26.3 C
Phnom Penh

ជប៉ុន រម្លឹក​ខួប ៨០​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​ដោយ​ទទូច​កុំ​ឱ្យ​ពិភពលោក​ជួប​សោកនាដកម្ម​ដូច​នេះ​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាជន​ជប៉ុន រាប់​ពាន់​នាក់ នៅ​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា ឆ្នាំ​២០២៥ បាន​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង Hiroshima ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដំបូង​គេ​នៃ​សោកនាដកម្ម​ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ បង្ក​ឱ្យ​ពលរដ្ឋ​ជប៉ុន ចំនួន ៧​ម៉ឺន ៨​ពាន់​នាក់​ស្លាប់។

រហូត​មក​ទល់​ពេលនេះ គឺ​មាន​រយៈពេល ៨០​ឆ្នាំ​គត់ គិត​ចាប់តាំងពី​គ្រាប់បែក​បរមាណូ​ត្រូវ​បាន​កងទ័ព​អាកាស​អាមេរិក ទម្លាក់​លើ​ទីក្រុង​មួយ​នេះ​កាលពី​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។

បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​រម្លឹក​ថា កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​១៩៤៥ អំឡុង​សង្គ្រាម​លោក​លើក​ទី​២ ទីក្រុង Hiroshima បាន​រង​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​ដែល​មាន​ឈ្មោះ​ថា Little Boy របស់​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក បាន​បណ្តាល​ឱ្យ​មនុស្ស​ប្រហែល ៧​ម៉ឺន ៨​ពាក់​នាក់​ស្លាប់​មួយ​រំពេច ដោយ​មិន​ទាន់​រាប់​បញ្ចូល​មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាយភាយ​សារធាតុ​វិទ្យុសកម្ម​របស់​គ្រាប់បែក​បរមាណូ​នោះ​ទេ។

រយៈពេល ៣​ថ្ងៃ​ក្រោយ​មក ទីក្រុង​មួយ​ទៀត​នៃ​ប្រទេស​ជប៉ុន គឺ​ទីក្រុង Nagasaki ក៏​បាន​រង​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​របស់​កងទ័ព​អាកាស​អាមេរិក​មួយ​គ្រាប់​ផង​ដែរ។ គ្រាប់បែក​បរមាណូ​ទី​២ របស់​អាមេរិក បាន​ផ្តាច់​ជីវិត​មនុស្ស ៧​ម៉ឺន ៤​ពាន់​នាក់ និង​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​បាន​រង​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ពី​ការ​សាយភាយ​វិទ្យុសកម្ម​នៃ​អាវុធ​ប្រល័យ​លោក​ដ៏​កំណាច​មួយ​នេះ។

ទីបំផុត អាណាចក្រ​ជប៉ុន បាន​ប្រកាស​ចុះចាញ់​សង្គ្រាម​លោក​លើក​ទី​២ នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​១៩៤៥។

ក្នុង​ព្រឹត្តិការណ៍​នេះ តំណាង​មកពី​ប្រទេស​ជាង ១២០ ក្នុង​នោះ​មាន​ទាំង​មហាអំណាច​នុយក្លេអ៊ែរ​ដូចជា​សហរដ្ឋ​អាមេរិក​ដែល​ជា​ម្ចាស់​គ្រាប់បែក​បរមាណូ​ទម្លាក់​លើ​ទីក្រុង Hiroshima និង​ទីក្រុង Nagasaki ក៏​ចូលរួម​ផង​ដែរ។

ពិធី​រំលឹក​ខួប ៨០​ឆ្នាំ​នៃ​សោកនាដកម្ម​បរមាណូ បាន​ធ្វើ​ឡើង​ក្នុង​ឧទ្យាន​នៃ​ការ​ចងចាំ ឬ​ហៅថា ឧទ្យាន​ចងចាំ​សន្តិភាព Hiroshima។

ក្នុង​ព្រឹត្តិការណ៍​នេះ កុមារា​កុមារី​នៅ​ទូទាំង​ប្រទេស​ជប៉ុន ក៏​ចូលរួម​ផង​ដែរ តែ​ក្នុង​កម្មវិធី​សន្យា​នៃ​សន្តិភាព។ កុមារ​ទាំងនោះ​អាន​សេចក្ដី​ថ្លែងការណ៍​ដោយ​ពោល​ថា ក្ដី​សង្ឃឹម និង​ការ​ចងចាំ។

អភិបាល​ទីក្រុង Hiroshima លោក Kazumi Matsui បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​ពិភពលោក​ទាំងអស់ ចងចាំ​កុំ​ភ្លេច​នូវ​សោកនាដកម្ម​ទីក្រុង Hiroshima និង Nagasaki។

លោក​ព្រមាន​អំពី​ផលវិបាក​ដែល​ពិភពលោក​សព្វថ្ងៃ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​បង្កើន​ចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ដ៏​ប្រល័យ​មួយ​នេះ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ចំហ​មួយ​ដោយ​អំពាវនាវ​ឱ្យ​ពិភពលោក គេច​ឱ្យ​ផុត​ពី​សោកនាដកម្ម​អាវុធ​នុយក្លេអ៊ែរ ហើយ​ទទូច​ថា​ពិភពលោក​ត្រូវតែ​មាន​សន្តិភាព។

អភិបាល​ទីក្រុង Hiroshima លោក Matsui ថ្លែង​ថា ៩០%​នៃ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​របស់​ពិភពលោក កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី។

ជប៉ុន ជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ដោយ​ការ​វាយប្រហារ​អាវុធ​បរមាណូ ឬ​អាវុធ​នុយក្លេអ៊ែរ។ យ៉ាងណា ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ បាន​អះអាង​ពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ។

តើ​សង្គ្រាម​លោក​លើក​ទី​២ ផ្ទុះឡើង​ដោយ​របៀប​ណា?

សង្គ្រាម​លោក​លើក​ទី​២ ផ្ទុះឡើង​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​១៩៣៩ ដល់​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ ទើប​បាន​បិទ​ជា​ស្ថាពរ​ក្រោយពី​អាណាចក្រ​ជប៉ុន ប្រកាស​ចុះចាញ់ គឺ​ក្រោយ​រយៈពេល​ជិត​មួយ​ខែ​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​ដោយ​កងទ័ព​អាកាស​អាមេរិក​លើ​ទីក្រុង Hiroshima និង Nagasaki។

ក្រោយពី​ចាញ់​សង្គ្រាម​លោក​លើក​ទី​១ នៅ​ឆ្នាំ​១៩១៨ Adolf Hitler មេដឹកនាំ​អាល្លឺម៉ង់ បាន​បង្ក​ឱ្យ​ផ្ទុះ​សង្គ្រាម​លោក​សាជាថ្មី​ដើម្បី​សងសឹក ដោយ​ចាប់ផ្ដើម​ពី​ការ​ឈ្លានពាន​ប្រទេស​តូចៗ​នៅ​ជិតខាង។

នៅ​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​១៩៣៩ កងទ័ព​អាល្លឺម៉ង់ បាន​បើក​លុកលុយ​ចូល​ប្រទេស​ប៉ូឡូញ ខណៈ​កងទ័ព​អ៊ីតាលី បើក​ការ​វាយប្រហារ​ចូល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាហ្វ្រិក។ រីឯ​កងទ័ព​ជប៉ុន ក៏​បាន​បើក​វាយលុក​ចូល​ប្រទេស​កូរ៉េ និង​ប្រទេស​ចិន។

ប្រទេស​បារាំង និង​អង់គ្លេស ត្រូវ​បង្ខំ​ចិត្ត​លូក​ដៃ​ម្ដង​ទៀត​ដើម្បី​ការពារ​ប្រទេស​តូចៗ​ដែល​រង​ការ​ឈ្លានពាន ហើយ​ថែមទាំង​បាន​អូសទាញ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ឲ្យ​ចូលរួម​ផង​ដែរ។

សហរដ្ឋ​អាមេរិក ជា​ប្រទេស​មាន​គ្រាប់បែក​បរមាណូ​មុន​គេ​បង្អស់​ដែល​ដឹក​តាម​យន្តហោះ​ទៅ​ទម្លាក់​លើ​ប្រទេស​ជប៉ុន បង្ខំ​ឱ្យ​ជប៉ុន ចុះចាញ់​សង្គ្រាម បន្ទាប់ពី Adolf Hitler មេដឹកនាំ​អាល្លឺម៉ង់ ចុះចាញ់​សង្គ្រាម​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​១៩៤៥។

ទីបំផុត សង្គ្រាម​លោក​លើក​ទី​២ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​១៩៣៩ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​១៩៤៥។ វា​ក្លាយ​ជា​សង្គ្រាម​បង្ហូរ​ឈាម​ដ៏​ធំ​បំផុត​លើក​ទី​២ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ដោយ​ផ្ដាច់​ជីវិត​កងទ័ព និង​ជនស៊ីវិល​ជាង ៥០​លាន​នាក់។

អ្វី​ដែល​ធ្វើ​ឱ្យ​ពិភពលោក​បារម្ភ គឺ​បារម្ភ​ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ព្រោះតែ​អាវុធ​ប្រល័យ​លោក​នេះ​កំពុងតែ​បង្កើន​ការ​ផលិត​យ៉ាង​ខ្លាំង។

ប្រទេស​ចំនួន​៩ ដែល​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ ឬ​គ្រាប់បែក​បរមាណូ រួម​មាន៖

  1. រុស្ស៊ី មាន​ចំនួន ៥៤៤៩​គ្រាប់
  2. អាមេរិក មាន ៥២៧៧​គ្រាប់
  3. ចិន មាន ៦០០​គ្រាប់ កើន ២៥០​គ្រាប់
  4. បារាំង មាន ២៩០​គ្រាប់
  5. ចក្រភព​អង់គ្លេស មាន ២២៥​គ្រាប់
  6. ឥណ្ឌា មាន ១៨០​គ្រាប់ កើន ៣០​គ្រាប់
  7. ប៉ាគីស្ថាន មាន ១៧០​គ្រាប់ កើន ១៦​គ្រាប់
  8. អ៊ីស្រាអែល មាន ៩០​គ្រាប់
  9. និង​កូរ៉េខាងជើង មាន ៥០​គ្រាប់ កើន ១០​គ្រាប់។

សរុប​ទៅ ពិភពលោក​ផ្ទុក​ក្បាល​គ្រាប់បែក​ប្រល័យ​លោក​ដ៏​កំណាច​នេះ​មាន​ចំនួន ១២៣៣១​គ្រាប់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស