36 C
Phnom Penh

ជប៉ុន​ចុះ​សន្ធិសញ្ញា​សន្តិសុខ​ជាមួយ​ណាតូ ខណៈ​បារម្ភ​ពី​សង្គ្រាម​អាច​មាន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ជប៉ុន និង​អង្គការ​យោធា​ណាតូ (NATO) បាន​សម្រេច​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​នូវ​ការ​ពង្រឹង​សហប្រតិបត្តិការ​សន្តិសុខ ដោយ​សម្រេច​ថា​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា មូលហេតុ​ដែល​ជប៉ុន​សម្រេច​ចិត្ត​ចង​សម្ពន្ធភាព​យោធា​ជាមួយ​ណាតូ ព្រោះ​តែ​ជប៉ុន​បារម្ភ​អំពី​ឥទ្ធិពល​ចិន ឥទ្ធិពល​រុស្ស៊ី និង​កូរ៉េ​ខាងជើង។

ក្រុម​អ្នកវិភាគ​ឱ្យ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Diplomat ដឹង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ជប៉ុន លោក Kishi Nobuo បាន​និយាយ​នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​នឹង​ប្រធាន​គណៈកម្មាធិការ​យោធា​នៃ​អង្គការ​ណាតូ លោក Rob Bauer ថា​ជប៉ុន​សង្ឃឹម​ថា​កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​ណាតូ និង​ជាមួយ​បណ្ដា​ប្រទេស​អឺរ៉ុប គឺ​នាំ​ឱ្យ​ជប៉ុន​មាន​សម្ពន្ធមិត្ត​ដើម្បី​សន្តិសុខ​មួយ​ដ៏​រឹងមាំ ហើយ​សំដៅ​ពង្រឹង​សន្តិសុខ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក​រដ្ឋមន្ត្រី​បន្ត​ថា សន្តិសុខ​នៅ​អឺរ៉ុប និង​អាស៊ី គឺ​ត្រូវតែ​ប្រទាក់ក្រឡា​នឹង​គ្នា​ដោយ​មិន​អាច​ខ្វះ​បាន​ឡើយ។ លោក​បញ្ជាក់​ថា បើ​តំបន់​ណា​មួយ​ប្រឈម​នឹង​អំពើ​អសន្តិសុខ គឺ​ត្រូវ​គិត​រួម​គ្នា និង​ត្រូវ​ជួយ​គ្នា​ទៅវិញ​ទៅមក។

ការ​ថ្លែង​របស់​លោក Kishi Nobuo រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ជប៉ុន ធ្វើឡើង​នៅ​ចំពោះ​មុខ​លោក Rob Bauer ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​តូក្យូ។

តែ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​ណាតូ ធ្វើឡើង​ចំ​ពេល​ជប៉ុន​កំពុង​ស្នើ​ពង្រឹង​កម្លាំង​សន្តិសុខ​ពី​អង្គការ​ណាតូ ដើម្បី​សន្តិសុខ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ការណ៍​នេះ​នាំ​ឱ្យ​គេ​មើល​ឃើញ​ជប៉ុន​បារម្ភ​ដូចនេះ ព្រោះ​តែ​ចិន កំពុង​ដំឡើង​អនុត្តរភាព​យោធា​ក្នុង​តំបន់ និង​ចំ​ពេល​កូរ៉េ​ខាងជើង បង្ក​សង្គ្រាម​ដោយ​បាញ់​មីស៊ីល​បន្តបន្ទាប់​គ្នា ដែល​រយៈពេល​មួយ​ខែ​មក​នេះ គឺ​ក្រុង​ព្យុងយ៉ាង បាន​បាញ់​មីស៊ីល​ជិត ២០​គ្រាប់ ដោយ​ហោះ​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន ជាពិសេស​នៅ​ពេល​ដែល​ជប៉ុន​ឈ្វេងយល់​អំពី​ភាព​ងាយ​គ្រោះថ្នាក់​នៅ​ចំពោះ​មុខ​អនុត្តរភាព​របស់​រុស្ស៊ី ដែល​កំពុង​ឈ្លានពាន​អ៊ុយក្រែន។

ណាតូ គឺជា​អង្គការ​យោធា​នៅ​អឺរ៉ុប ដែល​មាន ៣០​ប្រទេស។ កម្លាំង​សម្ពន្ធភាព​យោធា​នេះ​ឈាន​មុខ​ដោយ​ប្រទេស​ដែល​មាន​សក្ដានុពល​ខាង​យោធា​មាន​ដូចជា សហរដ្ឋ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា ហុឡង់ដ៍ អ៊ីតាលី ដាណាម៉ា ជាដើម។

គេ​រំពឹង​ថា ណាតូ​នឹង​មាន​សមាជិក​ពីរ​ថែម​ទៀត គឺ​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់។ តែ​ទស្សនកិច្ច​របស់​ប្រធាន​គណៈកម្មាធិការ​យោធា​នៃ​អង្គការ​ណាតូ លោក Rob Bauer នៅ​ទីក្រុង​តូក្យូ ធ្វើឡើង​បន្ទាប់ពី​នាយ​សេនាធិការ​យោធា​ជប៉ុន លោក Yamazaki Koji បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​របស់​អង្គការ​ណាតូ​នៅ​ប្រទេស​បែលហ្សិក កាលពី​ខែ​ឧសភា ដែល​ជា​វត្តមាន​ដំបូង​របស់​តំណាង​កងទ័ព​ប្រទេស​ជប៉ុន។

នៅ​ពេល​ដែល​គេ​មើល​ឃើញ​ថា ជប៉ុន​ដូចជា​បារម្ភ​អំពី​សន្តិសុខ​របស់​ខ្លួន​កាន់តែ​ខ្លាំង គឺ​កាលពី​ថ្ងៃ​អង្គារ ទី​៧ មិថុនា គណៈរដ្ឋមន្ត្រី​របស់​នាយករដ្ឋមន្ត្រី Kishida Fumio បាន​អនុម័ត​បង្កើន​កញ្ចប់​ថវិកា​យោធា។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters រដ្ឋាភិបាល​ជប៉ុន មាន​ផែនការ​បង្កើន​កញ្ចប់​ថវិកា​យោធា​ក្នុង​ពេល ៥​ឆ្នាំ​ខាងមុខ ដោយ​លើកឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ការ​គំរាមកំហែង​នានា​នៅ​ក្នុង​តំបន់​ដែល​ក្នុង​នោះ ករណី​កោះ​តៃវ៉ាន់ កំពុង​ប្រឈមមុខ​នឹង​ការ​វាយ​កាន់កាប់​ដោយ​កងទ័ព​ចិន ហើយ​ត្រូវ​បាន​ព្រមាន​ថា​វា​អាច​បង្ក​ផ្ទុះ​សង្គ្រាម​រីក​រាលដាល​ដល់​ដែន​កោះ​របស់​ជប៉ុន ដែល​នៅ​ក្បែរ​កោះ​តៃវ៉ាន់។

ផែនការ​ឱ្យ​មាន​ការ​បង្កើន​កញ្ចប់​ថវិកា​យោធា ធ្វើឡើង​នៅ​ក្នុង​ឯកសារ​ព្រាង​គោល​នយោបាយ​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ ហើយ​ជា​លើកដំបូង​ដែល​រដ្ឋាភិបាល​លោក Kishida Fumio លើកឡើង​អំពី​ការ​បង្កើន​កញ្ចប់​ថវិកា​យោធា និង​ការ​បារម្ភ​ពី​ការ​គំរាមកំហែង​ដែល​តៃវ៉ាន់​កំពុង​ប្រឈម​នឹង​សង្គ្រាម​ក្នុង​តំបន់​ដែល​អាច​ជា​សង្គ្រាម​វាយលុក​ពី​ប្រទេស​ចិន។

ផែនការ​នេះ​គ្របដណ្ដប់​ចាប់ពី​បញ្ហា​សន្តិសុខ​ជាតិ និង​សន្តិសុខ​ថាមពល រហូត​ដល់​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។

តែ​គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida និង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ក្នុង​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី​២៤ ខែ​ឧសភា ជប៉ុន និង​សហរដ្ឋ​អាមេរិក​បាន​សង្កត់​ធ្ងន់​លើ​សារសំខាន់​នៃ​សន្តិភាព និង​ស្ថិរភាព​នៅ​ឯ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​លោក បៃដិន ថែម​ទាំង​បាន​លើកឡើង​អំពី​ឆន្ទៈ​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ប្រើប្រាស់​កង​កម្លាំង​ដើម្បី​ការពារ​តៃវ៉ាន់​ប្រឆាំង​នឹង​ការ​វាយប្រហារ​ណា​មួយ​ពី​សំណាក់​ប្រទេស​ចិន។

ជាមួយ​គ្នា​នេះ លោក បៃដិន លើក​ទឹកចិត្ត​ជប៉ុន​ឱ្យ​ឈ្វេងយល់​អំពី​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ជាមួយ​នឹង​ក្រុម​យោធា​ណាតូ។

សម្រាប់​ជប៉ុន ក៏​មាន​សម្ពន្ធភាព​សន្តិសុខ​ជាមួយ​នឹង​ប្រទេស ៣ ទៀត គឺ​អាមេរិក ឥណ្ឌា និង​អូស្ត្រាលី។ ក្រុម​នេះ​គេ​ហៅ​ថា​ក្រុម​ចតុភាគី (Quad)។ Quad គឺជា​កម្លាំង​សន្តិសុខ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៤។ ចាប់តាំងពី​ឆ្នាំ​២០១២ មក Quad ចាប់ផ្ដើម​ពង្រឹង​កម្លាំង​យោធា​រួម​គ្នា​តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា ៤​ប្រទេស។ សម្រាប់​ជប៉ុន​ដែល​ត្រូវការ​យោធា​នៃ​ក្រុម​អង្គការ​ណាតូ គឺ​អាច​ធ្វើ​ឱ្យ​ក្រុង​តូក្យូ កាន់​តែ​មាន​សម្ពន្ធភាព​យោធា​កាន់តែ​ធំធេង​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស