31 C
Phnom Penh

តុលាការ​ព្រមាន​លោក កឹម សុខា ឱ្យ​ឈប់​ធ្វើ​សកម្មភាព​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បដិសេធ​ការ​ស្នើសុំ​របស់​ព្រះរាជអាជ្ញា​ក្នុង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា អតីត​មេ​បក្ស​ប្រឆាំង​ឡើងវិញ ដោយ​គ្រាន់តែ​សម្រេច​ព្រមាន​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​បំពាន​បម្រាម​របស់​តុលាការ។

សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ពុធ ទី​២៩ មិថុនា បាន​បន្ត​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា លើក​ទី​៤៦។ ក្នុង​បន្ទប់​សវនាការ ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឱ្យ​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង​ឡើងវិញ ដោយ​ព្រះរាជអាជ្ញា​ចោទ​ថា​លោក កឹម សុខា បាន​ធ្វើ​សកម្មភាព​បំពាន​បម្រាម​របស់​តុលាការ​ក្រោយ​លោក កឹម សុខា បាន​ចុះ​ជួប​អ្នកគាំទ្រ​របស់​ខ្លួន​កាលពី​ពេល​កន្លងមក​នេះ។

ការ​ស្នើ​របស់​ព្រះរាជអាជ្ញា​នេះ ដោយ​យោង​ទៅ​លើ​របាយការណ៍ និង​រូបថត​ខ្សែអាត់​សំឡេង​របស់​នគរបាល​ដែល​បាន​ផ្ញើ​មក​តុលាការ ដោយ​តំណាង​អយ្យការ​ចាត់ទុក​សកម្មភាព​លោក កឹម សុខា ចុះ​ជួប​ពលរដ្ឋ​ថា​ជា​រូបភាព​នយោបាយ។

ទោះជា​យ៉ាងណាក៏ដោយ លោក​ចៅក្រម កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ចាត់​វិធានការ​ព្រមាន​លោក កឹម សុខា អតីត​មេ​បក្ស​ប្រឆាំង​ពាក់ព័ន្ធ​នឹង​ការ​ល្មើស​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​របស់​គាត់ ដោយសារ​គាត់​បាន​ជួប​ជាមួយ​នឹង​អ្នកគាំទ្រ​នៅ​តាម​ខេត្ត និង​នៅ​ផ្ទះ​របស់​គាត់​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ខែ​ឧសភា និង​ខែ​មិថុនា ដែល​ភ្ជាប់​នឹង​សកម្មភាព​នយោបាយ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា គឺ​លោក ផែង ហេង ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​សវនាការ​ថា ការ​បដិសេធ​សំណើ​របស់​ព្រះរាជអាជ្ញា​នេះ​បន្ទាប់ពី​ក្រុម​មេធាវី​លោក កឹម សុខា បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចុងក្រោយ ដោយ​លើកឡើង​ហេតុផល​ថា ការ​ដែល​លោក កឹម សុខា ចុះ​ទៅ​មូលដ្ឋាន ហើយ​ជួប​ពលរដ្ឋ មិនមែន​ជា​សកម្មភាព​នយោបាយ​ទេ។ ផ្ទុយទៅវិញ ការ​ចុះ​ទៅ​មូលដ្ឋាន​ដើម្បី​ចូលរួម​ពិធី​បុណ្យទាន​តែប៉ុណ្ណោះ។

លោក​ថា ចំពោះ​សកម្មជន​ដែល​ទៅ​លេង​លោក កឹម សុខា ដល់​គេហដ្ឋាន​លោក​នោះ ដោយ​ពួកគេ​គ្រាន់​តែ​ជួប​សួរ​សុខទុក្ខ​ដោយ​ការ​នឹក​រឭក​លោក កឹម សុខា។ លោក​បន្ត​ថា ក្រោយ​ស្ដាប់​សេចក្ដី​សន្និដ្ឋាន​មេធាវី​នោះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​មិន​ឃុំ​ខ្លួន​កូនក្ដី​របស់​លោក​វិញ ដោយ​តាម​សំណើ​របស់​សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា។

លោក​បញ្ជាក់​ថា ទោះបី​ចៅក្រម​បដិសេធ ប៉ុន្តែ​ចៅក្រម​ក៏​ព្រមាន​កូនក្ដី​របស់​លោក​ដែរ ដោយ​ឱ្យ​ក្រឡាបញ្ជី​កត់​កំណត់ហេតុ​សវនាការ​នា​ថ្ងៃ​នេះ​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​សកម្មភាព​បំពាន​លើ​ដីកា​សម្រេច​របស់​តុលាការ​ទៀត។

លោក កឹម សុខា ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ពី​បទ «សន្ទិដ្ឋភាព​ត្រូវរ៉ូវ​ជាមួយ​រដ្ឋ​បរទេស» ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល និង​ធ្លាប់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ អស់​ជាង ១​ឆ្នាំ និង​ក្រោយ​មក​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ផ្ទះ​របស់​លោក​ដែល​ស្ថិតនៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ លោក​ត្រូវ​បាន​តុលាការ​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​ប្រមាណ ៤​ឆ្នាំ​មក​ហើយ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ រហូត​ដល់​បច្ចុប្បន្ន​នេះ។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​លោក​ត្រូវ​បាន​ដាក់​ឱ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ដោយ​ហាម​មិន​ឱ្យ​ធ្វើ​សកម្មភាព​មួយ​ចំនួន​រួម​មាន​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ ត្រូវ​បង្ហាញ​ខ្លួន​រាល់​ពេល​មាន​ការ​កោះ​របស់​តុលាការ និង​ហាម​មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស