38 C
Phnom Penh

លោក កឹម សុខា ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​រូបលោក​ព្រោះ​លោក​ចង់​បម្រើ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​រូបលោក ព្រោះ​លោក​ចង់​បម្រើ​ជាតិ​មាតុភូមិ​កម្ពុជា ជាជាង​ការ​បង្ក​ជម្លោះ​ដែល​នាំ​ឱ្យ​បែកបាក់​សាមគ្គី​ជាតិ​ខ្មែរ ខណៈ​ក្រុម​ឃ្លាំមើល​សង្គម​ចាត់ទុក​ថា​សវនាការ​របស់​លោក កឹម សុខា ជា​សវនាការ​នយោបាយ។

មន្ត្រី​ឃ្លាំមើល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ការ​តាមដាន​សវនាការ​របស់​លោក កឹម សុខា ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា សវនាការ​លើក​ទី​៤៥ នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​រូបលោក ហើយ​លោក​ក៏​នឹង​មិន​ចង​គំនុំ​សងសឹក​តប​វិញ​ដែរ ក្នុង​នោះ​លោក កឹម សុខា បញ្ជក់​ថា លោក​ចង់​បម្រើ​ជាតិ​មាតុភូមិ​កម្ពុជា ជាជាង​ការ​បង្ក​ជម្លោះ​ដែល​នាំ​ឱ្យ​បែកបាក់​សាមគ្គី​ជាតិ​ខ្មែរ។

លោក យី សុខសាន្ត បន្ត​ថា តុលាការ​សួរ​ដេញដោល​ជុំវិញ​អង្គហេតុ​ប្រទូសរ៉ាយ​ដែល​សំដៅ​ដល់​ការ​ធ្វើ​បាតុកម្ម ដែល​តុលាការ​បាន​ចោទ​ថា លោក កឹម សុខា បាន​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វេងស្រេង កាលពី​ឆ្នាំ​២០១៤ និង​កន្លែង​ផ្សេង​ទៀត ជាដើម។

លោក យី សុខសាន្ត អះអាង​ថា សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ តុលាការ​បាន​លើកឡើង​ពី​ការ​ឃុបឃិត​រវាង​រដ្ឋ​បរទេស និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​តុលាការ​នៅតែ​មិន​បញ្ជាក់​ថា​ជា​រដ្ឋ​បរទេស​ណា​មួយ​នោះ​ទេ។ ចំណែក​ការ​លើកឡើង​ថា លោក កឹម សុខា បាន​ដឹកនាំ​បាតុកម្ម​ហិង្សា​នៅ​លើ​ផ្លូវ​វេងស្រេង កាលពី​ឆ្នាំ​២០១៤ និង​កន្លែង​ផ្សេង​ទៀត ក៏​តុលាការ​គ្មាន​ភស្តុតាង​ជាក់លាក់​ដូច​គ្នា​ដែរ។ លោក​ចាត់ទុក​ថា សវនាការ​នេះ​គ្រាន់តែ​ជា​សវនាការ​នយោបាយ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។

យ៉ាងណាក៏ដោយ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បដិសេធ​នូវ​ការ​លើកឡើង​នេះ​ទាំងស្រុង និង​ទាមទារ​ឱ្យ​តុលាការ​បង្ហាញ​ភស្តុតាង​ពិតប្រាកដ​ពី​សកម្មភាព​បាតុកម្ម​ដែល​តុលាការ​បាន​អះអាង​ថា លោក​បាន​ដឹកនាំ​ឱ្យ​មាន​អំពើ​ហិង្សា​នោះ ប៉ុន្តែ​តុលាការ​មិន​បាន​បង្ហាញ​វីដេអូ​ភស្តុតាង​ជាក់លាក់​ណា​មួយ​នោះ​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ លោក​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​តុលាការ​កម្ពុជា​មិន​ទាន់​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​យ៉ាង​ច្រើន​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Carmen Monero អំពី​ស្ថានភាព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ដំណើរការ​សវនាការ​របស់​លោក​សព្វថ្ងៃ​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​សង្គម​រូប​នេះ​អះអាង​ថា សហភាព​អឺរ៉ុប​នៅតែ​បញ្ជាក់​អំពី​គោលជំហរ​ឥត​ងាករេ ដែល​ពួកគេ​ទាមទារ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​អនុវត្ត​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ ព្រមទាំង​ត្រូវ​ផ្តល់​យុត្តិធម៌​ជូន​រូបលោក​វិញ​ផង​ដែរ។

ចាប់តាំងពី​ឆ្នាំ​២០១៧ មក តុលាការ​កម្ពុជា​បាន​បើក​សវនាការ​លើ​ករណី​លោក កឹម សុខា ចំនួន ៤៥​លើក​ហើយ តែ​មិនទាន់​មាន​ភស្តុតាង​ណា​មួយ​ដែល​ត្រឹមត្រូវ​តាម​ច្បាប់​អាច​កាត់ទោស​លោក​បាន​នៅឡើយ​ទេ ខណៈ​ក្រុម​អ្នក​សង្កេតការណ៍​នៅតែ​មាន​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​លើ​ប្រព័ន្ធ​តុលាការ​ថា សំណុំរឿង​នេះ​គឺជា​រឿង​នយោបាយ ដែល​បម្រើ​ឱ្យ​បក្ស​កាន់​អំណាច​ក្នុង​គោលបំណង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ និង​បិទ​សិទ្ធិ​នយោបាយ​មេ​បក្ស​ប្រឆាំង​ដែល​ជា​គូប្រកួត​គួរ​ឱ្យ​ព្រួយបារម្ភ​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស