29 C
Phnom Penh

សាខា​បក្ស​ប្រឆាំង​នៅ​អាមេរិក​ចាត់ទុក​លោក កឹម សុខា ជា​អ្នក​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-USA) កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា បាន​ចេញ​លិខិត​ជូនពរ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ក្រាញ​ននៀល​តស៊ូ​ដើម្បី​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ នៅ​ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​របស់​លោក​គម្រប់​អាយុ ៦៩​ឆ្នាំ​ឈាន​ចូល​អាយុ ៧០​ឆ្នាំ។

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​បួងសួង​សូម​ឱ្យ​លោក កឹម សុខា មាន​សុខភាព​ល្អ​បរិបូរ​ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត និង​ឆាប់​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​បន្ត​បេសកកម្ម “បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ” ដែល​ជា​ផលប្រយោជន៍​សម្រាប់​ជាតិ​ខ្មែរ​ទាំងមូល​ទៅ​ថ្ងៃ​មុខ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កើត​នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​១៩៥៣ ក្នុង​ឃុំ​ឧត្ដមសូរិយា ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ផ្អែក​តាម​សៀវភៅ​លឿង​ប្រជា​បូជនីយកិច្ច​ដើម្បី​សេរីភាព​របស់​លោក កឹម សុខា បាន​សរសេរ​ថា លោក កឹម សុខា មាន​គំនិត​ធ្វើ​នយោបាយ​តាំងពី​អាយុ ១១​ឆ្នាំ​មក​ម្ល៉េះ។ គំនិត​ក្នុង​ការ​ធ្វើ​នយោបាយ​នេះ ដោយសារ​ជីតា និង​ជីតាទួត​របស់​លោក​ធ្លាប់​ធ្វើ​ជា​មេឃុំ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម និង​ក្នុង​សម័យ​អាណានិគម​បារាំង។

សៀវភៅ​នោះ​បាន​សរសេរ​ថា ទស្សនវិស័យ​របស់​លោក កឹម សុខ គឺ​ចង់​ឲ្យ​ពលរដ្ឋ​ឈប់​ខ្លៅ ឈប់​ខ្លាច ឈប់​ឃ្លាន ក្រោយពី​លោក​បាន​ឃើញ​អ្នក​នយោបាយ​ជាច្រើន​បាន​បោកប្រាស់​ពលរដ្ឋ​ដែល​នាំ​ឲ្យ​លោក​មាន​ការ​ឈឺចាប់។

លោក កឹម សុខា បាន​ចាប់ផ្តើម​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ដំបូង​ក្នុង​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KPNLF) របស់​លោកតា សឺន សាន ក្នុង​អំឡុង​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ បន្ទាប់មក លោក​បាន​ជាប់​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​១៩៩៨។ បុព្វហេតុ​នយោបាយ​របស់​លោក​ក្នុង​ចំណុច​នេះ គឺ​ដើម្បី​ការ​គោរព​សិទ្ធិមនុស្ស។

ក្នុង​ឆ្នាំ​១៩៩៨ លោក កឹម សុខា បាន​ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ ក្រោយពី​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អញ្ជើញ​លោក​ឲ្យ​ចូលរួម​ជាមួយ ហើយ​លោក​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ទទួល​បន្ទុក​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស និង​ទទួល​ពាក្យ​បណ្តឹង​ក្នុង​ឆ្នាំ​១៩៩៩។

លុះ​ដល់​ឆ្នាំ​២០០២ ដោយសារ​លោក​យល់​ឃើញ​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​មាន​ការ​កែទម្រង់​គណបក្ស​ឲ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ផ្ទៃក្នុង លោក​បាន​សម្រេច​ចិត្ត​លាឈប់​ពី​គណបក្ស​នេះ​ក្នុង​ឆ្នាំ​២០០២។ ក្នុង​ឆ្នាំ​ដដែល​នេះ លោក​បាន​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ផ្ដោត​លើ​ការ​អប់រំ​ពលរដ្ឋ​អំពី​សិទ្ធិមនុស្ស និង​ការ​បំបាត់​ភាព​ខ្លៅ និង​ខ្លាច ប៉ុន្តែ​មិន​ទាន់​អាច​បំបាត់​ឃ្លាន​នោះ​ទេ។

សៀវភៅ​ដដែល​សរសេរ​ថា ដើម្បី​អាច​បំបាត់​ឃ្លាន​បាន លុះត្រា​តែ​លោក​អាច​ចូលរួម​ដឹកនាំ​រដ្ឋាភិបាល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​បង្កើត​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០០៧។

លោក កឹម សុខា ជា​អ្នក​នយោបាយ​មួយ​រូប​ដែល​បាន​ឆ្លងកាត់​ឧបសគ្គ​មិន​ចេះ​ចប់ និង​កំពុង​រង​ការ​គាប​សង្កត់​សិទ្ធិ​នយោបាយ​ពី​សំណាក់​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​ផង​ដែរ។

នៅ​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​មាន​រយៈពេល ៥​ឆ្នាំ​ហើយ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​អាជ្ញាធរ​លោក ហ៊ុន សែន ចាប់​និង​ឃុំ​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង និង​បន្ត​រឹតត្បិត​សេរីភាព ដោយ​រង​ការ​ចោទប្រកាន់​ពី​បទ «ក្បត់​ជាតិ» តាំង​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ មក​នោះ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក កឹម សុខា រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ពី​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ព្រោះតែ​ការ​តស៊ូ​ដើម្បី​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក កឹម សុខា ជាប់​ពន្ធនាគារ​លើកដំបូង​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ ដោយសារ​លោក ហ៊ុន សែន ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ក្នុង​នាម​លោក​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០០៦ ក្រោយពី​រដ្ឋាភិបាល​លោក ហ៊ុន សែន រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

ការ​ចោទ​ប្តឹង​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​បន្ទាប់ពី​លោក កឹម សុខា បាន​ដឹកនាំ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា តាំងពី​អំឡុង​ឆ្នាំ​២០០២ មក ដែល​លោក​បាន​ចុះ​អប់រំ និង​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ និង​ការ​អប់រំ​ទាំង​ផ្លូវលោក និង​ផ្លូវធម៌​ផង​ដែរ។

នៅ​ដើម​ឆ្នាំ​២០០៧ លោក កឹម សុខា បាន​ដឹកនាំ​ក្បួន​សិទ្ធិ​យាត្រា​ដែល​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​រយៈពេល ១៦​ថ្ងៃ​ពី​វត្តភ្នំ ទៅ​កាន់​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ភាព​អត់ឱន​ផ្នែក​នយោបាយ​នៅ​កម្ពុជា ក្នុង​នោះ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០០៧ លោក កឹម សុខា បាន​បង្កើត​គណបក្ស​នយោបាយ​មួយ​ដែល​មាន​ឈ្មោះ​ថា គណបក្ស​សិទ្ធិមនុស្ស ដែល​លោក​ជា​អ្នក​ដឹកនាំ​ដោយ​ផ្ទាល់។

ក្រោយពី​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក និង​គណបក្ស សម រង្ស៊ី បាន​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១២ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ជិត ៣​លាន​នាក់​ដែល​ទទួល​បាន​សំឡេង​ក្នុង​រដ្ឋសភា​ជាតិ ៥៥​អាសនៈ លោក កឹម សុខា ក៏​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឆ្មក់​ចូល​ចាប់​ខ្លួន​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​សភា​ទាំង​កណ្តាល​អធ្រាត្រ កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ «ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា»

យ៉ាងណាក៏ដោយ សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា សព្វថ្ងៃ​នេះ ត្រូវ​គេ​ចាត់ទុក​ថា​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ ព្រោះ​ថា​សវនាការ​របស់​លោក​បាន​បន្ត​អស់​ចំនួន ៤៥​លើក​រួច​មក​ហើយ ប៉ុន្តែ​តុលាការ​នៅតែ​មិន​ទាន់​អាច​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន Southeast Asia Globe កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ បាន​ចុះផ្សាយ​ពី​ការ​លើកឡើង​របស់​អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា បណ្ឌិត ម៉ាខឺស ស្កាប៊ូ ថា​លោក កឹម សុខា បាន​ដាក់​ខ្លួន​គាត់​ក្នុង​ភ្នក់ភ្លើង​ជាច្រើន​លើក​ច្រើនគ្រា ដោយសារតែ​គាត់​ហ៊ាន​និយាយ​ប្រឆាំង​នឹង​ក្រុម​អ្នក​កាន់​អំណាច​បច្ចុប្បន្ន​នេះ។

កាលពី​ឱកាស​ខួប​កំណើត​របស់​មេដឹកនាំ​បក្ស​ប្រឆាំង កាលពី​ឆ្នាំ​កន្លងទៅ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាង​ថា លោក​នឹង​មិន​ក្បត់​ប្រទេស​ជាតិ មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ និង​មិន​បោះបង់​ចោល​មាតុភូមិ​កម្ពុជា​ជា​ទី​ស្រឡាញ់​របស់​លោក​ជាដាច់ខាត ហើយ​អ្វីៗ​ដែល​លោក​ធ្លាប់​បាន​សន្យា​ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ លោក​នៅតែ​ហ៊ាន និង​បន្ត​សន្យា​ជូន​ជន​រួម​ជាតិ​ជានិច្ច៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស