កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ ដោយគ្មានមូលហេតុច្បាស់លាស់ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារបដិសេធមិនឲ្យមេធាវីចូលជួបកូនក្ដីរបស់ខ្លួន។
ការបញ្ជូនកញ្ញា សេង ធារី ទៅពន្ធនាគារខេត្តព្រះវិហារ ធ្វើឡើងបន្ទាប់ពីមន្ត្រីពន្ធនាគារបានប្រាប់សារព័ត៌មានក្នុងស្រុកថា កន្លងមក កញ្ញា សេង ធារី បានធ្វើសកម្មភាពមួយចំនួននាំឱ្យមានភាពចលាចល ដូច្នេះខាងពន្ធនាគារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្រោមហេតុផលថា ក្រុមអ្នកគាំទ្រកញ្ញា សេង ធារី ត្រៀមធ្វើបាតុកម្មនៅខាងមុខមណ្ឌលអប់រំកែប្រែនោះ។
កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំងរូបនេះត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៤ ខែមិថុនា ក្រោយពីតុលាការក្រុងភ្នំពេញប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់» ករណីកញ្ញាបង្ហោះសារគាំទ្រគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ ដែលប៉ុនប៉ងចូលចាប់ខ្លួនលោក ហ៊ុន សែន។
នៅមុនពេលចាប់ខ្លួន កញ្ញា សេង ធាវី បានរិះគន់លោក ហ៊ុន សែន ខ្លាំងៗ។ កញ្ញាបានហៅរបបដឹកនាំបច្ចុប្បន្នថាជារបបផ្ដាច់ការ បំបិទសិទ្ធិសេរីភាព គំរាមកំហែង និងចាប់ចងពលរដ្ឋស្លូតត្រង់ដែលគ្រាន់តែបញ្ចេញមតិដោយសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
មួយវិញទៀត នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា កញ្ញា សេង ធារី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កញ្ញាចង់ឱ្យលោក ហ៊ុន សែន ចុះចេញពីតំណែងដោយខ្លួនឯង និងគោរពសិទ្ធិពលរដ្ឋ។
អំឡុងពេលដែលចូលបង្ហាញខ្លួនក្នុងសវនាការកន្លងមក កញ្ញា សេង ធារី តែងតែតស៊ូដោយស្លៀកពាក់បែរអប្សរា បែបអ្នកទោសដោយដាក់ខ្នោះជើង និងដាក់ច្រវាក់ដៃខ្លួនឯង ដើម្បីបង្ហាញថា កម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន មិនមានសេរីភាព ហើយថាការចោទប្រកាន់របស់តុលាការជាឆាកល្ខោនរបស់គណបក្សកាន់អំណាច។
នាយកគ្រប់គ្រងទូទៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា កញ្ញា សេង ធារី មុនពេលចាប់ខ្លួនតែងធ្វើការតស៊ូមតិដើម្បីសេរីភាព និងយុត្តិធម៌សង្គម ដែលអាចជាមុខសញ្ញារបស់អាជ្ញាធរ ប៉ុន្តែលោកថាសម្រាប់ក្រុមអង្គការសង្គមស៊ីវិលវិញ កញ្ញា សេង ធាវី ជាវីរនារីដែលក្រាញននៀលតស៊ូលើកកម្ពស់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
លោកបន្ថែមថា សកម្មភាពរបស់កញ្ញា សេង ធារី បានជំរុញឲ្យមានការលើកទឹកចិត្តស្ត្រីខ្មែរឱ្យចូលរួមការងារសិទ្ធិមនុស្ស និងការងារសង្គម ហើយថាចំណាត់ការនេះខុសគ្នាទៅនឹងចំណាត់ការលើឧកញ៉ាមួយចំនួនដែលជាប់ពាក់ព័ន្ធទៅនឹងបទល្មើសឧក្រិដ្ឋកម្មគ្រឿងញៀន។
ក្រោយពីតុលាការក្រុងភ្នំពេញកាត់ទោសកញ្ញា សេង ធារី អតីតមេដឹកនាំបក្សប្រឆាំង និងសកម្មជនបក្សប្រឆាំងប្រមាណ ៦០នាក់នោះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសម្ដែងការខកចិត្តខ្លាំងដោយចាត់ទុកសាលក្រមនេះថាជាសាលក្រមដ៏អយុត្តិធម៌សម្រាប់កញ្ញា សេង ធារី និងអ្នកដទៃទៀត។
ក្រៅពីស្ថានទូតអាមេរិក ក៏មានក្រុមសង្គមស៊ីវិលអន្តរជាតិ ក្រៅ និងក្នុងស្រុកដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស បង្ហាញការសោកស្ដាយ និងចាត់ទុកការចាប់ខ្លួន និងផ្ដន្ទាទោសមេដឹកនាំ សកម្មជន និងកញ្ញា សេង ធារី ចន្លោះពី ៥ ទៅ ៨ឆ្នាំ ថាជារឿងអយុត្តិធម៌ ហើយពួកគេទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកទាំងនោះឱ្យមានសេរីភាពវិញ។
កញ្ញា សេង ធារី គឺជាមេធាវីម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅសហរដ្ឋអាមេរិក។ ក្រោយមក កញ្ញាបានវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិកអំឡុងពេលរត់ភៀសខ្លួនចេញពីរបបខ្មែរក្រហម។ កញ្ញាបានធ្វើការងារសង្គមជាច្រើន ដើម្បីជួយទៅដល់ការកសាងសន្តិភាព អប់រំពីច្បាប់ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងធ្លាប់ធ្វើជាប្រធានអង្គការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម» ថែមទៀតផង៕