ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ ស្នើទៅកាន់ចៅក្រមជំនុំជម្រះឲ្យតុលាការចេញដីកាចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី២៩ មិថុនា នេះ ដែលបានបំពានបម្រាមរបស់តុលាការហាមឃាត់ធ្វើនយោបាយ បន្ទាប់ពីលោកបានចុះជួបអ្នកគាំទ្ររបស់លោកកាលពីពេលកន្លងទៅ។
ការប្រកាសស្នើរបស់ព្រះរាជអាជ្ញានេះ ធ្វើឡើងក្នុងពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញកំពុងបើកសវនាការលើកទី៤៦ ជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។
បើយើងទៅតាមគេហទំព័រ Twitter របស់កូនស្រីច្បងរបស់មេដឹកនាំបក្សប្រឆាំង កញ្ញា កឹម មនោវិទ្យា បានសរសេរថា ការជូនដំណឹងជាបន្ទាន់។ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញបានស្នើទៅកាន់ចៅក្រមជំនុំជម្រះឲ្យតុលាការចេញដីកាចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានបំពានបម្រាមរបស់តុលាការហាមឃាត់ធ្វើនយោបាយ។
កញ្ញាបានសរសេរថា ប៉ុន្មានម៉ោងនៃសវនាការផ្ដោតទៅលើខ្លឹមសារនៃសំណើរបស់ព្រះរាជអាជ្ញា និងរបាយការណ៍របស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ ឥឡូវនេះតុលាការបានផ្អាកសវនាការដោយអនុញ្ញាតឱ្យភាគីនីមួយៗធ្វើការសន្និដ្ឋាន ហើយនៅពេលដែលសវនាការបន្ត ចៅក្រមនឹងសម្រេចថាតើត្រូវចេញដីកាចាប់ខ្លួន ហើយបញ្ជូនគាត់ទៅពន្ធនាគារឬអត់។
កញ្ញា កឹម មនោវិទ្យា ស្នើសុំឱ្យស្ថានទូតចាត់វិធានការជាបន្ទាន់ ដើម្បីការពារកុំឱ្យមានការចាប់ខ្លួនបែបនេះ។
ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទ «ឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា» ប៉ុន្តែរហូតមកទល់នឹងពេលនេះ លោកនៅតែមានភាពស្អាតស្អំ ព្រោះតុលាការកម្ពុជាមិនទាន់កាត់ទោសលោកពីបទល្មើសណាមួយនៅឡើយទេ។ លោក កឹម សុខា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្តែលោកត្រូវបានដាក់ឱ្យឋិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយហាមមិនឱ្យធ្វើសកម្មភាពមួយចំនួន រួមមានមិនឱ្យធ្វើសកម្មភាពនយោបាយ ត្រូវបង្ហាញខ្លួនរាល់ពេលមានការកោះរបស់តុលាការ និងហាមមិនឱ្យធ្វើដំណើរចេញទៅក្រៅប្រទេស។
ជុំវិញការរឹតត្បិតសេរីភាពមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីងខេន បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនឲ្យកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអនុញ្ញាតឱ្យមេដឹកនាំបក្សប្រឆាំងរូបនេះមានសិទ្ធិពេញលេញក្នុងការចូលរួមកិច្ចការនយោបាយដោយសេរីផងដែរ៕