32 C
Phnom Penh

ប្រទេស G-7 សន្យា​បញ្ចេញ​ប្រាក់​៦០០​ពាន់​លាន​ដុល្លារ​ទប់ទល់​នឹង​យុទ្ធសាស្ត្រ​របស់​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ទាំង​៧ ហៅ​កាត់​ថា G-7 កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ មិថុនា បាន​សន្យា​បញ្ចេញ​កញ្ចប់​ថវិកា​ឱ្យ​បាន ៦០០​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ផ្ដល់​ទៅ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ទម្រង់​ជា​ប្រាក់កម្ចី​ផង និង​ប្រាក់​ជំនួយ​ផង។

សេចក្ដី​សម្រេច​ដែល​មាន​នៅ​លើ​សេចក្ដី​ថ្លែងការណ៍​រួម​កម្រាស់ ៦​ទំព័រ ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ឡើង​នៅ​រដ្ឋ Bavaria នៅ​ភាគ​ខាងត្បូង​ប្រទេស​អាល្លឺម៉ង់។

ក្នុង​ជំនួប​របស់​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 មក​ជួប​គ្នា​ផ្ទាល់​ហើយ រួម​នឹង​មេដឹកនាំ​សហភាព​អឺរ៉ុប ផង​ដែរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មិថុនា នេះ។

គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​ទម្រង់​ជា​មូលនិធិ​ឯកជន និង​មូលនិធិ​សាធារណៈ​ក្នុង​រយៈពេល ៥​ឆ្នាំ ដើម្បី​យក​ទៅ​គាំទ្រ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​ការ​ជួយ​ជា​ចាំបាច់​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងនោះ។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា គម្រោង​ដែល​មាន​ឈ្មោះ​ថា «ភាព​ជា​ដៃគូ​សម្រាប់​ការ​វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពិភពលោក» គឺ​សំដៅ​ទប់ទល់​ជាមួយ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន ដែល​ចិន​បញ្ចេញ​សាច់ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​ជាច្រើន​ក្នុង​គម្រោង​ប្រាក់កម្ចី។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ប្រកាស​ថា អាមេរិក​នឹង​បញ្ចេញ​ថវិកា​ចំនួន ២០០​ពាន់​លាន​ដុល្លារ ក្នុង​នោះ​មាន​កញ្ចប់​ជំនួយ​ឥត​សំណង មូលនិធិ​សហព័ន្ធ និង​ការ​វិនិយោគ​ឯកជន​សម្រាប់​រយៈពេល ៥​ឆ្នាំ ដើម្បី​គាំទ្រ​ដល់​គម្រោង​ផ្សេងៗ​នៅ​តាម​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ដែល​ជួយ​ដោះស្រាយ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ក៏ដូចជា​លើក​កម្ពស់​សុខាភិបាល​អន្តរជាតិ សមភាព​យេនឌ័រ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។

លោក ចូ បៃដិន បាន​លើកឡើង​ទៀត​ថា តាមរយៈ​គម្រោង​វិនិយោគ​ថ្មី​នេះ ប្រទេស​កំពុង​អភិវឌ្ឍ​នឹង​អាច​មើល​ឃើញ​ដោយ​ខ្លួនឯង​អំពី​ផលប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​ចាប់​ដៃគូ​ជាមួយ​នឹង​ប្រទេស​ប្រជាធិបតេយ្យ។

ចំណែក​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា អឺរ៉ុប​នឹង​បញ្ចេញ​ថវិកា ៣០០​ពាន់​លាន​អឺរ៉ូ ស្មើ​នឹង ៣១៦​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល ៥​ឆ្នាំ​ដោយ​សំដៅ​បង្កើត​នូវ​និរន្តរភាព​សម្រាប់​គាំទ្រ​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងនោះ។

ប្រធាន​គណៈកម្មការ​នេះ​បញ្ជាក់​បន្ថែម​ថា គោលដៅ​នៃ​គម្រោង​វិនិយោគ​នេះ គឺ​ចង់​បង្ហាញ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ឃើញ​ថា ពួកគេ​មិន​មែន​មាន​ជម្រើស​តែ​មួយ​នោះ​ទេ ក៏ប៉ុន្តែ​អាច​មាន​ជម្រើស​ច្រើន​នៅ​ក្នុង​ការ​ចាប់​ដៃគូ​វិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​របស់​ពួកគេ។ នៅ​ក្នុង​សហភាព​អឺរ៉ុប​នេះ គឺ​អាល្លឺម៉ង់ និង​បារាំង ក៏​ជា​សមាជិក​ក្រុម G-7 ដែរ។

ជាមួយ​គ្នា​នេះ មេដឹកនាំ​ប្រទេស​អង់គ្លេស អ៊ីតាលី កាណាដា និង​ជប៉ុន ក៏​បាន​លើកឡើង​ពី​ផែនការ​រៀងៗ​ខ្លួន​របស់​ពួកគាត់​នូវ​កញ្ចប់​ថវិកា​ក្នុង​គម្រោង «ភាព​ជា​ដៃគូ​សម្រាប់​ការ​វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពិភពលោក»

ដោយ​បុព្វហេតុ​នេះ ក្រុម​ប្រទេស G-7 បាន​សម្រេច​ថា​កញ្ចប់​ថវិកា ៦០០​ពាន់​លាន​ដុល្លារ គឺជា​អាទិភាព​សម្រាប់​ការ​វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពិភពលោក។ ប្រទេស G-7 មាន​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អ៊ីតាលី និង​ជប៉ុន។

យ៉ាងណា ចំពោះ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន មក​ទល់​ពេលនេះ​កំពុង​មាន​នៅ​បណ្ដា​ប្រទេស​ជាង ១០០ ដែល​ជា​ផ្នែក​មួយ​ដើម្បី​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រទេស​នេះ។

តែបើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​មេដឹកនាំ G-7 គឺ​ខុស​ពី​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ដែល​ទុន​វិនិយោគ​មាន​ប្រភព​ពី​រដ្ឋ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​រដ្ឋ​ចិន។

គម្រោង​វិនិយោគ​របស់​ក្រុម​ប្រទេស G-7 មាន​ប្រភព​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​ឯកជន គឺ​មាន​ន័យ​ថា ទុន​វិនិយោគ​អាច​នឹង​ពិបាក​ទទួល​បាន​ជាង​គម្រោង​របស់​ចិន។

តែ​អ្នក​សង្កេតការណ៍ និង​អ្នកជំនាញ​សេដ្ឋកិច្ច យល់​ថា ការ​ផ្តល់​ទុន​វិនិយោគ​ដោយ​មាន​ការ​តាមដាន​ច្បាស់លាស់ គឺ​ត្រូវតែ​មាន​តម្លាភាព និង​អាច​ជួយ​កុំ​ឱ្យ​ប្រទេស​ត្រូវ​ទាញ​ទម្លាក់​ក្នុង​អន្ទាក់​បំណុល ព្រោះ​ប្រទេស​ជាច្រើន​ដែល​ខ្ចី​បុល​ចិន​ពាន់​លាន​ដុល្លារ កំពុង​ជួប​វិបត្តិ​ទៅ​ហើយ​នោះ មាន​ដូចជា​ប្រទេស​ស្រីលង្កា ប៉ាគីស្ថាន ជាដើម ហើយ​ទីបំផុត ចិន​រឹបអូស​សំណង់​ទាំងនោះ​យក​មក​ក្នុង​ភាគហ៊ុន​របស់​ចិន ក្នុង​កិច្ចសន្យា ៩០​ឆ្នាំ ដោយសារ​ប្រទេស​នោះ​សង​បំណុល​ចិន​មិន​ទាន់​ពេលវេលា ហើយ​ការប្រាក់​គរ​ឡើង​ដូច​ភ្នំ។

ប្រទេស​ជីបូទី នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​មិន​អាច​បង្វិល​ការប្រាក់ និង​សាច់ប្រាក់​សង​ចិន​មិន​ទាន់​ពេលវេលា គឺ​ប្រទេស​នេះ​បាន​ជួល​ដី​ឱ្យ​ចិន​ស្ថាបនា​មូលដ្ឋាន​ទ័ព​របស់​ចិន ដែល​មាន​មក​ដល់​ទល់​សព្វថ្ងៃ​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស