32 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​លោក កឹម សុខា មិន​ទៅ​បោះឆ្នោត​គឺ​បង្ហាញ​ពី​ជំហរ​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​ប្រតិបត្តិ​របស់​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ អះអាង​ថា ការ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ទៅ​ចូលរួម​ការ​បោះឆ្នោត គឺ​បង្ហាញ​ពី​ជំហរ​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ និង​តំណាង​ឱ្យ​ឆន្ទៈ​ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា ការ​រក្សា​ជំហរ​រឹងមាំ​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាមកំហែង និង​សម្ពាធ​គ្រប់​បែប​យ៉ាង​ពី​បក្ស​កាន់​អំណាច​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ពេលនេះ គឺជា​គុណសម្បត្តិ​ដ៏​ខ្ពង់ខ្ពស់​មួយ​ក្នុង​នាម​លោក​ជា​មេដឹកនាំ​ដែល​ត្រូវ​ដឹកនាំ​ពលរដ្ឋ​ធ្វើការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

លោក សេក សុជាតិ លើកឡើង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ពេលនេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​ខ្មែរ​ក្រៅពី​គាំទ្រ​បក្ស​កាន់​អំណាច​តាមរយៈ​នៃ​ការ​ចងក្រង​របស់​ពួកគេ គឺ​មាន​តែ​កម្លាំង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ទើប​ស័ក្តិសម​ជា​ដៃគូ​អាច​ផ្តួល​គណបក្ស​កាន់​អំណាច​តាមរយៈ​នៃ​ការ​បោះឆ្នោត​បាន។

លោក​បញ្ជាក់​ថា ប្រសិនបើ​អ្នក​ប្រជាធិបតេយ្យ​នៅតែ​បែកបាក់​គ្នា​ដូច​សព្វថ្ងៃ​នេះ ពួកគេ​នឹង​មិន​អាច​ងើប​ឈរ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​បាន​ឡើយ ហើយ​ថា​ការ​ចែក​ផ្លូវ​គ្នា និង​ការ​ខ្វែងគំនិត​គ្នា​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទាំងនោះ ក៏​ជា​កាដូ​ដែល​ពួកគេ​កំពុង​ដាក់​លើ​ជើងពាន​ថ្វាយ​ជូន​បក្ស​កាន់​អំណាច​ដោយ​មិន​ដឹង​ខ្លួន​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា សម្រេច​មិន​ទៅ​ចូលរួម​ការ​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​មួយ​ឡើយ​នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ស្រប​ពេល​ដែល​លោក​កំពុង​ជាប់​បម្រាម​នយោបាយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។

ដូច​គ្នា​នឹង​លោក កឹម សុខា ដែរ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ក៏​មិន​បាន​យាង​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ណា​មួយ​ដែរ ដោយសារតែ​ព្រះអង្គ​មិន​បាន​ចុះ​ព្រះនាម​សម្រាប់​ការ​បោះឆ្នោត​នេះ។

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា តាម​ការ​សង្កេត​ជាក់ស្តែង លោក កឹម សុខា មិន​ចេញ​ទៅ​បោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​បញ្ជាក់​ពី​ជំហរ​យ៉ាង​ច្បាស់​ថា លោក​បាន​បដិសេធ​ដាច់ខាត​មិន​គាំទ្រ​បក្ស​កាន់​អំណាច​ដូច​ពួក​ជ្រុលនិយម ដែល​បាន​លាប​ពណ៌​មួលបង្កាច់​ខុសពី​ការពិត​លើ​រូបលោក​នោះ​ឡើយ។

បណ្ឌិត សូ ណារ៉ូ អះអាង​ថា ជំហរ​របស់​លោក កឹម សុខា បែប​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា លោក​មិន​គាំទ្រ​គណបក្ស​ដែល​បែក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។ ទោះ​ពួកគេ​ជា​អតីត​មកពី​ក្រុម​អាវ​ស ឬ​ក្រុម​អាវ​លឿង​ក៏ដោយ ការ​ធ្វើ​បែប​នេះ​បាន​បង្ហាញ​នូវ​មនសិការ​របស់​លោក​ក្នុង​នាម​ជា​ពលរដ្ឋ​ដ៏​ល្អ​ម្នាក់​ដែល​មិន​ធ្វើ​កិច្ចការ​ណា​ខុសពី​ឆន្ទៈ​របស់​ខ្លួន។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន រីដា បាន​អះអាង​នៅ​ថ្ងៃទី​៦ មិថុនា នេះ​ដែរ​ថា ប្រជាប្រិយភាព​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​ផ្អែក​លើ​លោក កឹម សុខា ឬ​លោក សម រង្ស៊ី តែ​មួយ​មុខ​នោះ​ទេ។ លោក​ថា សំខាន់​បំផុត​គឺ​ផ្អែកលើ​ការ «រួបរួម»។ ជាក់ស្តែង​តាមរយៈ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ការ​បែក​ចេញ​របស់​គណបក្ស​ភ្លើង​ទៀន គឺ​ត្រូវ​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​ដោយ​ពិតប្រាកដ។

ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​ជា​អតីត​អ្នក​ទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា ការ​សម្រេច​ចិត្ត​របស់​លោក កឹម សុខា បញ្ជាក់​ថា គាត់​នៅតែ​ជា​និមិត្តរូប​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ក្នុង​នាម​ជា​មេ​បក្ស​ប្រឆាំង​ដ៏​មាន​សក្ដានុពល​ដែល​មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​កន្លះ​ប្រទេស ដែល​គាំទ្រ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​កន្លងមក។

លោក​បញ្ជាក់​ថា ការ​បោះឆ្នោត​គឺជា​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ប៉ុន្តែ​ការ​ដែល​លោក កឹម សុខា មិន​ទៅ​បោះឆ្នោត​នេះ ដោយសារតែ​មិន​មាន​បេក្ខភាព​គណបក្ស​នយោបាយ​ណា​ដែល​គាត់​ពេញចិត្ត ហើយ​នេះ​គឺជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​គាត់​ដោយ​គ្មាន​ច្បាប់​ហាមឃាត់​ឡើយ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ នៅ​តាម​មណ្ឌល​បោះឆ្នោត​នីមួយៗ​មាន​ភាព​ស្ងប់ស្ងាត់ មិន​មាន​ពលរដ្ឋ​ចេញ​ទៅ​យាម​ការិយាល័យ សង្កេតការណ៍ ឬ​តាមដាន​ការ​រាប់​សន្លឹកឆ្នោត​ដូច​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស