27.4 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​នឹង​លាលែង​តំណែង បើ​ប្រទេស​កម្ពុជា​ទាំងមូល​គ្មាន​ការ​អភិវឌ្ឍ​នោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) រឿង​ដី​សម្បទាន​សេដ្ឋកិច្ច ១០០​ឆ្នាំ រឿង​កោះត្រល់ រឿង​កោះគុត/គជ់ រឿង​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី រឿង​កំពង់ផែ​នាវាចរណ៍​ខ្មែរ ដែល​ចិន គ្រប់គ្រង​នៅ​រាម ជាដើម បាន​ពុះកញ្ជ្រោល​ជ្រួល​ច្របល់​ក្នុង​មជ្ឈដ្ឋាន​អ្នក​នយោបាយ​ជំទាស់ និង​សកម្មជន​ខ្មែរ​ស្នេហា​ប្រជាធិបតេយ្យ អធិបតេយ្យ ឯករាជ្យ​ជាតិ មួយ​រយៈ​កាល ហើយ​ស្ងាត់​ជ្រងំ​ទៅវិញ ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​នឹង​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ប្រសិនបើ​រក​ឃើញ​តំបន់​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ការ​អភិវឌ្ឍ បើ​ប្រៀបធៀប​ទៅ​នឹង​អំឡុង​ឆ្នាំ​១៩៨០។

លោក ហ៊ុន ម៉ាណែត ប្រៀបធៀប​ដូច្នេះ ហាក់បីដូចជា​លោក​មិន​បាន​ដឹង​សោះ​អំពី​សម័យកាល និង​មូលហេតុ​ដែល​ប្រទេស​កម្ពុជា​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម (sanctions) គ្រប់​ជ្រុង​ពី​ប្រទេស​លោក​សេរី ជាពិសេស​មហាអំណាច​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​គេ បន្ទាប់ពី​យុទ្ធមិត្ត​យៀកណាម វាយ​លុកលុយ​ទន្ទ្រាន​ឈ្លានពាន​ត្រួតត្រា​កាន់កាប់​ប្រទេស​កម្ពុជា អធិបតេយ្យ បំពាន​ធម្មនុញ្ញ​សហប្រជាជាតិ​នា​ឆ្នាំ​១៩៧៩ ដែល​ប្រទេស​ជាង ១០០ ជា​សមាជិក​ថ្កោលទោស។ សម័យ​នោះ ពលរដ្ឋ​ខ្មែរ​នៃ​ប្រទេស​កម្ពុជា រស់​នឹង​ជំនួយ​ពី​បក្ស​សម្ព័ន្ធ វ៉ាសូវី នៃ​ពួក​ប្រទេស​សង្គម​និយម​ដែល​អតីត​សហភាព​សូវៀត ជា​មេខ្លោង ហើយ​និង​តាមរយៈ​ការ​រត់​ពន្ធ​ទំនិញ​ឆ្លងដែន​ពី​ប្រទេស​ជិតខាង។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ និង​ផ្លូវជាតិ​លេខ​៤១ ក្នុង​ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មេសា នេះ លោក ហ៊ុន ម៉ាណែត ថា​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មិនមែន​អភិវឌ្ឍ​តែ​ក្នុង​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ​ទេ។ លោក​បន្ត​ថា រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាបន្តបន្ទាប់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា លោក​ហ៊ាន​ភ្នាល់​ដាក់​តំណែង​ជា​នាយករដ្ឋមន្ត្រី ប្រសិនបើ​ពិត​ដូច​ក្រុម​មាន​និន្នាការ​ប្រឆាំង​ដែល​លើកឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​មូលដ្ឋាន​ភូមិ​ស្រុក​នៅតែ​ក្រ គ្មាន​ការ​អភិវឌ្ឍ​រីកចម្រើន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​អះអាង​ថា លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​គ្រប់​វិស័យ​ដែល​កែ​លែង​បាន។ ក្រុម​អ្នកវិភាគ​អះអាង​ថា សមិទ្ធផល​ធំ​បំផុត​របស់​លោក ហ៊ុន ម៉ាណែត គឺ​ទាញ​ទម្លាក់​កម្ពុជា​ពី​មាន​បញ្ហា​ធំ មក​ធ្លាក់​ក្នុង​វិបត្តិ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​បង្ហាញ​ជំហរ​អំពី​ការ​ធ្វើ​កំណែ​ទម្រង់​នយោបាយ និង​ប្រព័ន្ធ​ដឹកនាំ​ជាតិ វិល​ទៅ​រក​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ស្តីអំពី​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស គឺ​ការ​ឱ្យ​តម្លៃ​លើ​ឆន្ទៈ​របស់​ពលរដ្ឋ ទើប​ជា​វិធី​ត្រឹមត្រូវ​ក្នុង​ការ​បង្រួបបង្រួម ផ្សះផ្សា​ខ្មែរ រហូត​ដល់​បាន​ឯកភាព​ជាតិ​ទាំងមូល។

ចំណែកឯ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​នាយករដ្ឋមន្ត្រី បាន​សរសេរ​អួត​អំពី​សកម្មភាព​របស់​កូន​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កន្លង​មក​ថា អ្នក​ជំនាន់​ថ្មី​បាន​ដឹកនាំ​ដោយ​ស្វាហាប់ និង​ការ​ទទួល​ខុសត្រូវ គឺ​រក្សា​បាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម រក្សា​បាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

កាលពី​ថ្ងៃទី​៧ ខែ​សីហា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់ «ចាត់តាំង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា»។ ព្រះរាជក្រឹត្យ​ដដែល​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ដែល​ទទួល​បាន​ការ​ចាត់តាំង​នេះ​មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល ដើម្បី​សុំ​សេចក្តី​អនុម័ត​ទុកចិត្ត​ពី​រដ្ឋសភា។

នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ សមាជិក​សភា​ចំនួន ១២៣​រូប​ក្នុង​ចំណោម ១២៥​រូប បាន​បោះឆ្នោត​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី ហើយ​នាយករដ្ឋមន្ត្រី​វ័យ ៤៥​ឆ្នាំ​រូប​នេះ​ចាប់ផ្តើម​ការងារ​ជា​ផ្លូវការ​ជាមួយ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក​នៅ​ថ្ងៃទី​២៣ ខែ​សីហា។

គួរ​កត់សម្គាល់​ថា ក្នុង​ផែនការ​នៃ​កិច្ចព្រមព្រៀង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ជាមួយ​ប្រទេស​កម្ពុជា យៀកណាម និង​លាវ តាម​ខេត្ត​ជាប់​ព្រំដែន​គ្នា​ចំនួន ១២​ខេត្ត រដ្ឋការ​យៀកណាម បាន​បោះទុន​យ៉ាងតិច ១​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៩។ ចំណែកឯ​ភាគី​ខ្មែរ និង​លាវ គេ​មិន​បាន​ដឹង​ពិត​ប្រាកដ​ថា​ដាក់​ទុន​ចំនួន​ប៉ុន្មាន​នោះ​ទេ។

ដោយឡែក​ពី​នោះ គម្រោង​អភិវឌ្ឍន៍​ពាសពេញ​ប្រទេស​នោះ ក៏​ភាគច្រើន​ជា​ការ​អភិវឌ្ឍ​ដោយ​ប្រើ​បំណុល​បរទេស​ដែរ ជាពិសេស​ចិន រួម​ទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស