28.5 C
Phnom Penh

អូស្ត្រាលី​ថា​នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង រក្សា​ស្ថិរភាព​និង​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​អូស្ត្រាលី បាន​លើកឡើង​ថា ខ្លួន​កំពុង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​រក្សា​ស្ថិរភាព និង​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។

ការ​លើកឡើង​របស់​ស្ថានទូត​អូស្ត្រាលី បន្ទាប់ពី​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី (Australian Government Department of Foreign Affairs and Trade) អ្នកស្រី Kathryn Campbell ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា លោក ប្រាក់ សុខុន នៅ​ថ្ងៃទី​១៣ មិថុនា ខណៈ​អ្នកស្រី​ទស្សនកិច្ច​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អូស្ត្រាលី។

ក្នុង​ជំនួប​ពិភាក្សា​នោះ អ្នកស្រី Kathryn Campbell បាន​លើកឡើង​ថា អូស្ត្រាលី​ជា​ដៃគូ​ដ៏​យូរ​អង្វែង និង​ពិតប្រាកដ​របស់​កម្ពុជា​ក្នុង​រយៈពេល ៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំង​ពីរ។ អ្នកស្រី​បញ្ជាក់​ថា បច្ចុប្បន្ន អូស្ត្រាលី​កំពុង​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​រីកចម្រើន​ដែល​មាន​និរន្តរភាព ព្រមទាំង​រក្សា​ស្ថិរភាព និង​លទ្ធិប្រជាធិបតេយ្យ។

យ៉ាងណាក៏ដោយ ការ​លើកឡើង​របស់​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី អ្នកស្រី Kathryn Campbell ស្រប​ពេល​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា​បាន​ធ្លាក់ចុះ​ខ្លាំង ចាប់តាំងពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ មក និង​បាន​ហាមឃាត់​មេដឹកនាំ ១១៨​នាក់​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ ក្នុង​នោះ​លោក កឹម សុខា កំពុង​ជាប់​បម្រាម​តុលាការ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស