31 C
Phnom Penh

លោក សុន ឆ័យ ថា​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី​១២ និង​១៥ ខែ​កក្កដា​ខាងមុខ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ អះអាង​ថា លោក​នឹង​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ និង​១៥ ខែ​កក្កដា ឆ្នាំ​២០២២ តាម​បណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី បាន​មាន​ប្រសាសន៍​ថា លោក សុន ឆ័យ បាន​មក​ជួប​លោក​នៅ​ការិយាល័យ​ដើម្បី​ពិភាក្សា​អំពី​ផ្លូវច្បាប់។ លោក​ថា លោក សុន ឆ័យ នឹង​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​អយ្យការ​នៅ​ថ្ងៃទី​១២ ខែ​កក្កដា តាម​បណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​បន្ទាប់មក​នៅ​ថ្ងៃទី​១៥ ខែ​កក្កដា តាម​បណ្តឹង​របស់​បក្ស​ប្រជាជន​កម្ពុជា។

មេធាវី​រូប​នេះ​បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​អាច​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បាន​អំពី​លទ្ធផល​នៅ​ថ្ងៃ​ខាងមុខ​នេះ​ថា​នឹង​ត្រូវ​មាន​រឿង​អ្វី​កើតឡើង​នៅឡើយ​ទេ។ បើ​ផ្អែក​លើ​ស្មារតី​គតិយុត្តិ ការ​កោះ​ហៅ​នេះ​ក៏​នឹង​មិន​គំរាមកំហែង​ទៅ​ដល់​ការ​ចាប់​ខ្លួន ឬ​ឃុំ​ខ្លួន​ណា​មួយ​នោះ​ដែរ។

តំណាង​អយ្យការ​ចេញ​ដីកា​កោះហៅ​លោក សុន ឆ័យ ឲ្យ​ចូល​បំភ្លឺ​តាម​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ តែ​លោក​ខកខាន​ដោយសារ​ពេល​នោះ​លោក​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

គណបក្ស​ប្រជាជន​កម្ពុជា និង គ.ជ.ប បាន​ដាក់​បណ្តឹង​ប្តឹង​លោក សុន ឆ័យ ដោយសារ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ជាមួយ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជុំវិញ​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥។

លោក សុន ឆ័យ អះអាង​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​នេះ​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ដោយ​គណបក្ស​តែ​មួយ​ដែល​លោក​ចង់​សំដៅ​លើ​គណបក្ស​កាន់​អំណាច ហើយ​ការ​រាប់​សន្លឹកឆ្នោត​មាន​ការ​លួច​បន្លំ រួម​ទាំង​ការ​រិះគន់​របស់​លោក​ទៅ​លើ​ចំណុច​អវិជ្ជមាន​ជាច្រើន​អំពី​ដំណើរការ​បោះឆ្នោត។

គណបក្ស​ប្រជាជន​កម្ពុជា និង គ.ជ.ប ទាមទារ​ដូច​គ្នា​ឲ្យ​តុលាការ​ដាក់​ទោស​លោក សុន ឆ័យ តាម​ច្បាប់។ អ្វី​ដែល​ខុស​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទាមទារ​ឲ្យ​លោក សុន ឆ័យ បង់​ប្រាក់​ជិត ១​លាន​ដុល្លារ​ជា​ការ​សង​ជំងឺចិត្ត រីឯ គ.ជ.ប ទាមទារ​ឲ្យ​លោក​សុំទោស។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​ទើប​តែ​វិល​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​៣ ខែ​កក្កដា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា រូបលោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ចូល​ឆ្លើយ​ទៅ​តាម​ដីកា​កោះ​របស់​តុលាការ។ លោក​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទប្រកាន់​របស់​ដើមបណ្ដឹង​ទាំង​ពីរ ហេតុ​នេះ​លោក​មិន​ខ្លាចរអា​ចំពោះ​ការ​ចាប់​ខ្លួន​ណា​មួយ​ឡើយ។

លោក សុន ឆ័យ បន្ថែម​ទៀត​ថា អ្វី​ដែល​លោក​បាន​រិះគន់​អំពី​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​នោះ គឺ​នឹង​មិន​ត្រូវ​ចាប់​ខ្លួន​លោក​ឡើយ ព្រោះ​សារ​នយោបាយ​ដូច​ដែល​លោក​បាន​ទិតៀន​នោះ មិន​មែន​មាន​តែ​លោក​ម្នាក់​ទេ​ដែល​រក​ឃើញ​ដូច​គ្នា​អំពី​ភាព​មិន​ប្រក្រតី​នេះ សូម្បី​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​ផ្សេង​ទៀត​ក៏​មើល​ឃើញ​ដូច​រូបលោក​យ៉ាង​ដូច្នេះ​ដែរ។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក សោម សូរីដា ធ្លាប់​ប្រាប់​សារព័ត៌មាន​កន្លងមក​ថា អ្វី​ដែល​លោក សុន ឆ័យ ធ្វើ​នេះ​មិន​មែន​ជា​ការ​រិះគន់​ដែល​ស្ថិត​ក្រោម​យុត្តាធិការ​នៃ​សិទ្ធិ​បញ្ចេញមតិ​ទេ។ លោក​ថា សកម្មភាព​របស់​លោក សុន ឆ័យ គឺជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស