38 C
Phnom Penh

អ្នក​នាំពាក្យ៖ កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​គឺ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​ថា ទិសដៅ​នៃ​ការ​ធ្វើ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មាន​គោល​បំណង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ព្រមទាំង​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឱ្យ​ពេញលេញ​ថែម​ទៀត។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​លើកឡើង​អំពី​ទិសដៅ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ តាមរយៈ​វេទិកា​ពិភាក្សា​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ថា ក្រសួង​យុត្តិធម៌​កម្ពុជា បាន​ដាក់​ចេញ​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​តាម​វិធី ២​យ៉ាង គឺ​កំណែ​ទម្រង់​ច្បាប់ និង​កំណែ​ទម្រង់​តុលាការ។

លោក​អះអាង​ថា កម្មវិធី​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នេះ គឺ​មាន​គោលដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថានភាព​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ក្នុង​នោះ​គឺ​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ច្បាប់​ចាស់ៗ​ដោយ​ការ​ធ្វើ​វិសោធនកម្ម ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ប្រជាពលរដ្ឋ។ ជាង​នេះ​ទៀត ក្រសួង​យុត្តិធម៌​ក៏​បាន​បង្កើត​នូវ​គណៈកម្មការ​ចម្រុះ​ដែល​កំពុង​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ទៅ​លើ​ក្រម​រដ្ឋប្បវេណី ក្រម​ព្រហ្មទណ្ឌ ក្រម​នីតិវិធី​រដ្ឋប្បវេណី និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ផង​ដែរ​នូវ​ចំណុច​មួយ​ចំនួន​ដែល​អនុវត្ត​មិន​កើត ដើម្បី​ធ្វើការ​កែតម្រូវ​ឲ្យ​ឆ្លើយតប​ទៅ​នឹង​បរិបទ​សង្គម​បច្ចុប្បន្ន។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​បញ្ជាក់​ថា ក្រសួង​ក៏​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ពង្រឹង​គុណភាព​សេវា​យុត្តិធម៌​ដែល​ផ្តល់​ដោយ​ប្រព័ន្ធ​តុលាការ និង​ក្រៅ​ប្រព័ន្ធ​តុលាការ​ផង​ដែរ ក្នុង​នោះ​ក្រសួង​បាន​ធ្វើ​ទំនើបកម្ម​ក្នុង​ការ​ផ្តល់​សេវា​យុត្តិធម៌​ជូន​ពលរដ្ឋ សំដៅ​បង្ខិត​សេវា​ទៅ​កាន់​តែ​កៀក​នឹង​ពលរដ្ឋ ព្រមទាំង​បាន​បង្កើត​នូវ​តុលាការ​ជំនាញ​តាម​វិស័យ ដូចជា​តុលាការ​ព្រហ្មទណ្ឌ និង​តុលាការ​រដ្ឋប្បវេណី ជាដើម។

ក្រោយ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ កម្ពុជា​ជា​រដ្ឋ​មួយ​ដែល​ពិភពលោក​ដឹង​ឮ​គ្រប់​គ្នា​ថា ជា​ប្រទេស​ដែល​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ និង​យក​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ខ្លួន ដើម្បី​កំណត់​ការ​រៀបចំ​គ្រប់គ្រង​រដ្ឋាភិបាល និង​ស្ថាប័ន​របស់​ប្រទេស ក្នុង​នោះ​ច្បាប់ និង​បទបញ្ជា​ទាំងឡាយ​ត្រូវតែ​កើត​ចេញ​មកពី​រដ្ឋធម្មនុញ្ញ និង​ត្រូវតែ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា លោក​សូម​ស្វាគមន៍​ក្រសួង​យុត្តិធម៌​ដែល​មាន​គោល​បំណង​ធ្វើ​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ ព្រោះ​ថា​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​សព្វថ្ងៃ​នេះ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅឡើយ​ទេ បើ​ទោះបីជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ចេញ​បទបញ្ជា​ប្រើ​កណ្ដាប់ដៃ​ដែក​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​នា​ពេល​កន្លងមក​ក៏ដោយ។

លោក ករុណា អះអាង​ថា អង្គការ​សង្គម​ស៊ីវិល​នឹង​ឃ្លាំមើល​នូវ​ការងារ​របស់​ក្រសួង​យុត្តិធម៌​នេះ ថា​តើ​ក្រសួង​ពិត​ជា​អាច​កសាង​នូវ​ទំនុក​ចិត្ត​ជូន​ពលរដ្ឋ​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​បាន​ដែរ​ឬ​ទេ តាមរយៈ​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន និង​ការ​ដាក់​បញ្ចូល​នូវ​ធនធាន​មនុស្ស​ដែល​ត្រូវ​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នេះ ដើម្បី​ធានា​នូវ​ការ​ការពារ​ផលប្រយោជន៍ និង​ការពារ​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​កុំ​ឱ្យ​មាន​ការ​គាប​សង្កត់​ទៅ​ថ្ងៃ​មុខ។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​រូប​នេះ​បារម្ភ​ថា ប្រសិនបើ​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​នេះ គ្រាន់តែ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុវត្ត​ជាក់ស្តែង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​កំពុង​រង​នូវ​ការ​គាប​សង្កត់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ នោះ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ គឺ​នៅតែ​បន្ត​កើត​មាន​ដដែល។

កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន រិះគន់​ថា អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមក លោក​បាន​សង្កេត​ឃើញ​ថា តុលាការ​នៅ​កម្ពុជា​គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​យ៉ាង​អនាធិបតេយ្យ​ប៉ុណ្ណោះ មិនមែន​ជា​កន្លែង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ សន្ទស្សន៍​ស្ដីពី​នីតិរដ្ឋ​ចេញ​ដោយ​គម្រោង​យុត្តិធម៌​ពិភពលោក កាលពី​ពេល​កន្លងទៅ​ថា ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ទី​១១២ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ចំនួន ១១៣ ក្នុង​តំបន់​អាស៊ី​ខាងកើត និង​អាស៊ី​ប៉ាស៊ីហ្វិក​ស្ដីពី​ការ​យល់ដឹង​ទាប​ចំពោះ​នីតិរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស