សកម្មជនបរិស្ថានចំនួន ៦នាក់ដែលត្រូវបានចាប់ខ្លួននៅខេត្តស្ទឹងត្រែង ក្រោមបទចោទបានចូលទៅក្នុងតំបន់ហាមឃាត់នោះ ត្រូវបានដោះលែងវិញហើយនៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា តាមការបញ្ជាក់អះអាងពីប្រធានប្រតិបត្តិសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ វិច្ឆិកា នេះថា ទង្វើអាជ្ញាធរប្រព្រឹត្តទៅលើសកម្មជនព្រៃឈើទាំងនេះ មិនមែនជានីតិវិធីក្នុងការអនុវត្តច្បាប់ដើម្បីការពារព្រៃឈើពីការកាប់បំផ្លាញដោយក្រុមឧក្រិដ្ឋជនដែលកំពុងកាប់បំផ្លាញព្រៃឈើខ្មែរនោះទេ។
លោក ម៉ែន ណាត បន្តថា លោកមើលមិនឃើញពីភាពចំណេញ ឬផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជាចំពោះការចាប់ខ្លួនសកម្មជនព្រៃឈើទាំងនោះឡើយ។ ផ្ទុយទៅវិញ គឺមានតែបំផ្លាញប្រទេសកម្ពុជាប៉ុណ្ណោះ ប៉ុន្តែទង្វើបែបនេះគឺផ្តល់ផលប្រយោជន៍ និងចំណេញដល់ក្រុមឧក្រិដ្ឋជនដែលរកស៊ីឈើខុសច្បាប់ រួមទាំងមន្ត្រីពុករលួយដែលគប់គិតគ្នាប្រព្រឹត្តអំពើទាំងនេះទៅវិញទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះជំរុញឱ្យរាជរដ្ឋាភិបាល បង្កើតគណៈកម្មាធិការស៊ើបអង្កេតលើឧក្រិដ្ឋកម្មព្រៃឈើដែលតែងតែកើតមាននៅប្រទេសកម្ពុជាកន្លងមក ដើម្បីធានានូវការអនុវត្តច្បាប់ការពារព្រៃឈើឱ្យមានប្រសិទ្ធភាព។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មជនបរិស្ថាន ៦នាក់រួមមានលោក អ៊ូច ឡេង លោក ព្រុំ ម៉ៅ លោក មន ម៉ាប់ (ហៅ ផុន) លោក អូត ឡាទីន លោក តាត ឧត្តម និងលោក ហេង ស្រស់ ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយចោទថាពួកគេបានចូលតំបន់ហាមឃាត់ដោយគ្មានការអនុញ្ញាត។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ វិច្ឆិកា នេះថា ការចាប់សកម្មជនព្រៃឈើទាំងនេះ ក្រោមលេសថាពួកគេបានចូលតំបន់ហាមឃាត់ គឺជារឿងមិនត្រឹមត្រូវ។ លោកថា ក្រៅតែពីតំបន់យុទ្ធសាស្ត្រកងទ័ព លោកមិនធ្លាប់ឮថាដែនដីព្រៃឈើខ្មែរមានតំបន់ហាមឃាត់មិនឲ្យពលរដ្ឋចូលនោះទេ។
លោក គឹម សុខ ចោទសួរថា តើតំបន់ហាមឃាត់ដែលមិនអនុញ្ញាតឲ្យអ្នកការពារព្រៃឈើចូលស្រាវជ្រាវអំពីធនធានធម្មជាតិ ជាតំបន់ទុកឲ្យក្រុមហ៊ុនឈ្មួញរកស៊ីកាប់បំផ្លាញឈើខុសច្បាប់ ឬហាមឃាត់ទុកឲ្យជនជាតិវៀតណាម ធ្វើជាតំបន់អបគមន៍ខុសច្បាប់នៅលើទឹកដីខ្មែរឬយ៉ាងណា។
ជុំវិញបញ្ហានេះ អង្គការលីកាដូ (LICADHO) អះអាងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា នេះថា សកម្មជន និងអ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួនទាំងនេះ បានចងក្រងពីសកម្មភាពបំផ្លាញព្រៃឈើក្នុងឧទ្យានជាតិ វើនសៃសៀមប៉ាង រហូតមក។ អង្គការលីកាដូគូសបញ្ជាក់ថា ដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានផ្ដល់ឱ្យក្រុមហ៊ុន ធី.អេស.អិម ដាប់បែលយូ ឯ.ក (TSM WW) បានរំលោភលើសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២ ផងដែរ ដោយសារតែជាប់ទាក់ទងទៅនឹងការបណ្ដេញចេញដ៏ច្រើនសន្ធឹកសន្ធាប់ ការបំផ្លិចបំផ្លាញព្រៃឈើ និងការបាត់បង់ធនធានធម្មជាតិផ្សេងៗ។
កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ កន្លងទៅ សារព័ត៌មានអន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បានលាតត្រដាងថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គឺជាអ្នកគ្រប់គ្រងកំពូល ខណៈលោក ហ៊ុន ម៉ាណែត គឺជាអ្នកគ្រប់គ្រងបន្ទាប់លើបណ្ដាញឧក្រិដ្ឋជនព្រៃឈើថ្នាក់ក្រោម ដូចជា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ជាដើម ដែលល្បីល្បាញខាងរកស៊ីឈើខុសច្បាប់នៅខេត្តស្ទឹងត្រែង សព្វថ្ងៃនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

