25 C
Phnom Penh

បទវិភាគ៖ តើ​ណាតូ​អាច​ឆ្លើយតប​ដូចម្ដេច​ចំពោះ​សង្គ្រាម​កាន់តែ​ធ្ងន់​លើ​ទឹកដី​អ៊ុយក្រែន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនួប​កំពូល​អង្គការ​យោធា​ណាតូ (NATO) រយៈពេល ៣​ថ្ងៃ​ចាប់ផ្ដើម​ហើយ​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ។

ជំនួប​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​បិទ​បញ្ចប់​ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G-7 ដែល​បាន​ធ្វើឡើង​នៅ​លើ​ទឹកដី​អាល្លឺម៉ង់ ហើយ​ចំ​ពេល​រុស្ស៊ី វាយ​កាន់កាប់​បាន​ទីតាំង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ខេត្ត​លុយហាន់ នៃ​តំបន់​ដុនបាស ភាគ​ខាងកើត​ប្រទេស និង​ការ​បាញ់​មីស៊ីល​ជាង ៦០​គ្រាប់​រយៈពេល ៣​ថ្ងៃ​ទៅ​លើ​ភាគ​ខាងលិច ភាគ​ខាងជើង និង​តំបន់​រដ្ឋធានី​គៀវ ដោយ​បណ្ដាល​ឱ្យ​ខូច​ខ្ទេចខ្ទី​រចនាសម្ព័ន្ធ​យោធា និង​អគារ​លំនៅឋាន​របស់​ប្រទេស​អ៊ុយក្រែន។

គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​ជាច្រើន​គ្រាប់​ក៏​បាន​បាញ់​ចំ​ទីផ្សារ​ដ៏​ធំ​មួយ​របស់​ប្រជាជន​អ៊ុយក្រែន​ផង​ដែរ។ យោង​តាម​កងទ័ព​អាកាស​អ៊ុយក្រែន រុស្ស៊ី​បាន​បាញ់​គ្រាប់​មីស៊ីល​ប្រភេទ​បាញ់​កម្ទេច​នាវាចម្បាំង​ឈ្មោះ Kh-22 បាញ់​ចេញពី​តំបន់ Koursk ក្នុង​ទឹកដី​រុស្ស៊ី សំដៅ​មក​លើ​ផ្សារ​ទំនើប​ក្នុង​ក្រុង Krementchouk ដែល​ស្ថិតនៅ​ភាគ​អាគ្នេយ៍​រដ្ឋធានី​គៀវ។

ការ​វាយប្រហារ​នេះ​បណ្ដាល​ឱ្យ​ជនស៊ីវិល​ស្លាប់​នៅ​កន្លែង​កើតហេតុ ១៨​នាក់ និង​ជាច្រើន​សិប​នាក់​រង​របួស និង​បាត់​ខ្លួន ៣៦​នាក់។ ជាមួយ​គ្នា​នេះ កងទ័ព​រុស្ស៊ី​បាន​បាញ់​ប្លោង​គ្រាប់​មីស៊ីល​ទៅ​លើ​ជនស៊ីវិល​ដែល​កំពុងតែ​ជុំ​គ្នា​ទទួល​ចំណែក​ទឹក​ស្អាត​ពី​ស៊ីទែន​នៅ​ទីក្រុង Lyssytchansk។ យ៉ាងហោច​ណាស់​មាន​មនុស្ស​ស្លាប់ ៨​នាក់​ក្នុង​ហេតុការណ៍​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី បាន​ថ្លែង​ថា ការ​បាញ់​មីស៊ីល​មក​លើ​ទីផ្សារ​ដែល​មាន​សុទ្ធតែ​ជនស៊ីវិល គឺ​កងទ័ព​រុស្ស៊ី​វាយប្រហារ​ដោយ​គ្មាន​ការ​ពិចារណា​សូម្បីតែ​ទីផ្សារ​លក់​ទំនិញ​ដែល​មាន​តែ​ប្រជាជន​ស៊ីវិល ស្ត្រី និង​កុមារ​ច្រើន​កុះករ ក៏​ត្រូវ​រង​ការ​វាយប្រហារ​ដែរ។ លោក ហ្សេឡេនស្គី ចាត់ទុក​ជា​អំពើ​ព្រៃផ្សៃ​យង់ឃ្នង​របស់​កងទ័ព​រុស្ស៊ី។

ដោយ​មើល​ឃើញ​ការ​បាត់បង់​អាយុជីវិត​របស់​ជនស៊ីវិល មេដឹកនាំ​ក្រុម​ប្រទេស G-7 ក៏​បាន​ថ្លែងការណ៍​ថ្កោលទោស​ដោយ​ចាត់ទុក​ថា ការ​វាយប្រហារ​ដោយ​ឥត​រើស​មុខ​មក​លើ​ទីតាំង​របស់​ជនស៊ីវិល គឺ​វា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក​ប្រធានាធិបតី​បារាំង បាន​ថ្លែង​ថា ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​កងទ័ព​រុស្ស៊ី​នៅ​ពេលនេះ គឺ​កាន់តែ​អាក្រក់។

ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ថ្លែង​ថា ទង្វើ​របស់​រុស្ស៊ី​នេះ​នឹង​រុញ​ឱ្យ​ក្រុម​សម្ពន្ធមិត្ត និង​ក្រុម​ណាតូ​កាន់តែ​ពង្រឹង​ពួត​ដៃ​គ្នា​កាន់តែ​រឹងមាំ ដើម្បី​ជួយ​អ៊ុយក្រែន។ មេដឹកនាំ​ប្រទេស G-7 មាន​អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី កាណាដា និង​ប្រទេស​ជប៉ុន គឺ​ពួកគេ​សុទ្ធតែ​នឹង​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​ផ្សេងៗ​ទៀត​នៃ​សមាជិក​ណាតូ ដែល​មាន ៣០​ប្រទេស ហើយ​ក៏​មាន​វត្តមាន​ប្រធានាធិបតី​អ៊ុយក្រែន​ផង​ដែរ។

មាន​ការ​ចោទ​សួរ​ថា តើ​ណាតូ​អាច​ឆ្លើយតប​ដូចម្ដេច​ចំពោះ​សង្គ្រាម​កាន់តែ​ធ្ងន់​លើ​ទឹកដី​អ៊ុយក្រែន និង​ការ​គំរាមកំហែង​របស់​រុស្ស៊ី​ចង់​វាយប្រហារ​ទៅលើ​សមាជិក​ណាតូ?

អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jen Stoltenberg បាន​ថ្លែង​ដោយ​ព្រមាន​ថា ណាតូ​បាន​ត្រៀម​ទ័ព​ប្រយុទ្ធ​រួចរាល់​អស់​ហើយ គឺ​មាន​ចំនួន ៣០​ម៉ឺន​នាក់។ ទ័ព​ណាតូ​ដែល​ដាក់​ពង្រាយ​នៅ​លើ​ដែនដី​សមាជិក​របស់​ខ្លួន​ជាប់​នឹង​ប្រទេស​រុស្ស៊ី គឺ​មាន​ជាង ៤​ម៉ឺន​នាក់។

ប្រធាន​ណាតូ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា សព្វាវុធ​ធុន​ធ្ងន់​ក៏​បាន​ដាក់​ពង្រាយ​រួច​ហើយ​ផង​ដែរ​នៅ​លើ​ទឹកដី​ទាំងឡាយ​ដែល​ជាប់​នឹង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន។

ការ​ថ្លែង​របស់​លោក Jen Stoltenberg ធ្វើឡើង​មួយ​ថ្ងៃ​មុន​ជំនួប​កំពូល​នៃ​មេដឹកនាំ​ណាតូ ៣០​ប្រទេស​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២ និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ មិថុនា។

ជំនួប​ណាតូ​លើក​នេះ គឺ​អាច​មាន​របៀបវារៈ​ពិសេស ហើយ​ក្នុង​នោះ​ណាតូ​ផ្ដោត​ទៅ​លើ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ថា​តើ​ត្រូវ​ជួយ​អ៊ុយក្រែន​ទំហំ​ប៉ុនណា ដើម្បី​ឱ្យ​អ៊ុយក្រែន​មាន​លទ្ធភាព​វាយបក​ទៅ​លើ​កងទ័ព​រុស្ស៊ី​វិញ។ ក្នុង​ជំនួប​នេះ គេ​រំពឹង​ថា​នឹង​មាន​ការ​ឯកភាព​គ្នា​ថែម​ទៀត​ក្នុង​ការ​បញ្ចេញ​ថាមពល និង​អំណាច​របស់​ណាតូ ឆ្លើយតប​ឱ្យ​ទាន់​សភាពការណ៍​ប្រសិនបើ​សមាជិក​ណា​មួយ​របស់​ណាតូ​រង​ការ​បាញ់​ប្រហារ​ដោយ​កងទ័ព​រុស្ស៊ី។

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ រុស្ស៊ី​គំរាម​វាយប្រហារ​ទៅ​លើ​ប្រទេស​លីទុយអានី ជា​សមាជិក​ណាតូ និង​ជា​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​បេឡារុស ដែល​ជា​ប្រទេស​សម្ពន្ធមិត្ត​នៃ​របប​លោក ពូទីន។

ទីក្រុង​មូស្គូ ព្រមាន​បាញ់​កម្ទេច​ប្រទេស​លីទុយអានី ព្រោះ​តែ​ប្រទេស​នេះ​រាំង​ខ្ទប់​ការ​ដឹកជញ្ជូន​ទំនិញ និង​ភស្តុភារ​ទាំងឡាយ​មិន​ឱ្យ​ចូល​ទៅ​តំបន់​នៃ​សាធារណរដ្ឋ​លីនីនក្រាត ដែល​ជា​ដែនដី​ស្វយ័ត​របស់​រុស្ស៊ី។

រុស្ស៊ី​ចាត់ទុក​ការ​រាំង​ខ្ទប់​របស់​ប្រទេស​លីទុយអានី គឺជា​ការ​បង្ក​រឿង​បង្ក​ជម្លោះ​ជាមួយ​នឹង​រុស្ស៊ី។ របប​លោក ពូទីន ព្រមាន​ថា​មីស៊ីល​របស់​រុស្ស៊ី​អាច​បាញ់​ទៅលើ​លីទុយអានី គ្រប់​ម៉ោង​គ្រប់​ពេល​ទាំងអស់ បើ​រុស្ស៊ី​អស់​ភាព​អត់ធ្មត់។

ការ​ព្រមាន​របស់​ទីក្រុង​មូស្គូ បាន​នាំ​ឲ្យ​ប្រធាន​អង្គការ​ណាតូ​ឆ្លើយតប​យ៉ាង​រហ័ស ហើយ​បាន​ព្រមាន​វិញ​ថា សមាជិក​ណា​មួយ​ក៏ដោយ​របស់​ណាតូ​ដែល​ធ្លាក់​ក្នុង​ការ​វាយប្រហារ​របស់​រុស្ស៊ី គឺ​វា​ស្មើ​នឹង​ណាតូ​ទាំងមូល​ធ្លាក់​ក្នុង​សង្គ្រាម។ លោក​ថា នេះ​បើ​យោង​តាម​មាត្រា​៥ នៃ​លក្ខន្តិកៈ​របស់​ណាតូ។

ឥឡូវ​នេះ ជំនួប​កំពូល​នៃ​មេដឹកនាំ​ណាតូ គឺ​របៀបវារៈ​សំខាន់​ថា​តើ​ឆ្លើយតប​ដូចម្ដេច បើ​ប្រទេស​ណា​មួយ​ដែល​ជា​សមាជិក​ណាតូ​ត្រូវ​វាយប្រហារ​ដោយ​កងទ័ព​រុស្ស៊ី។

ក្នុង​ស្ថានភាព​បែប​នេះ​ដែល​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា មេដឹកនាំ​កំពូលៗ​របស់​ណាតូ​ដែល​ទើប​ជួប​គ្នា​នៅ​ឯ​កិច្ចប្រជុំ G-7 នៅ​លើ​ទឹកដី​អាល្លឺម៉ង់ គឺ​ពួកគេ​នឹង​កំណត់​យុទ្ធសាស្ត្រ​រឹងមាំ​របស់​ណាតូ ថា​តើ​ចាំបាច់​ត្រូវ​ឆ្លើយតប​រុស្ស៊ី​ដូចម្ដេច បើ​រុស្ស៊ី​វាយប្រហារ​ទៅលើ​ទឹកដី​អ៊ុយក្រែន​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ឈាន​ទៅ​ដល់​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ្សេឡេនស្គី ទៀត​នោះ។

ទាំងនេះ​នាំ​ឱ្យ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា បើ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី អាច​ធ្លាក់​ទៅ​ដល់​ការ​ផ្ដួល​រំលំ​ដោយ​កងទ័ព​រុស្ស៊ី គឺ​នឹង​មាន​ការ​អន្តរាគមន៍​ពី​កងទ័ព​ណាតូ ប៉ុន្តែ​មាន​ការ​ចោទ​សួរ​ថា តើ​ណាតូ​ហក់​ជួយ​អ៊ុយក្រែន​ដោយ​មធ្យោបាយ​ណា​ខ្លះ។ មូលហេតុ គឺ​មាន​បី​នៅ​ចំពោះ​មុខ គឺ៖

  • ទី​១ លីទុយអានី រង​ការ​បាញ់​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី។
  • ទី​២ បេឡារុស ចូល​ពាក់ព័ន្ធ​កាន់តែ​ស៊ីជម្រៅ​នឹង​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន ហើយ​វាយប្រហារ​លើ​លីទុយអានី ព្រោះ​គេ​ដឹង​ថា​ទ័ព​រុស្ស៊ី​មាន​លើ​ទឹកដី​បេឡារុស រួច​ទៅ​ហើយ។
  • ទី​បី ប្រទេស​ប៉ូឡូញ ជា​សមាជិក​ដ៏​ខ្លាំង​មួយ​របស់​ណាតូ អាច​នឹង​លោត​ចូល​សង្គ្រាម​ព្រំដែន​ជាមួយ​បេឡារុស ព្រោះ​ប៉ូឡូញ និង​បេឡារុស ធ្លាប់​គំរាម​ប្រយុទ្ធ​គ្នា​ម្ដង​រួច​ទៅ​ហើយ​នៅ​ឆ្នាំ​២០២០។

សរុប​ទាំងនេះ​សុទ្ធតែ​ជា​ដើមចម​ដែល​អាច​រុញ​ណាតូ​ហក់​ចូល​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ហើយ​មើល​ទៅ​ក៏​អាច​ជា​ចំណុច​ពិសេស​មួយ​ដែរ​នៃ​ជំនួប​កំពូល​របស់​មេដឹកនាំ​ណាតូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស