មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ប្រសិនបើគ្មានវិធានការផ្លូវច្បាប់ណាមួយទៅលើគណបក្សភ្លើងទៀន ដែលបានធ្វើសកម្មភាពរំលោភបំពានដោយបើកចំហទៅលើច្បាប់ស្ដីពីគណបក្សនយោបាយទេ នោះវានឹងបង្កើតឱ្យមានមន្ទិលសង្ស័យជាច្រើននៅពីក្រោយនៃការចូលរួមបោះឆ្នោតរបស់បក្សនេះ។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ មិថុនា នេះថា បើផ្អែកតាមសម្ដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅមុនការបោះឆ្នោត និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សភ្លើងទៀននឹងចៀសមិនផុតពីការប្រឈមនឹងវិធានការច្បាប់នោះឡើយ។
លោក មុត ចន្ថា អះអាងថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាទាំងនោះបានចោទថា គណបក្សភ្លើងទៀនបានធ្វើសកម្មភាពរំលោភបំពានដោយបើកចំហទៅលើច្បាប់វិសោធនកម្មនៃច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសាលដីកាតុលាការកំពូល ជាដើម។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀនត្រូវរងការចោទប្រកាន់ថាបានរំលោភច្បាប់មួយចំនួនរបស់កម្ពុជា ប៉ុន្តែមកទល់នឹងពេលនេះ ពុំមានចំណាត់ការផ្លូវច្បាប់ណាមួយពីតុលាការនោះឡើយ។
កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់បានអះអាងថា សមត្ថកិច្ចកំពុងប្រមូលភស្តុតាងជុំវិញទំនាក់ទំនងរវាងគណបក្សប្រឆាំង និងស្ថាបនិករបស់ខ្លួន គឺលោក សម រង្ស៊ី ជុំវិញការសង្ស័យថាអាចរំលោភច្បាប់ស្ដីពីគណបក្សនយោបាយដែលហាមឃាត់ជនណាដែលជាប់ទោសពីបទឧក្រិដ្ឋ មិនឲ្យពាក់ព័ន្ធនឹងគណបក្សនយោបាយ។
លោក ខៀវ សុភ័គ អះអាងថា ពួកគេចង់ធ្វើអ្វីក៏ធ្វើទៅ វាជាសិទ្ធិរបស់ពួកគេ ប៉ុន្តែសូមកុំឱ្យខុសច្បាប់ឱ្យសោះ ព្រោះថាច្បាប់ស្ដីពីគណបក្សនយោបាយបានចែងពីការហាមមិនឱ្យទណ្ឌិតដែលត្រូវបានតុលាការកាត់ទោស ឱ្យទៅពាក់ព័ន្ធ ឬដឹកនាំគណបក្សនយោបាយណាមួយឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ បានបង្ហាញជាសាធារណៈនូវការគាំទ្ររបស់ពួកគេ និងបានកៀរគរឱ្យមានការគាំទ្រគណបក្សភ្លើងទៀន មុនពេលយុទ្ធនាការបោះឆ្នោតមកដល់កាលពីពេលកន្លងទៅនេះ។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ធ្លាប់បានអះអាងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ថា គ.ជ.ប នឹងស៊ើបអង្កេតគណបក្សភ្លើងទៀនជុំវិញទំនាក់ទំនងរបស់បក្សនេះជាមួយតំណាងយុវជនអតីតគណបក្សសង្គ្រោះជាតិប្រទេសន័រវែស (Norway) លោក អៀ ចាន់ណា ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពេលលោកចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន កាលពីពេលថ្មីៗនេះ។
លោក ហង្ស ពុទ្ធា អះអាងថា ការចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀនរបស់លោក អៀ ចាន់ណា គឺជាចំណុចចាប់ផ្តើមក្នុងការស៊ើបអង្កេតទំនាក់ទំនងជាមួយគណបក្សភ្លើងទៀន ថាតើពួកគេទាក់ទងគ្នាក្នុងនាមជាអ្វី ហើយបានប្រើប្រាស់វោរហាស័ព្ទ ឬសកម្មភាពដែលនាំឱ្យមានការប៉ះពាល់ដល់ដំណើរការឃោសនាបោះឆ្នោតដែរឬទេ។ លោកបន្តថា ប្រសិនបើមានក្នុងកម្រិតទោសទណ្ឌ នឹងអាចពិនិត្យលើអង្គហេតុ និងអង្គច្បាប់ដើម្បីធ្វើការពិចារណាបន្តទៀត។
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ធ្លាប់បានបញ្ជាក់ថា ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានគេរំលាយក្នុងឆ្នាំ២០១៧ មានគណបក្សមួយទៀតមានអាយុកាលយូរមកហើយ គឺគណបក្សភ្លើងទៀន ដែលបានរក្សាព្រលឹងគណបក្សសង្គ្រោះជាតិទៅថ្ងៃអនាគត។
មាត្រា៦ថ្មី (ពីរ) នៃច្បាប់ស្ដីពីគណបក្សនយោបាយ បានចែងថា គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយដោយប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន៕