28 C
Phnom Penh

មេធាវី៖ តំណាង​អយ្យការ​សួរ​លោក កឹម សុខា រុញ​ឱ្យ​ធ្លាក់​ក្នុង​គម្រោង​ដែល​គេ​ត្រៀម​ទុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើកឡើង​ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សួរ​សំណួរ​ទៅ​កាន់​លោក កឹម សុខា ក្នុង​បំណង​រុញ​ច្រាន​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​គម្រោង​ដែល​ពួកគេ​បាន​ត្រៀម​ទុក។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក ចាន់ ចេន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​របស់​លោក កឹម សុខា នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ថា លោក​សង្កេត​ឃើញ​ថា​តំណាង​អយ្យការ​ព្យាយាម​លើក​យក​វីដេអូ​របស់​លោក កឹម សុខា ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​ចោទ​សួរ​លោក កឹម សុខា ត្រង់​ចំណុច​ដែល​គាត់​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា៖ «លោក​សុំ​លា​ពួកគេ​ដើម្បី​ទៅ​ជួប​ជាមួយ​មន្ត្រី​ទូត​របស់​មហាអំណាច​មួយ»

ត្រង់​ចំណុច​នេះ តំណាង​អយ្យការ​បាន​ចោទ​សួរ​ថា តើ​ទូត​របស់​មហាអំណាច​ដែល​លោក កឹម សុខា បាន​ទៅ​ជួប​នោះ គឺជា​មហាអំណាច​មួយ​ណា?

លោក ចាន់ ចេន បញ្ជាក់​ថា លោក កឹម សុខា មិន​បាន​ឆ្លើយ​នឹង​សំណួរ​របស់​តំណាង​អយ្យការ​ទេ ប៉ុន្តែ​លោក​បាន​សួរ​ទៅ​កាន់​តំណាង​អយ្យការ​វិញ​ថា តើ​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា រួម​ទាំង​ស្ថានទូត​របស់​ប្រទេស​មហាអំណាច​ផង គឺជា​មិត្ត​របស់​កម្ពុជា ឬ​ជា​សត្រូវ​របស់​កម្ពុជា?

យ៉ាងណាក៏ដោយ តំណាង​អយ្យការ​ក៏​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​លោក កឹម សុខា វិញ​ដែរ។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា សវនាការ​ពេញ​មួយ​ព្រឹក​នេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​បាន​សាកសួរ​សំណួរ​លើ​អង្គហេតុ​ប្រទូសរ៉ាយ​នោះ​ទេ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា តំណាង​អយ្យការ​ព្យាយាម​ប្រើ​សំណួរ​ដើម្បី​អូស​ទាញ​ចម្លើយ​របស់​លោក កឹម សុខា ឱ្យ​ទៅ​ដល់​ចំណុច​ដែល​ពួកគេ​បាន​ត្រៀម​ទុក តែ​រាល់​ការ​ឆ្លើយ​របស់​លោក កឹម សុខា បាន​ធ្វើ​ឱ្យ​ពួកគេ​បរាជ័យ​ទាំងស្រុង។

ការ​អះអាង​របស់​សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សាកសួរ​លោក កឹម សុខា ជីក​ឫស​ជីក​គល់​ដែល​មិន​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ប្រទូសរ៉ាយ​ក្នុង​សវនាការ​លើក​ទី​៤៨ នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ តុលាការ​កម្ពុជា​មិន​ទាន់​អាច​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​រដ្ឋ​បរទេស​ដែល​តុលាការ​បាន​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា នោះ ក៏​តុលាការ​មិន​បាន​បញ្ជាក់​ថា​ជា​រដ្ឋ​បរទេស​មួយ​ណា​នោះ​ដែរ។

បើ​ទោះបីជា​តុលាការ​មិន​អាច​កាត់ទោស​លោក កឹម សុខា ក៏ដោយ ក៏​តុលាការ​នៅតែ​ដាក់​ឱ្យ​លោក​ស្ថិត​ក្រោម​ការ​តាមដាន​របស់​ខ្លួន​រហូត​មក ហើយ​ព្យាយាម​អូស​បន្លាយ​សវនាការ​ដូច​ពួកគេ​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ ក្នុង​នោះ តុលាការ​ក៏​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ចាកចេញ​ទៅ​ក្រៅ​ប្រទេស និង​ធ្វើ​សកម្មភាព ឬ​និយាយ​ពាក់ព័ន្ធ​នឹង​នយោបាយ​ផង​ដែរ។

កាល​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ មុន​សវនាការ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ជួប​ជាមួយ​ឧបការី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​កម្ពុជា​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១២ និង​ទី​១៣ សប្តាហ៍​នេះ ក្នុង​នោះ​ក៏​មាន​ការ​រួម​ដំណើរ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Patrick Murphy ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស