31 C
Phnom Penh

ព្រះមហាក្សត្រ​អបអរ​សាទរ​ខួប​ទី​៦០​ឆ្នាំ​កម្ពុជា​ចូល​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ឆ្នាំ ដែល​កម្ពុជា​ចូល​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ និង​ខួប​លើក​ទី​៥៩​ឆ្នាំ​នៃ​ថ្ងៃ​ប្រកាស​សាលក្រម​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដែល​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្តី​ទៅ​លើ​ការ​ឈ្លានពាន និង​ចូល​កាន់កាប់​ដោយ​ខុស​ច្បាប់​ពី​សំណាក់​កងកម្លាំង​យោធា​ថៃ កាលពី ៦​ទសវត្ស​កន្លង​ទៅ​នេះ។

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហមុនី បាន​ថ្លែង​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ព្រះបរមរាជវាំង Royal du Cambodge កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ គឺ​ជា​មហា​សមិទ្ធផល​ដ៏​ធំធេង​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​នៃ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វររាជបិតា​ជាតិ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ការ​ការពារ​បូរណភាព​ដែនដី​ក្នុង​រជ្ជកាល​របស់​ព្រះអង្គ។

ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​ប្រជារាស្ត្រ​ខ្មែរ​ថា សូម​ប្រជានុរាស្ត្រ​កម្ពុជា​ទូទាំង​ព្រះរាជាណាចក្រ ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត សូម​ចងចាំ​ជានិច្ច​នូវ​ព្រះរាជ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន និង​ព្រះ​មហា​ករុណាទិគុណ​ដ៏​ធំធេង​របស់​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ចំពោះ​ប្រជាជាតិ​កម្ពុជា​នា​ពេល​កន្លង​មក។

ការ​ថ្លែង​របស់​ព្រះមហាក្សត្រ​ខ្មែរ​បែប​នេះ ធ្វើឡើង​ចំ​ថ្ងៃ​ខួប​អនុស្សាវរីយ៍​ទី​៦០​ឆ្នាំ ដែល​កម្ពុជា​ចូល​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ​ក្រោម​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច ព្រះ​នរោត្តម សីហនុ ដែល​បាន​ទាមទារ​យក​ប្រាសាទ​ព្រះវិហារ​មក​ឱ្យ​ទឹកដី​កម្ពុជា​វិញ។

នៅ​ឆ្នាំ​១៩៥៤ ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ថៃ ជុំវិញ​ការ​ទាមទារ​សិទ្ធិ​កាន់កាប់​ប្រាសាទ​ព្រះវិហារ បាន​ផ្ទុះឡើង​យ៉ាង​ខ្លាំង បន្ទាប់ពី​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​បារាំង។ នៅ​ពេល​នោះ រដ្ឋាភិបាល​ថៃ បាន​បញ្ជូន​កងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ចូល​ទៅ​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ទាំង​បំពាន ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​នៃ​ប្រាសាទ​នេះ ប៉ុន្តែ​កម្ពុជា​នៅតែ​ស្វែងរក​ការ​ចរចា​តាមរយៈ​អង្គទូត​ជា​បន្តបន្ទាប់។

ក្រោយ​ដំណើរការ​ចរចា​តាម​ផ្លូវ​ទូត​ត្រូវ​ទទួល​បរាជ័យ កម្ពុជា​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​១៩៥៩ ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​អន្តរជាតិ​នេះ​ផ្តល់​យុត្តិធម៌​ជុំវិញ​ជម្លោះ​នេះ និង​ប្រគល់​អធិបតេយ្យ​ដែនដី​តំបន់​ប្រាសាទ​ព្រះវិហារ​ឱ្យ​មក​កម្ពុជា​វិញ។ ជាង​នេះ​ទៀត កម្ពុជា​ក៏​បាន​ទាមទារ​ឱ្យ​ថៃ​ដក​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ចេញពី​ប្រាសាទ​ព្រះវិហារ​ផង​ដែរ។

យ៉ាងណា​ក៏ដោយ ជុំវិញ​ការ​តតាំង​គ្នា​តាម​ផ្លូវ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ ភាគី​ថៃ​បាន​លើក​យក​ភស្តុតាង​ផ្លូវច្បាប់​ជាច្រើន​ដើម្បី​បង្ហាញ​ថា​ខ្លួន​ជា​កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះវិហារ​នេះ។

ទោះជា​បែប​នេះ​ក្តី ក្នុង​សាលដីកា​ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​ច្រានចោល​ការ​លើកឡើង​របស់​ភាគី​ថៃ​ទាំងស្រុង ហើយ​បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​ថៃ​ដក​កងទ័ព ប៉ូលិស ឬ​ឆ្មាំ​ផ្សេង​ទៀត​ដែល​ឈរជើង​នៅក្នុង​ប្រាសាទ និង​នៅ​ជុំវិញ​ប្រាសាទ​ក្នុង​ដែនដី​របស់​កម្ពុជា​ឱ្យ​អស់។ ជាង​នេះ​ទៅ​ទៀត ថៃ​ត្រូវ​ប្រគល់​នូវ​រាល់​វត្ថុ​បុរាណ​របស់​ខ្មែរ​ដែល​ថៃ​បាន​យក​ចេញពី​ប្រាសាទ ឬ​ពី​តំបន់​ប្រាសាទ​នេះ​ក្នុង​អំឡុង​ពេល​ដែល​ថៃ​កាន់កាប់ ចាប់តាំងពី​ឆ្នាំ​១៩៥៤ មក​ឲ្យ​កម្ពុជា​វិញ​ផង​ដែរ។

នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២ ឡើង​វិញ និង​បាន​សម្រេច​ថា កម្ពុជា​មាន​អធិបតេយ្យភាព​លើ​ដែនដី​ទាំងមូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ និង​សម្រេច​ឱ្យ​ភាគី​ថៃ ដក​កងកម្លាំង​ប្រដាប់​អាវុធ និង​ឆ្មាំ​ប្រាសាទ​ទាំងអស់​ចេញពី​បរិវេណ​ជុំវិញ​ប្រាសាទ​ដោយ​ឥត​លក្ខខណ្ឌ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​កាលពី​ថ្ងៃទី​១៥ មិថុនា ថា ២​ឆ្នាំ​ក្រោយ​នៃ​ការ​ចាញ់​ក្តី​នៅ​ទីក្រុង​ឡាអេ រដ្ឋាភិបាល​ថៃ​បាន​សាងសង់​ប្រាសាទ​មួយ​ដែល​មាន​រចនាបថ​ដូច​គ្នា​ទៅ​នឹង​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ដែរ​លើ​កូនភ្នំ​សិប្បនិមិត្ត​មួយ​នៅ​សមុទ្រប្រាកាន ភាគ​ខាងត្បូង​នៃ​ទីក្រុង​បាងកក កាលពី​ឆ្នាំ​១៩៦៤ កន្លងទៅ។

ក្រុម​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​ត្អូញត្អែរ​ថា បរទេស​ជិតខាង​ដូចជា​វៀតណាម និង​ថៃ តែងតែ​លួច​អរិយធម៌​របស់​ខ្មែរ​ទៅ​កុហក​ភ្ញៀវ​បរទេស​ថា ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ ប្រដាល់​ក្បាច់គុន​ខ្មែរ ល្ខោនខោល និង​របាំ​ព្រះរាជទ្រព្យ ជាដើម គឺជា​របស់​ខ្លួន ស្រប​ពេល​ដែល​ពួកគេ​ប្រឹង​រំលោភ​បំពាន​ទាំង​ទឹកដី និង​លួច​ចម្លង​ស្នាដៃ​ខ្មែរ​ឥត​ឈប់ឈរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស