30.7 C
Phnom Penh

មន្ទីរ​កសិកម្ម​ផ្តល់​រង្វាន់​១​ពាន់​ដុល្លារ​ដល់​អ្នក​បង្ហាញ​ជនល្មើស​លួច​កាប់​ដើម​គ្រញូង​ក្នុង​តំបន់​ព្រៃឈើ​បន្ទាយស្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ថា មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​សៀមរាប នឹង​ផ្តល់​រង្វាន់ ១​ពាន់​ដុល្លារ​អាមេរិក​ដល់​អ្នក​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជនល្មើស​ដែល​បាន​ចូល​ទៅ​កាប់​ដើម​គ្រញូង​ចំនួន ៤​ដើម​ក្នុង​តំបន់​តំបន់​ស្ដារ និង​អភិវឌ្ឍន៍​ព្រៃឈើ​បន្ទាយស្រី។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា មាន​ជន​ខិលខូច​លួច​ចូល​កាប់​ដើមឈើ​ប្រភេទ​គ្រញូង​ចំនួន ៤​ដើម​ដែល​មាន​អាយុកាល​ប្រមាណ​ជា ៥០​ឆ្នាំ​មក​ហើយ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​ក្នុង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ។

ប្រភព​ដដែល​អះអាង​ថា ប្រភេទ​ពូជឈើ​គ្រញូង​នេះ គឺជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​របស់​រដ្ឋ​ដែល​ត្រូវ​បាន​ដាំដុះ និង​ថែទាំ​យ៉ាង​យកចិត្ត​ទុកដាក់​ក្នុង​ចម្ការ​ពូជឈើ​គ្រញូង​ដែល​មាន​ទំហំ​ដី​ជិត ២​ពាន់​ហិកតារ ក្នុង​គោលបំណង​ថែរក្សា​ជីវចម្រុះ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ទេសចរណ៍ និង​សម្រាប់​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផង​ដែរ។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់​ថា តំបន់​ស្ដារ និង​អភិវឌ្ឍន៍​ព្រៃឈើ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​កន្ទួត ស្រុក​ស្វាយលើ និង​ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ត្រូវ​បាន​គ្រប់គ្រង និង​អភិរក្ស​តាំងពី​ឆ្នាំ​២០០១ មក ដែល​ចាត់ទុក​ជា​តំបន់​មាន​សក្ដានុពល​ធនធាន​ព្រៃឈើ​ដ៏​មាន​តម្លៃ​ដែល​ក្រសួង​កសិកម្ម បាន​ចេញ​ប្រកាស​ទទួលស្គាល់​ជា​តំបន់​ស្ដារ និង​អភិវឌ្ឍន៍​ព្រៃឈើ​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ធ្វើឡើង​ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​ឱ្យ​ជួយ​បង្ហាញ​ពី​អត្តសញ្ញាណ​ជនល្មើស​ដែល​បាន​ចូល​ទៅ​កាប់​ដើមឈើ​គ្រញូង​ក្នុង​តំបន់​អភិរក្ស​កាលពី​ពេល​ថ្មីៗ​នេះ។

តំបន់​ស្ដារ និង​អភិវឌ្ឍន៍​ព្រៃឈើ​បន្ទាយស្រី ស្ថិត​ក្នុង​ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី និង​ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប មាន​ចម្ងាយ ៦០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​ប្រភព​គ្រាប់​ពូជឈើ​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ប្រភេទ​ឈើ​គ្រញូង ក្នុង​ទំហំ​ដី ១៨៨៨​ហិកតារ ក្នុង​ឆ្នាំ​២០១០ និង​បាន​ទទួលស្គាល់​ពី​ក្រសួង​កសិកម្ម​នៅ​ឆ្នាំ​២០១៦ ដែល​បាន​ពង្រីក​ផ្ទៃដី​ដល់​ទៅ ២៨៣៥​ហិកតារ។

តំបន់​ស្ដារ និង​អភិវឌ្ឍន៍​ព្រៃឈើ​បន្ទាយស្រី នេះ ស្ថិត​ក្រោម​ការ​ទទួល​ខុសត្រូវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ និង​សត្វព្រៃ ប៉ុន្តែ​ខណ្ឌ​រដ្ឋាភិបាល​ព្រៃឈើ​ខេត្ត​សៀមរាប បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទទួល​ខុសត្រូវ​ការពារ​តំបន់​ស្ដារ និង​អភិវឌ្ឍន៍​ព្រៃឈើ​បន្ទាយស្រី នេះ​ផង​ដែរ ក្នុង​នោះ​ពួកគេ​បាន​បំពេញ​តួនាទី​នេះ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា សកម្មភាព​ជន​ខិលខូច​ដែល​លួច​កាប់​ដើមឈើ​ក្នុង​តំបន់​ហាមឃាត់​បែប​នេះ មិន​មែន​ជា​លើក​ទី​១ នោះ​ទេ។ កន្លងមក ក៏​មាន​ជន​ខិលខូច​លួច​កាប់​ដើមឈើ​ធំៗ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​ផង​ដែរ ប៉ុន្តែ​អាជ្ញាធរ​គ្មាន​សមត្ថភាព​ចាប់​ជន​ខិលខូច​ទាំងនោះ​យក​ទៅ​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់​បាន​ម្តង​ណា​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវតែ​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចំពោះ​ការ​ធ្វេសប្រហែស​លើ​កិច្ច​ការងារ​របស់​ខ្លួន​បែប​នេះ ជាពិសេស​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប ដែល​មាន​តួនាទី​ការពារ​តំបន់​តំបន់​ស្ដារ និង​អភិវឌ្ឍន៍​ព្រៃឈើ​បន្ទាយស្រី នេះ។ បើ​គ្មាន​វិធានការ​ច្បាប់​ច្បាស់លាស់​ទេ ករណី​នេះ​នឹង​នៅតែ​កើតមាន​ដដែលៗ ដូចជា​ការ​លួច​កាប់​ដើមឈើ​នៅ​បរិវេណ​អង្គរវត្ត​ដូច្នោះ​ដែរ។

សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ យល់​ឃើញ​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​មាន​ការ​លួច​កាប់​ឈើ​នៅ​តំបន់​មួយ​នេះ។ លោក​បន្ត​ថា វា​ជា​រឿង​អាម៉ាស់​ខ្លាំង​ណាស់​ដែល​មន្ត្រី​ទាំងនោះ​បណ្ដោយ​ឲ្យ​មាន​កាប់​ឈើ​នៅ​តំបន់​នោះ​បាន ដែល​វា​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា មន្ត្រី​ទាំងនោះ​គ្មាន​សមត្ថភាព​ការពារ​ព្រៃឈើ​នោះ​ទេ។

លោក​បន្ថែម​ថា មន្ត្រី​ទាំងនោះ​គួរតែ​ត្រូវ​បាន​ដក​ចេញ​ដោយសារ​គ្មាន​សមត្ថភាព​ធ្វើការ ហើយ​ពួកគេ​ដេក​ចាំ​តែ​បើក​ប្រាក់ខែ តែ​គ្មាន​សមត្ថភាព។ លោក ហេង ស្រស់ បន្ថែម​ថា អ្នក​ដែល​រកស៊ី​ឈើ​ទាំងនោះ​មិន​មែន​អ្នក​តូចតាច​នោះ​ទេ បើ​មិន​មាន​អំណាច​បក្ស​ក្នុង​ជួរ​មន្ត្រី​រាជការ​ទេ នោះ​ពួកគេ​ក៏​មិន​ហ៊ាន​រកស៊ី​នោះ​ដែរ។

របាយការណ៍​ពី​មន្ត្រី​បរិស្ថាន​ខេត្ត​សៀមរាប ឱ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​ឆ្នាំ​២០២០ រហូត​ដល់​ឆ្នាំ​២០២១ កន្លងទៅ បទល្មើស​លួច​កាប់​ដើម​គ្រញូង​ក្នុង​តំបន់​អង្គរ​មាន​ប្រមាណ​ជាង ១០​ករណី​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ករណី​មួយ​ណា​ដែល​សមត្ថកិច្ច​វែកមុខ​ជនល្មើស​បាន​នៅឡើយ​ទេ ខណៈ​ការ​កាប់​ពូជឈើ​ប្រណិត​ទាំងនោះ​នៅតែ​បន្ត​កើត​មាន​រហូត​ដល់​សព្វ​ថ្ងៃនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស