30 C
Phnom Penh

ក្នុង​របប​ឯក​បក្ស គ.ជ.ប អះអាង​ថា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មូលដ្ឋាន​ប្រព្រឹត្ត​ទៅ​រលូន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អះអាង​ថា រយៈពេល ៥​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​គ្មាន​អំពើ​ហិង្សា។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់ គ.ជ.ប នៅ​ថ្ងៃទី​២២ ឧសភា នេះ បាន​អះអាង​ថា រយៈពេល ៥​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា និង​ពុំ​មាន​បាតុភាព​ណា​មួយ​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​ឡើយ។

ប្រភព​ដដែល​បាន​អះអាង​ថា ក្នុង​ដំណើរការ​ឃោសនា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ដំបូង ក្នុង​ក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន និង​បន្ត​ឃោសនា​ជា​បន្តបន្ទាប់​នៅ​គ្រប់​រាជធានី-ខេត្ត។

ជាមួយ​គ្នា​នេះ​ដែរ គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឃោសនា​ទ្រង់ទ្រាយ​តូច ដោយ​មាន​ការ​ជួបជុំ​ជាមួយ​សមាជិក និង​អ្នកគាំទ្រ​បក្ស រួម​ជាមួយ​ការ​ចាក់​មេក្រូ​ផ្សព្វផ្សាយ​នៅ​ទីស្នាក់ការ​តាម​បណ្ដា​រាជធានី-ខេត្ត។

គ.ជ.ប បាន​អះអាង​ថា ការ​ឃោសនា​បោះឆ្នោត​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​១៧ ឧសភា ដោយ​មាន​បក្ស​នយោបាយ ៤ បាន​រៀបចំ​ឃោសនា​បោះឆ្នោត ដូចជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ចំណែកឯ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ពុំ​ទាន់​មាន​សកម្មភាព​ឃោសនា​នៅឡើយ​ទេ។

នៅ​ក្នុង​សារ​លិខិត​ចុះ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤ ក្នុង​ឱកាស​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ជិត​មក​ដល់ គេ​សង្កេត​ឃើញ​ថា រយៈពេល​ចុងក្រោយ​នេះ គណបក្ស​កម្លាំង​ជាតិ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់ ក្នុង​នោះ សមាជិក និង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ជា​ហូរហែ។

ជាក់ស្តែង កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោម​បទ​ចោទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម តាម​ដីកា​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​លោក​បាន​លើកឡើង​អំពី​ការ​ចែក​បណ្ណ​សមធម៌ និង​ការ​អភិវឌ្ឍ​ពី​រាជរដ្ឋាភិបាល​ថា​មាន​ភាព​លម្អៀង​ទៅ​ខាង​បក្ស​កាន់​អំណាច។

ចំណែក​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ខេត្ត​កំពង់ចាម គឺ​លោក មី សេងហ៊ ហៅ គា វិសាល និង​លោក អ៊ុំ វីរៈរដ្ឋ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដែរ​កាល​ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ហើយ​ពួកគេ​ក៏​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដូច​គ្នា​ដែរ​សព្វថ្ងៃ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ គឺ​ចំ​ពេល​ដែល​ត្រៀម​ចូលរួម​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​ពេលនេះ ដូច្នេះ​គឺ​ចេតនា​គំរាមកំហែង​ខាង​នយោបាយ​យ៉ាង​ពិតប្រាកដ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ដោយ​មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន ៥​គណបក្ស គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ ចំណែក​អង្គ​បោះឆ្នោត​មាន​សរុប​ចំនួន ១១៦២២​នាក់ និង​ការិយាល័យ​បោះឆ្នោត​ចំនួន ២០៩ នៅ​ទូទាំង ២៥​រាជធានី-ខេត្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស