28 C
Phnom Penh

ពលរដ្ឋ​ថា​ក្រុមហ៊ុន​ស៊ីងបាយ​អូថេច​បន្ត​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​ដោយ​គ្មាន​ការ​ទប់ស្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា សកម្មភាព​គោយន្ត​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ ហើយ​ដឹក​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន ស៊ីងបាយ អូថេច នៅ​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​ចាប់ផ្ដើម​សាជាថ្មី​ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់​នោះ​ឡើយ។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ក្រចេះ លោក ស្វាយ សុង បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​កាន់តែ​សកម្ម​ខ្លាំង​ឡើងៗ​ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ខាង​ណា​មក​ទប់ស្កាត់​នោះ​ទេ។

លោក​បន្ត​ទៀត​ថា សកម្មភាព​នេះ​កើតឡើង​ទាំង​យប់​ទាំង​ថ្ងៃ គ្មាន​សមត្ថកិច្ច​ណា​អាច​ទប់ស្កាត់​បាន​ឡើយ ដោយសារតែ​មន្ត្រី​បរិស្ថាន​មិន​អនុញ្ញាត​ឲ្យ​សហគមន៍​ចូលរួម​ជួយ​ទប់ស្កាត់។ លោក​ថា លោក​គ្មាន​ពាក្យ​អ្វី​ក្រៅពី​ពាក្យ​សោកស្ដាយ​ព្រៃឈើ​ទាំងនោះ​ទេ។

ប្រជា​សហគមន៍​ឲ្យ​ដឹង​ទៀត​ថា គោយន្ត​ទាំងនោះ​បាន​សម្រុក​ចូល​ទៅ​ចំណុច​ចែម៉ែ ត្រពាំងទា សោមតាប៉ូ ដែល​ស្ថិត​នៅ​ក្នុង​ដែល​ជម្រក​សត្វ​ព្រៃឡង់។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ បាន​លើកឡើង​ថា នៅ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​ក្រចេះ មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​មាន​ការ​កាប់​ឈើ ហើយ​ដឹក​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន គឺ​មាន​តាំងពី​ឆ្នាំ​២០១៩ មក។ លោក​ថា ក្រុមហ៊ុន​មួយ​នេះ​តែង​បញ្ជូន​កម្មករ​របស់​ខ្លួន​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់ យក​ដាក់​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន រួច​ដឹក​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​អង្គរ​ផ្លាយ​វូត។

លោក​បន្ត​ទៀត​ថា រូបលោក​ផ្ទាល់​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ម្ដង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០២១ ពី​សំណាក់​មន្ត្រី​បរិស្ថាន​ខេត្ត​ក្រចេះ ដោយសារតែ​លោក​បាន​ថត​ក្បួន​គោយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន ស៊ីងបាយ អូថេច ដែល​កំពុងតែ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​បរិស្ថាន​មិន​បាន​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​នោះ​ទេ តែ​ផ្ទុយទៅវិញ មន្ត្រី​ទាំងនោះ​កំពុងតែ​ជួយ​ជ្រោមជ្រែង​ដល់​ក្រុម​ឧក្រិដ្ឋជន​ទៅវិញ​នោះ​ទេ។

លោក ហេង ស្រស់ បន្ថែម​ទៀត​ថា វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​រកស៊ី​ឈើ​ខ្នាត​ធំ​បែប​នេះ។

The Cambodia Daily មិន​អាច​ទំនាក់ទំនង​លោក នេត្រ ភត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន និង​ក្រុមហ៊ុន ស៊ីងបាយ អូថេច ដើម្បី​ធ្វើការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ។

កាលពី​ថ្មីៗ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ចំនួន​ជាង ៦​ពាន់​ហិកតារ (៦២៧១​ហិកតារ) ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ មាន​ការ​កាប់​ឈើ​ដោយ​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

របាយការណ៍​នេះ​ថែម​ទាំង​ចោទប្រកាន់​ចំៗ​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​ជាពិសេស​មន្ត្រី​ក្រសួង​បរិស្ថាន ថា​មិន​បាន​អើពើ​នឹង​ការ​រាយការណ៍​ករណី​បទល្មើស​ព្រៃឈើ​ពី​ពលរដ្ឋ ហើយ​ថា​មន្ត្រី​ក្រសួង​បរិស្ថាន​ទាំងនោះ​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ដោយ​គ្រាន់តែ​ដើម្បី​ទទួល​លុយ​ក្រោម​តុ​ពី​ជនល្មើស​តែប៉ុណ្ណោះ។

សហរដ្ឋ​អាមេរិក​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​បញ្ចប់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្រោម​គម្រោង​ព្រៃឡង់​បៃតង ដោយ​លើក​ហេតុផល​ថា «បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ» ដែល​បណ្ដាល​ឱ្យ​បទល្មើស​ចេះតែ​បន្ត​កើតមាន​កាន់តែ​ខ្លាំង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស