មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចាត់ទុកសម្ដីអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ដែលនិយាយលើកតម្កើងជំនួយចិន ក្នុងចេតនាបន្តុះបង្អាប់អាមេរិក ជាសម្ដីបំផ្លាញផលប្រយោជន៍ខ្មែរ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ មេសា នេះថា កន្លងមក សហរដ្ឋអាមេរិកបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេសកម្ពុជាដើម្បីឱ្យប្រទេសមួយនេះមានលទ្ធភាពក្នុងការនាំចេញសម្រាប់សេដ្ឋកិច្ចជាតិរបស់ខ្លួន ដូច្នេះហើយបានជាចិន ចាប់យកប្រទេសកម្ពុជាជាឈ្មួញកណ្តាលសម្រាប់នាំចេញទំនិញពាក់កណ្តាលសម្រេចរបស់ពួកគេ។
លោកថា បើសហរដ្ឋអាមេរិកមិនបើកឱ្យប្រទេសកម្ពុជានាំទំនិញទៅកាន់ទីផ្សាររបស់ពួកគេទេ ចិនក៏មិនសហការជាមួយកម្ពុជា ដើម្បីនាំចូលទំនិញពាក់កណ្តាលសម្រេចទាំងនេះដែរ ដូច្នេះកម្ពុជាគ្រាន់តែជាឈ្មួញកណ្តាលប៉ុណ្ណោះ ក្នុងន័យនេះ កម្ពុជាមិនអាចដើរឱ្យផុតពីជំហរអព្យាក្រឹតសម្រាប់មហាអំណាចទាំងពីរនេះឡើយ។
លោកបន្តថា ជំនួយចិន លើវិស័យមួយចំនួន រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាផងនោះ មិនមែនចិនជួយកម្ពុជាដោយស្មោះត្រង់ព្រោះតែកម្ពុជាខ្វះខាតនោះទេ ប៉ុន្តែគឺជាបំណុលរបស់ចិន ប៉ុណ្ណោះ។
លោកបន្ថែមថា ក្រោមជំនួយដែលជាបំណុលរុំខ្លួនទាំងនេះ ដោយសារតែចិនសម្លឹងឃើញប្រយោជន៍យ៉ាងច្រើនពីកម្ពុជាត្រឡប់ទៅវិញ ដូចជា រ៉ែ និងធនធានធម្មជាតិផ្សេងទៀត។ បន្ថែមពីនេះ ចិនក៏ចង់បានការគាំទ្រនូវគោលនយោបាយចិនមួយពីកម្ពុជាដែរ ដែលជាផលប្រយោជន៍ធំបំផុតរបស់ចិន សម្រាប់ភូមិសាស្ត្រនយោបាយរបស់ពួកគេ។
តាមទីភ្នាក់ងារព័ត៌មានកម្ពុជា អាកាប៉េ (AKP) ឲ្យដឹងនៅថ្ងៃទី២៩ មេសា នេះ រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត នឹងព្យាយាមភ្ជាប់ទំនាក់ទំនងល្អឡើងវិញជាមួយសហព័ន្ធរុស្ស៊ី ក្នុងបំណងផ្សារភ្ជាប់មិត្តភាពសម្ព័ន្ធភាពចាស់ឲ្យប្រសើរឡើងវិញ ទាំងខាងជំនួញ ពាណិជ្ជកម្ម វិនិយោគទុន ថាមពល ឧស្សាហកម្ម ព្រមទាំងរវាងពលរដ្ឋនិងពលរដ្ឋ ដែលក្រុងភ្នំពេញចាត់ទុកជាកន្លែងស្នូលត្រូវអនុវត្ត។
គេសួរថា តើចង់ទៅអែបរុស្ស៊ី ម្តង ខណៈសហរដ្ឋអាមេរិកដាក់សម្ពាធសេដ្ឋកិច្ច ឯចិន ពឹងលែងបាន ឬដូចម្តេច?
ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក (BYD Cambodia) ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមេសា អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានលើកឡើងថា ជំនួយមិត្តចិន សម្រាប់ប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងជួយពង្រឹងឯករាជភាពខាងនយោបាយប្រទេសនេះថែមទៀត។
សូមរំឭកថា លោក ស៊ុន ចាន់ថុល ជាអ្នកធ្លាប់រៀនសូត្រ និងធ្វើការងារឲ្យក្រុមហ៊ុនអាមេរិកាំង មុននឹងចូលខ្លួនបម្រើគណបក្សប្រជាជនកម្ពុជា ពីមហាវិទ្យាល័យសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិក។
ព្រោះតែមានផ្សារអាមេរិកាំងដ៏ធំ និងប្រព័ន្ធអនុគ្រោះពន្ធ GSP នោះហើយ បានជាផលិតផលដឹកពីស្រុកខ្មែរទៅសហរដ្ឋអាមេរិក មានបរិមាណ និងទំហំចំណូលមកវិញមានចំនួនច្រើនជាងទំនិញដឹកទៅទីផ្សារស្រុកចិន។ ក្នុងឆ្នាំ២០២៤ តាមស្ថិតិពីអគ្គនាយកដ្ឋានពន្ធដារ គយ និងរដ្ឋាករ ទំនិញផលិតក្នុងស្រុកខ្មែរនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក មានទឹកប្រាក់ ១០ពាន់លានដុល្លារ រីឯទំនិញដឹកទៅទីផ្សារស្រុកចិន មានទឹកប្រាក់តែប្រមាណជិត ២ពាន់លានដុល្លារប៉ុណ្ណោះ។
រាជរដ្ឋាភិបាលដែលមានលោក ស៊ុន ចាន់ថុល ជាសមាជិកគណៈរដ្ឋមន្ត្រី អនុញ្ញាតឲ្យចិន មកចូលទាញផលប្រយោជន៍ពីសហរដ្ឋអាមេរិកនៅស្រុកខ្មែរដែរ។ ម្យ៉ាងវិញទៀត ចិនចង់បានសិទ្ធិបោះទីតាំងយោធាក្នុងមូលដ្ឋានកងនាវាចរណ៍ខ្មែរនៅរាម មន្ត្រីរាជរដ្ឋាភិបាលនិយាយថាជំនួយចិន ឬបំណុលចិន ជួយការពារឯករាជ្យ និងអធិបតេយ្យជាតិនៃរាជាណាចក្រកម្ពុជាទៅវិញ។ នេះជាការពិបាកមួយដែលយកអ្នកបច្ចេកទេសផ្នែកវិស្វកម្មអគ្គិសនី ទៅកាន់កិច្ចការនិយាយរឿងភូមិសាស្ត្រនយោបាយ។
តើមានប្រទេសប៉ុន្មានហើយលើសកលលោកនេះ ដែលបាត់បង់អធិបតេយ្យ ឯករាជភាព អព្យាក្រឹតភាពដោយសារបំណុលបរទេសវ័ណ្ឌក?
ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា រដ្ឋាភិបាលចិន នឹងជំរុញឱ្យមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តនេះឱ្យកាន់តែរីកចម្រើន។ ទោះជាយ៉ាងណាក៏ដោយ នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ នេះ សហរដ្ឋអាមេរិកព្រមានថា ប្រទេសដែលចង់បានការបន្ធូរបន្ថយពន្ធពីអាមេរិក ត្រូវដកខ្លួនឱ្យឆ្ងាយពីចិន ហើយត្រូវបដិសេធការដឹកទំនិញឆ្លងកាត់របស់ចិន និងរារាំងក្រុមហ៊ុនចិន មិនឱ្យបោះទីតាំងក្នុងប្រទេសរបស់ខ្លួនដាច់ខាត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

