38 C
Phnom Penh

គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សមាជិក​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា បញ្ឈប់​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព​លើ​សមាជិក​របស់​ខ្លួន ដើម្បី​ធានា​នូវ​លំហ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា និង​ធានា​នូវ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​លោក អៀ ចាន់ណា គឺជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​ថា​ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ។

គណបក្ស​ភ្លើង​ទៀន អះអាង​ថា លោក អៀ ចាន់ណា បាន​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​យូរ​មក​ហើយ ដោយ​ពុំ​មាន​ទំនាក់ទំនង​នឹង​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ទៀត​នោះ​ទេ។ បច្ចុប្បន្ន​នេះ លោក​គឺជា​អនុប្រធាន​ក្រុម​ការងារ​បណ្ដោះអាសន្ន​គណបក្ស​ភ្លើង​ទៀន ប្រចាំ​ខេត្ត​តាកែវ ដូច្នេះ​ការ​ចាប់ និង​ឃុំ​ខ្លួន​លោក អៀ ចាន់ណា ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​អាជ្ញាធរ​ក្រុង​ភ្នំពេញ គឺ​ធ្វើឡើង​ទាំង​អយុត្តិធម៌​ជាទីបំផុត​ចំពោះ​សមាជិក​របស់​ខ្លួន។

គណបក្ស​ភ្លើង​ទៀន អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល និង​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ដោះលែង​លោក អៀ ចាន់ណា ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ។

ការ​អះអាង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក អៀ ចាន់ណា តាម​សាលដីកា​បង្គាប់​ពី​សាលាដំបូង​ក្រុង​ភ្នំពេញ ដោយ​នាំ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ ដើម្បី​រង់ចាំ​សវនាការ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ មិថុនា នេះ​ថា ភ្ជាប់​នឹង​ករណី​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​នេះ គណបក្ស​នេះ​គួរ​ប្រកាស​ប្ដូរ​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទៅជា​យុទ្ធនាការ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ​នេះ​វិញ។

លោក គឹម សុខ លើកឡើង​ថា ការ​ប្រែ​យុទ្ធនាការ​ពី​ឃោសនា​បោះឆ្នោត​ទៅជា​ការ​ធ្វើ​បាតុកម្ម​បែប​នេះ មិន​មែន​មាន​ហេតុផល​ត្រឹមតែ​ដោយសារ​គេ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន និង​គណបក្ស​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ប្រឆាំង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​បោះឆ្នោត​ដែល​គណបក្ស​កាន់​អំណាច​បាន​បង្កើត​ឡើង ដើម្បី​សម្លាប់​ពន្លក​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ផង​ដែរ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ស្ថានភាព​ដ៏​អាក្រក់​នៃ​បរិបទ​នយោបាយ​កម្ពុជា​នៅ​ពេលនេះ ប្រសិនបើ​គណបក្ស​ភ្លើង​ទៀន​នៅតែ​បន្ត​ចូលរួម​ឧក្រិដ្ឋកម្ម​បោះឆ្នោត​ដូច​សព្វថ្ងៃ គឺ​មិន​ខុសពី​ចូលរួម​លំអ​អំណាច​ឧក្រិដ្ឋ​របស់​លោក ហ៊ុន សែន ដើម្បី​រំលោភ​សិទ្ធិមនុស្ស កម្ទេច​ប្រជាធិបតេយ្យ​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត​នោះ​ទេ។

កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ និង​ជា​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​ន័រវែស (Norway) លោក អៀ ចាន់ណា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​លោក​បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​កាលពី​ពេល​ថ្មីៗ​នេះ។

គណបក្ស​ភ្លើង​ទៀន ដែល​បាន​ប្ដូរ​ឈ្មោះ​ពី​គណបក្ស សម រង្ស៊ី ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ បាន​សម្រេច​ចូលរួម​ការ​បោះឆ្នោត​ចោល​សម្ពន្ធមិត្ត​របស់​ខ្លួន គឺ​គណបក្ស​សិទ្ធិមនុស្ស​ដឹកនាំ​ដោយ​លោក កឹម សុខា កាលពី​ចុង​ឆ្នាំ​២០២១ កន្លងទៅ ប៉ុន្តែ​ក្រោយ​ចូលរួម​ការ​បោះឆ្នោត​នេះ សកម្មជន​បក្ស​នេះ​តែងតែ​ជួប​ឧបសគ្គ​ជា​បន្តបន្ទាប់ ដូចជា​ការ​ចាប់​ខ្លួន និង​ការ​ចេញ​ដីកា​កោះហៅ​ពី​សំណាក់​តុលាការ​ឱ្យ​ចូល​ក្នុង​សវនាការ ជុំវិញ​ការ​ចោទប្រកាន់​ពី​រឿង​ដែល​ពួកគេ​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក ជាដើម។

ក្រៅពី​ជួប​ឧបសគ្គ​ដោយ​ការ​ចាប់​ខ្លួន និង​ការ​ឃ្លាំមើល​ពី​សំណាក់​តុលាការ សកម្មជន​បក្ស​នេះ​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​នៅ​តាម​មូលដ្ឋាន​ជា​បន្តបន្ទាប់​ផង​ដែរ រហូត​នាំគ្នា​ទម្លាក់​ស្លាក​សញ្ញា និង​ដុត​អាវ​ដុត​មួក​គណបក្ស​នេះ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២ មិថុនា នេះ​ទំនង​ជា​មាន​ចេតនា​សំដៅ​ដល់​គណបក្ស​ភ្លើង​ទៀន​ថា ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​ប្រកែក​បាន​ស្ដីពី​គណបក្ស សម រង្ស៊ី គឺជា​ការ​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែល​ចង់​រស់នៅ​ក្នុង​សង្គម​មួយ​ប្រកប​ដោយ​សីលធម៌ សច្ចធម៌ និង​យុត្តិធម៌ ក្រោម​ពន្លឺ​ភ្លើង​ទៀន ហើយ​ភ្លើង​ទៀន​នេះ​គឺជា​និមិត្តរូប​នៃ​អំពើ​ល្អ និង​សេចក្តី​សង្ឃឹម​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អុជ​ទៀន​ថ្វាយ​បង្គំ​ព្រះ​ទាំងអស់​គ្នា ដើម្បី​បួងសួង​ឲ្យ​ប្រទេស​កម្ពុជា​បាន​នៅ​គង់វង្ស​ទទួល​បាន​សន្តិភាព​ពិតប្រាកដ ហើយ​បាន​ស្គាល់​នូវ​ភាព​រុងរឿង​ទៅ​ថ្ងៃ​មុខ ព្រោះ​ថា «ភ្លើង​ទៀន» គឺជា​រូប​សញ្ញា​របស់​គណបក្ស សម រង្ស៊ី។

កាលពី​អតីតកាល លោក សម រង្ស៊ី ធ្លាប់​បាន​ចរចា​ចូល​សភា​ព្រមព្រៀង​បង្កើត​រដ្ឋាភិបាល​ជាមួយ​នឹង​អ្នក​ដឹកនាំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​ហៅថា​ជា​រដ្ឋាភិបាល​ម៉ាហ្វីយ៉ា​ពុករលួយ។

ជុំវិញ​បញ្ហា​នេះ អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច លោក សយ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ មិថុនា នេះ​ដែរ​ថា គណបក្ស​ភ្លើង​ទៀន​នឹង​រលាយ​ជា​មិនខាន ដូច្នេះ​មិន​បាច់​ប្រឹង​ឃោសនា​ទេ ហើយ​អ្នក​រំលាយ​បក្ស​នេះ គឺជា​លោក សម រង្ស៊ី ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​សព្វថ្ងៃ​នេះ។

ទោះជា​បែប​នេះ​ក្តី គណបក្ស​ភ្លើង​ទៀន បាន​អះអាង​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ ឬ​មាន​ទំនាក់ទំនង​ជាមួយ​សកម្មភាព​ណា​មួយ​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស