ​តែ​គណបក្ស​នេះ​បាន​យក​ឈ្មោះ​លោក សម រង្ស៊ី មក​ឃោសនា​បំភ័ន្ត​អ្នក​បោះឆ្នោត​ស្រប​ពេល​ដែល​ច្បាប់​បាន​ហាមឃាត់​មិន​ឱ្យ​ជាប់​ពាក់ព័ន្ធ​នឹង​ទណ្ឌិត ដែល​តុលាការ​ខ្មែរ​បាន​កាត់ទោស​អវត្តមាន​ជន​ជាប់ចោទ​អំពី​បទ​ក្បត់​ជាតិ​ទៅ​ហើយ​នោះ។

ជុំវិញ​ការ​ព្រមាន​អំពី​ការ​ស៊ើបអង្កេត​នេះ គណបក្ស​ភ្លើង​ទៀន ត្រូវ​គេ​សង្ស័យ​ថា​មាន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជួយ​ទាំង​ថវិកា និង​ផែនការ​នយោបាយ ជាពិសេស​គឺ​លោក សម រង្ស៊ី តែម្តង បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​បាន​បង្ហាញ​ពី​ការ​ផ្សព្វផ្សាយ​សកម្មភាព​ឃោសនា​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ធ្លាប់​បាន​បង្ហោះ​វីដេអូ​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ និង​សកម្មភាព​នានា​ជា​បន្តបន្ទាប់​មក​ទៀត ក្នុង​នោះ​ក៏​មាន​សកម្មភាព​ឃោសនា​របស់​គណបក្ស​នេះ​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។ អ្នកស្រី មូរ សុខហួរ ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ ក៏​បាន​បង្ហោះ​សកម្មភាព​ឃោសនា​របស់​គណបក្ស​ភ្លើង​ទៀន​ថែម​ទៀត អំឡុង​ពេល​នៃ​ការ​ឃោសនា​បោះឆ្នោត​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស