27 C
Phnom Penh

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា៖ ពលរដ្ឋ​ខ្មែរ​បញ្ចេញ​ទស្សនៈ​ដោយ​សេរី​គ្មាន​ការ​រឹត​បន្តឹង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ អះអាង​ថា ពលរដ្ឋ​ជិត ៨០% បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​សកម្ម និង​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី​គ្មាន​ការ​រឹត​បន្តឹង​ពី​រដ្ឋាភិបាល។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​ភាគី​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ត្រូវ​បាន​បន្លឺ​ឡើង​បន្ថែម​ទៀត​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​ឌីជីថល​ជិត ២​ពាន់​អង្គភាព ដែល​កំពុង​ដំណើរការ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ជា​មុន និង​គ្មាន​ការ​រឹត​បន្តឹង​នោះ​ឡើយ ហើយ​ថែមទាំង​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ថែម​ទៀត។

ប្រភព​ដដែល​បាន​បន្ទោស​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ថា​មិន​ត្រូវ​ជ្រើសរើស​ជ្រុង​ណា​មួយ ឬ​ផ្នែក​ណា​មួយ​នៃ​សង្គម ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​ទាំងមូល​របស់​កម្ពុជា​នោះ​ទេ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បញ្ជាក់​ថា កម្ពុជា​បាន​អនុវត្ត​នូវ​សេរីភាព​បញ្ចេញមតិ​ដោយ​ពេញលេញ ប៉ុន្តែ​ការ​បង្កើត​សមាគម និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ករណីយកិច្ច​ទំនួល​ខុសត្រូវ​ដែល​កំណត់​ដោយ​ច្បាប់​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៥០ ដើម្បី​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ស្ដារ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២២ នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កក្កដា នេះ​ថា ប្រសិនបើ​មើល​ជា​រូបភាព​ដែល​មាន​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ទិន្នន័យ​របស់​ក្រសួង​ព័ត៌មាន គេ​នឹង​អាច​សន្និដ្ឋាន​បាន​ថា កម្ពុជា​មាន​ការ​បញ្ចេញមតិ​ដោយ​សេរី និង​មាន​ស្ថាប័ន​សម្រាប់​បម្រើ​ឱ្យ​សេរីភាព​បញ្ចេញមតិ​ដល់​ទៅ​រាប់​ពាន់​អង្គភាព​ឯណោះ​មែន ប៉ុន្តែ​ខ្លឹមសារ​ស៊ីជម្រៅ​ចំពោះ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា មិន​ដូច​ទៅ​នឹង​ការ​លើកឡើង​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​នោះ​ឡើយ។

លោក ស៊ឹង សែនករុណា អះអាង​ថា ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​មិន​ទាន់​គិត​ដល់​ការ​តាមដាន ឬ​ស៊ើប​អង្កេត​ស៊ីជម្រៅ​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​មើល​ទៅ​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​បញ្ចេញមតិ​របស់​សកម្មជន​សង្គម​ជុំវិញ​បញ្ហា​បរិស្ថាន ការ​បញ្ចេញមតិ​របស់​អង្គការ​សង្គម​ស៊ីវិល​ជុំវិញ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត និង​ការ​បញ្ចេញមតិ​របស់​សកម្មជន​សិទ្ធិមនុស្ស​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស ជាដើម ក៏​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​រហូត​ដល់​ការ​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា ការ​លើកឡើង​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​អនុវត្ត​នោះ​ទេ។

ជុំវិញ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា​នេះ កាលពី​ចុង​ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​គំរាម​ថា ប្រសិនបើ​អ្នក​ណា​ហ៊ាន​រិះគន់​រដ្ឋាភិបាល​របស់​លោក ចេញ​មក​មួយ​វ៉ៃ​មួយ ចេញ​មក​ពីរ​វ៉ៃ​ពីរ គ្មាន​ករណី​លើកលែង​នោះ​ឡើយ ព្រោះ​ថា​ការ​តវ៉ា​របស់​ពួកគេ​នឹង​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

យ៉ាងណាក៏ដោយ កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ជាច្រើន​រូប​រួម​មាន លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) អ្នកស្រី អាយរីន ខាន់ (Irene Khan) អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) និង​លោក ក្លេម៉ង់ នីយ៉ា ឡេតសូស៊ីវូល (Clément Nyaletsossi Voule) បាន​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ទង្វើ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​សព្វថ្ងៃ​នេះ ដែល​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​សង្គម អ្នក​សារព័ត៌មាន និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ជា​បន្តបន្ទាប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស