33 C
Phnom Penh

ប្រេសិត​ពិសេស​ថា​ដំណើរការ​ចរចា​សន្តិភាព​បញ្ចប់​វិបត្តិ​នៅ​ភូមា​ចាប់ផ្តើម​បើក​ទ្វារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ថា ដំណើរការ​ចរចា​រក​សន្តិភាព​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ប្រទេស​ភូមា បាន​ចាប់ផ្ដើម​វិល​កង់​ហើយ ដោយ​លោក មីន អ៊ុងឡាំង យល់ព្រម​ឲ្យ​ក្រុម​ភេរវករ​អាច​ចូល​តុ​ចរចា។

រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ជម្រាប​ជូន​អង្គទូត​នៃ​បណ្តា​ប្រទេស​នានា​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​២ ទៅ​កាន់​ប្រទេស​ភូមា កាលពី​ពេល​ថ្មីៗ​នេះ ភាគី​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​ចូលរួម​ចរចា​នោះ គឺ​ក្រុម​ដែល​របប​សឹក​ភូមា បាន​ចាត់ទុក​ថា​ជា​ក្រុម​ភេរវករ​នា​ពេល​កន្លងមក។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បញ្ជាក់​ថា បើ​ទោះជា​មាន​លក្ខខណ្ឌ​ក្នុង​ការ​ចរចា​នេះ​មាន​តែ ៣​ចំណុច​ក៏ដោយ ក៏​លោក​យល់​ថា យ៉ាងហោចណាស់​ក៏​ជា​ការ​បើក​ផ្លូវ​ឲ្យ​មាន​លទ្ធភាព​ក្នុង​ការ​ជជែក​ជាមួយ​គ្នា​ដែរ​ដើម្បី​បញ្ចប់​វិបត្តិ​របស់​ខ្លួន។ លោក ប្រាក់ សុខុន គូស​បញ្ជាក់​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន គឺ​អាច​ធ្វើ​ឲ្យ​ដំណើរការ​ចរចា​សន្តិភាព​នៅ​ភូមា អាច​វិល​ទៅ​មុខ​បាន​ហើយ។ រីឯ​ការ​ចរចា​យ៉ាង​ណាៗ​នោះ គឺ​អាស្រ័យ​លើ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ជា​អ្នក​ដោះស្រាយ​ខ្លួនឯង​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា ជា​លើក​ទី​២ ដើម្បី​តាមដាន​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​សម្រេច​ដាក់​ឱ្យ​របប​សឹក​ភូមា អនុវត្ត​នា​ពេល​កន្លងមក។

យ៉ាងណាក៏ដោយ ក្នុង​ដំណើរការ​នៃ​ការ​ចរចា​នេះ លោក ប្រាក់ សុខុន មិន​បាន​បញ្ជាក់​ថា មិន​មាន​ភាគី​តំណាង​រដ្ឋាភិបាល​ស៊ីវិល​ដែល​ត្រូវ​របប​សឹក​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នោះ​ទេ ជាពិសេស​គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី តែម្តង​ដែល​ជា​តួអង្គ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ការ​ចរចា​នេះ ហើយ​ក៏​ជា​តួអង្គ​ដែល​កំពុង​តែ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​របប​សឹក​សព្វថ្ងៃ​នេះ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា លក្ខខណ្ឌ ៣​ចំណុច​ដែល​លោក ប្រាក់ សុខុន អះអាង​ថា​ជា​ចំណុច​គន្លឹះ​ដែល​អាច​ឱ្យ​វិបត្តិ​នៅ​ភូមា វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ​នោះ គឺជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ថា​លក្ខខណ្ឌ​ចរចា​ទាំងនោះ គឺជា​ការ​លើកឡើង​របស់​របប​សឹក​តែ​ម្ខាង​ប៉ុណ្ណោះ មិន​មែន​ជា​លក្ខខណ្ឌ​ដែល​ដាក់​ចេញ​ដោយ​ភាគី​ពាក់ព័ន្ធ​ដែល​ត្រូវ​ចូលរួម​តុ​ចរចា​នោះ​ទេ។

លោក ម៉ែន ណាត អះអាង​ថា ការ​យល់ព្រម​ទទួល​យក​លក្ខខណ្ឌ​របស់​របប​សឹក​ភូមា​តែ​ម្ខាង​មក​ធ្វើ​ជា​ប្រធានបទ​សម្រាប់​ការ​ចរចា​នេះ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​កំពុង​យកចិត្ត​ទុកដាក់​ជួយ​របប​សឹក​ឱ្យ​មាន​ភាព​ស្រប​ច្បាប់ ជាជាង​ការ​ឆ្ពោះ​ទៅ​ជួយ​រក​ដំណោះស្រាយ​ពិតប្រាកដ​ចំពោះ​វិបត្តិ​នៅ​ភូមា ដែល​កំពុងតែ​កើត​មាន​នៅ​ពេលនេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក ប្រាក់ សុខុន បែប​នេះ​ក៏​ជា​ចេតនា​មួយ​ជួយ​បងធំ​ចិន ដែល​កំពុង​ពួន​សម្ងំ​នៅ​ពីក្រោយ​វិបត្តិ​ដែល​កំពុង​ញាំញី​នេះ​ផង​ដែរ ព្រោះ​ថា​ចិន តែង​ផ្សារភ្ជាប់​ខ្លួន​របស់​ពួកគេ​ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​ភូមា​នេះ​រហូត​មក គឺ​ក្នុង​បំណង​ដើម្បី​រក្សា​របប​សឹក​នេះ​ឱ្យ​ដឹកនាំ​ភូមា​បន្ត​ទៀត​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi បាន​អះអាង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង រំពឹង​ថា ខ្លួន​នឹង​រួម​គ្នា​ជាមួយ​អាស៊ាន​ដើម្បី​ជំរុញ​មីយ៉ាន់ម៉ា វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ។

រដ្ឋបាល​ប៉េកាំង ក៏​រំពឹង​ថា ខ្លួន​នឹង​អាច​រួម​គ្នា​ជាមួយ​អាស៊ាន​ដើម្បី​លើក​ទឹកចិត្ត​មីយ៉ាន់ម៉ា ឱ្យ​ចាប់ផ្តើម​ដំណើរការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​ឡើងវិញ និង​រំពឹង​ថា​អាស៊ាន​នឹង​ប្រកាន់ខ្ជាប់​នូវ “មាគ៌ា​អាស៊ាន” ដោយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ភូមា​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស