38 C
Phnom Penh

UN នឹង​ជួយ​រៀបចំ​ឲ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​លោក ហ៊ុន សែន មាន​ឯករាជភាព​ទៅ​ថ្ងៃ​អនាគត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ការងារ​ចាំបាច់​ដែល​ត្រូវ​ធ្វើជា​បន្តបន្ទាប់​នោះ គឺ​ការ​ធ្វើ​ឱ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​អនាគត​មាន​ឯករាជភាព និង​នាំ​ទៅ​រក​ការ​ការពារ​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​លើក​កម្ពស់​នីតិរដ្ឋ។

ការ​លើកឡើង​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​តុ​មូល ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ព្រហស្បតិ៍ នេះ ឲ្យ​ដឹង​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) និង​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក ទៅ​ថ្ងៃ​អនាគត​ចាំបាច់​ត្រូវ​ធ្វើ​ការ​ឱ្យ​មាន​ភាព​ឯករាជ្យ ធ្វើការ​ការពារ​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរ​ឡើង។

នៅ​ក្នុង​កិច្ចពិភាក្សា​នោះ​ដែរ តំណាង​ប្រចាំ​ប្រទេស អ្នកស្រី រួអេដា អិល ហាច (Ms. ROUEIDA EL Hage) ថ្លែង​ថា ការ​ដាក់​ចេញ​នូវ​សេចក្តី​ព្រាងច្បាប់​ស្តីអំពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ថ្នាក់​ជាតិ និង​ឯករាជ្យ​ដ៏​រឹងមាំ​មួយ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បញ្ជាក់​ថា មក​ទល់​ពេល​នេះ កម្ពុជា​នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​យ៉ាង​មុតមាំ​ក្នុង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​មួយ​នៅ​កម្ពុជា​ឲ្យ​បាន ក្នុង​នោះ​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ប្រគល់​តួនាទី​ឲ្យ​ក្រុម​ការងារ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទទួល​បន្ទុក​លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​ផង​ដែរ។

អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លងមក​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ត្រូវតែ​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ដោយ​គ្មាន​ការ​គំរាមកំហែង នោះ​គឺ​គ្រប់គ្រាន់​ហើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​គ្រាន់តែ​ទទួល​យក​ការ​រិះគន់​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​កង្វល់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទៅ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ក៏​ជា​ការ​លើក​ស្ទួយ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ទៅ​ហើយ។

ការ​លើកឡើង​នេះ ស្រប​ពេល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​អង្គការ​ជាតិ និង​អន្តរជាតិ​រក​ឃើញ​ថា បាន​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ចាប់តាំងពី​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ និង​ហាមឃាត់​ថ្នាក់​ដឹកនាំ រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​នេះ​ចំនួន ១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ ៥​ឆ្នាំ ខណៈ​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស ត្រូវ​បាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ធ្វើ​ទុក្ខបុកម្នេញ ជាដើម។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ ឆ្នាំ​២០២១ របស់​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ការ​ដឹកនាំ​គ្មាន​តម្លាភាព ពោរពេញ​ដោយ​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​អាក្រក់​បំផុត ក្នុង​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៣៩ នៅ​លើ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស