30 C
Phnom Penh

ពលរដ្ឋ​រិះគន់​អាជ្ញាធរ​អប្សរា​ថា​កាប់​ដើមឈើ​ធំៗ​ជាប់​ខ្លោងទ្វារ​ទន្លេ​អុំ​តំបន់​អង្គរ​ជា​ការ​បំផ្លាញ​ដើមឈើ​ដូនតា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រិះគន់​ថា ការ​យក​លេស​របស់​អាជ្ញាធរ​អប្សរា​ដែល​ថា​ការ​កាប់​ដើមឈើ​ធំៗ​ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​នៅ​ខាង​មុខ​ខ្លោងទ្វារ​ទន្លេ​អុំ ក្នុង​តំបន់​អង្គរ​ជា​បន្តបន្ទាប់​ដើម្បី​ការពារ​មិន​ឲ្យ​រលំ​ទៅ​ថ្ងៃ​មុខ​ទៀត គឺជា​យុទ្ធនាការ​កាប់​បំផ្លាញ​ដើមឈើ​ធំៗ​ខ្ទេចខ្ទី​គ្មាន​សល់​តែប៉ុណ្ណោះ។

សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម បាន​បញ្ចេញមតិ​ថា មុន​នឹង​កាប់​រំលំ​ដើមឈើ​ទាំងនោះ អាជ្ញាធរ​អប្សរា​គួរ​មាន​មន្ត្រី​ជំនាញ​ចុះ​ទៅ​សិក្សា និង​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់លាស់។

ហ្វេសប៊ុក​ឈ្មោះ Reno Lee បាន​បញ្ចេញមតិ​ថា «ដើមឈើ​នេះ​រាប់​ពាន់​ឆ្នាំ​ហើយ មិន​ឃើញ​រលំ​ទៅ​ណា​ទេ បើ​នៅ​ស្រុក​គេ​វិញ គឺ​មាន​វិធី​ការពារ។ មិន​ព្រម​សិក្សា និង​ថែរក្សា​ទេ តែ​បែរ​ជា​នាំគ្នា​ខំ​កាប់​ទៅ​វិញ។»

ចំណែក​ឈ្មោះ Ratha Solo និយាយ​ថា «ប្រទេស​គេ​ដើមឈើ​ធំៗ​គេ​មាន​តែ​អភិរក្ស ប៉ុន្តែ​ប្រទេស​កម្ពុជា​វិញ ដើមឈើ​ធំៗ​កាប់​បំផ្លាញ​ខ្ទេចខ្ទី។»

ចំណែក​គណនី​ឈ្មោះ Sona Konpov ថា «ការ​កាប់​ដើមឈើ​នេះ ជា​គ្រោះ​របស់​ប្រជាជន រីឯ​លាភ គឺ​អ្នក​ធំ​ជា​អ្នក​ទទួល។»

សកម្មភាព​អាជ្ញាធរ​ជាតិ​អប្សរា​កាប់​ដើមឈើ​នៅ​រមណីយដ្ឋាន​អង្គរ​ក្រោម​ហេតុផល​មាន​ហានិភ័យ និង​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៤។

ការ​កាប់​ដើមឈើ​ធំៗ​នៅ​មុខ​ខ្លោងទ្វារ​ទន្លេ​អុំ​តំបន់​អង្គរ​នេះ គណនី​ឈ្មោះ Pheakdey Nhim ចាត់ទុក​ថា​ជា​យុទ្ធសាស្ត្រ​កន្ទេល​ធំ​បន្លំ​ដេក ចំណែក​គណនី​ឈ្មោះ ខ្មែរ​ក្រោក​ខ្មែរ​រស់ សរសេរ​ថា ឈើ​ប្រណិត​ដែល​ពួកគេ​កំពុង​កាប់​នោះ គឺ​ដឹកជញ្ជូន​ទៅ​ទុក និង​កន្លែង​វិស្វកម្ម​សម្ដេច​តេជោ​នៅ​ក្រុង​សៀមរាប ដែល​ក្រុម​វិស្វកម្ម​លោក ហ៊ុន សែន ដើរ​ម៉ៅការ​សំណង់​តូច​ធំ​ក្នុង​ក្រុង​សៀមរាប។

សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម លើកឡើង​ថា អាជ្ញាធរ​ជាតិ​អប្សរា​មិន​បាន​ជួយ​ការពារ បែរ​ជា​ឃុបឃិត​គ្នា​ដោយ​ប្រើ​លេស​ការពារ​មិន​ឱ្យ​ដើមឈើ​ដួល​រលំ​នៅ​ថ្ងៃ​មុខ ហើយ​កាប់​បំផ្លាញ​ដើមឈើ​ធំៗ​របស់​ដូនតា​ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ ដើម្បី​យក​លុយ​ចែក​គ្នា​ទៅ​វិញ។

កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ដើមឈើ​នៅ​ខាង​មុខ​ខ្លោងទ្វារ​ទន្លេ​អុំ​នៃ​ក្រុង​អង្គរធំ បាន​ដួល​រលំ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ ហើយ​របួស ៣​នាក់។ ក្រោយ​ហេតុការណ៍​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​នាំគ្នា​ទៅ​អារ​រំលំ​ដើមឈើ​ធំៗ​នៅ​មុខ​ខ្លោងទ្វារ​ទន្លេ​អុំ​ក្នុង​តំបន់​អង្គរ​បន្តបន្ទាប់ ក្រោម​លេស​ថា ការពារ​មិន​ឱ្យ​រលំ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។

កាលពី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៣ ដើម​គ្រញូង​ដ៏​ធំ​មួយ​ដើម​នៅ​ក្នុង​តំបន់​អង្គរ ស្ថិត​នៅ​ភូមិ​មណ្ឌល៣ ជាប់​ផ្លូវ​ក្រវាត់​ឧទ្យាន​អង្គរ ត្រូវ​ចោរ​លួច​កាប់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​បែប​នេះ បាន​កើត​ឡើង​ជា​ហូរហែ​តាំង​ពី​មុន​មក​រហូត​ដល់​សព្វថ្ងៃ​នេះ។ ជាក់ស្តែង ដើម​គ្រញូង​ចំនួន ៤​ដើម​ដែល​មាន​អាយុកាល​ប្រមាណ ៥០​ឆ្នាំ ត្រូវ​គេ​លួច​កាប់​ក្នុង​ចម្ការ​ពូជ​ឈើ​គ្រញូង​ដែល​មាន​ទំហំ​ជិត ២​ពាន់​ហិកតា (១៨៨០​ហិកតា) នៅ​ភូមិ​ខ្នាតពោធិ៍ និង​ភូមិ​វត្ត ឃុំ​ស្រែពោធិ៍ ស្រុក​វ៉ារិន និង​ភូមិ​ខ្នារក្រៅ ឃុំ​កន្ទួត ស្រុក​ស្វាយលើ និង​ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាលពី​ពាក់កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ​នោះ៕

សកម្មភាព​អាជ្ញាធរ​ជាតិ​អប្សរា​កាប់​ដើមឈើ​នៅ​រមណីយដ្ឋាន​អង្គរ​ក្រោម​ហេតុផល​មាន​ហានិភ័យ និង​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៤។
សកម្មភាព​អាជ្ញាធរ​ជាតិ​អប្សរា​កាប់​ដើមឈើ​នៅ​រមណីយដ្ឋាន​អង្គរ​ក្រោម​ហេតុផល​មាន​ហានិភ័យ និង​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៤។
សកម្មភាព​អាជ្ញាធរ​ជាតិ​អប្សរា​កាប់​ដើមឈើ​នៅ​រមណីយដ្ឋាន​អង្គរ​ក្រោម​ហេតុផល​មាន​ហានិភ័យ និង​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៤។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស