31 C
Phnom Penh

សមត្ថកិច្ច​រារាំង​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ស្រប​ពេល​ដែល​ពួកគេ​នាំគ្នា​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ដាក់​របាំង​បិទ​កំណាត់​ផ្លូវ​សុធារស មិន​ឱ្យ​កូដករ និង​តំណាង​សហជីព​ប្រមាណ ១០០​នាក់​ដែល​ព្យាយាម​ប្រមូលផ្ដុំ​ធ្វើ​កូដកម្ម​ជា​ថ្មី ស្រប​ពេល​អង្គការ​សមាគម​ជិត ៤០​ស្ថាប័ន​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ចាត់​វិធានការ​ដោះស្រាយ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​កម្មករ​និយោជិត ស្ថាប័ន​ជាតិ និង​អន្តរជាតិ។

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) នៅ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ បាន​នាំគ្នា​ចេញ​ទាមទារ​ដោយ​យក​ក្រមា​ចង​ក្រវាត់​ក្បាល​សរសេរ​ថា កុំ​យក​លុយ​ទិញ​សិទ្ធិ ចំណែក​នៅ​លើ​បដា​បាន​សរសេរ​ថា ណាហ្គា​វើលដ៍ បាន​រំលោភ​ច្បាប់​របស់​កម្ពុជា និង​បដា​ខ្លះ​ទៀត​សរសេរ​ថា ណាហ្គា​វើលដ៍ ត្រូវតែ​ទទួល​យក​បុគ្គលិក​ដែល​ខ្លួន​បាន​បញ្ឈប់​ឱ្យ​ចូល​ធ្វើ​ការងារ​វិញ ជាដើម។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​អះអាង​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម​នេះ​ថា ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ជាមួយ​កូដករ​នៅ​ពេលនេះ គឺជា​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​ការ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​សមរម្យ​ជូន​កម្មករ​និយោជិត​ដែល​ក្រុមហ៊ុន​បាន​រំលោភ​សិទ្ធិ​ការងារ​របស់​ពួក​គេ​រហូត​មក។

លោក ឃុន ថារ៉ូ អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ប្រើ​តួនាទី​របស់​ខ្លួន​ការពារ​កម្មករ​និយោជិត​ដែល​កំពុង​ទាមទារ​សិទ្ធិ​ការងារ​ដោយ​ស្រប​ច្បាប់​នៅ​ពេលនេះ ដើម្បី​ដាក់​សម្ពាធ​លើ​ថៅកែ​ក្រុមហ៊ុន​ឱ្យ​ចេញ​មុខ​ដោះស្រាយ​លើ​វិវាទ​ការងារ​នេះ។

លោក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជួយ​ស៊ើប​អង្កេត​លើ​មន្ត្រី​អាជ្ញាធរ​ណា​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ធានា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព។

ចំណែក​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​អះអាង​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម​នេះ​ដែរ​ថា ការ​ចេញ​តវ៉ា​ទាមទារ​របស់​ក្រុម​កូដករ​នេះ គឺ​ដោយសារ​ក្រសួង​ការងារ​មិន​បាន​ផ្តល់​ដំណោះស្រាយ​យុត្តិធម៌​ណា​មួយ​ដល់​កម្មករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រហូត​មក ដូច្នេះ​ហើយ​ទើប​កម្មករ​និយោជិត​ចេញ​តវ៉ា​ទាមទារ​បែប​នេះ។

លោក រ៉ុង ឈុន បញ្ជាក់​ថា ការ​បណ្តែតបណ្តោយ​មិន​រក​ដំណោះស្រាយ​ជូន​កម្មករ​ដែល​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​រំលោភ​សិទ្ធិ​ការងារ​របស់​ពួកគេ​កន្លងមក ហាក់​បង្ហាញ​ថា ទាំង​ក្រសួង​ការងារ និង​រដ្ឋាភិបាល​បាន​រួម​ដៃ​គ្នា​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ដើម្បី​រំលោភ​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​ទៅវិញ។ ដូច្នេះ ការ​ចេញ​មុខ​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​លើ​បញ្ហា​នេះ គឺជា​រឿង​ចាំបាច់ ហើយ​គួរតែ​ធ្វើ​ឱ្យ​បាន​ឆាប់​រហ័ស ចៀសវាង​នូវ​ការ​អូស​បន្លាយ​ពេលវេលា​តទៅទៀត។

នៅ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ សហភាព​សហជីព បណ្ដាញ​សហគមន៍ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣៧​ស្ថាប័ន ដូចជា សម្ព័ន្ធ​សហជីព​កម្ពុជា CATU មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) និង​សហភាព​សហជីព​កម្ពុជា ជាដើម បាន​ចេញ​លិខិត​ចំហ​អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ដោះស្រាយ​វិវាទ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​កំពុង​អូស​បន្លាយ​អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមក​នេះ។

លិខិត​ចំហ​ដដែល​អះអាង​ថា ការ​អូស​បន្លាយ​មិន​ព្រម​រក​ដំណោះស្រាយ​ចំពោះ​វិវាទ​ការងារ​របស់​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន និង​ក្រសួង​ពាក់ព័ន្ធ គឺជា​ចេតនា​ក្នុង​ការ​ដាក់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច និង​ជា​ការ​ដាក់​សម្ពាធ​ផ្នែក​ស្មារតី​លើ​កូដករ​ដែល​កំពុង​ស្វែងរក​ដំណោះស្រាយ​នៅ​ពេលនេះ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​អះអាង​ថា ការ​ប្រើប្រាស់​ទម្រង់​ហិង្សា​ទៅ​លើ​កូដករ​ដែល​ជា​ស្ត្រី​គ្រប់​រូបភាព គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​ស្វែងរក​យុត្តិធម៌​ដោយ​សន្តិវិធី​តាមរយៈ​នៃ​ការ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋសភា ស្ថាប័ន​ព្រឹទ្ធសភា ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួង​យុត្តិធម៌ ជាដើម ឱ្យ​គោរព​សិទ្ធិ​ការងារ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​គេ​មើល​ឃើញ​ថា​មិន​ដែល​មាន​ចំណាត់ការ​ណា​មួយ​លើ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​ជំរុញ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​នេះ​ផ្តល់​ភាព​យុត្តិធម៌​ជូន​កម្មករ​នូវ​ទង្វើ​នៃ​ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ពួកគេ​នោះ​ទេ មាន​តែ​ការ​ព្រមាន​បញ្ជូន​ករណី​នេះ​ទៅ​ដោះស្រាយ​នៅ​តុលាការ​តែប៉ុណ្ណោះ។

រហូត​មក​ដល់​ពេលនេះ​មាន​រយៈពេល​ជាង ១​ឆ្នាំ​ហើយ​ដែល​ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ​នៅតែ​បន្ត​ដោយ​គ្មាន​ដោះស្រាយ​ជូន​កម្មករ​និយោជិត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដូចជា​ក្រសួង​ការងារ ជាដើម។ ជាង​នេះ​ទៀត មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​នោះ​ទេ កម្មករ​ដែល​ធ្វើ​កូដកម្ម​ទាមទារ​រក​យុត្តិធម៌​ទាំងនោះ ក៏​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ថែម​ទៀត ដោយ​ចោទប្រកាន់​ពី​បទ​បង្ក​ការ​ញុះញង់​ក្រោម​ផែនការ​បដិវត្តន៍​ពណ៌ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស