28 C
Phnom Penh

ក្រុមប្រឹក្សា​ឃ្លាំមើល​អំពាវនាវ​ឲ្យ​រដ្ឋសភា​ឯក​បក្ស​ទម្លាក់​ចោល​គម្រោង​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋសភា​ឯក​បក្ស និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទម្លាក់​ចោល​នូវ​គម្រោង​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​ជាបន្ទាន់ ព្រោះ​ជា​ការ​បំពេញ​បំណង​របស់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ​ក្នុង​ការ​កាត់បន្ថយ​អំណាច​របស់​ស្ថាប័ន​រដ្ឋសភា មិនមែន​ដើម្បី​ប្រទេស​ជាតិ​នោះ​ទេ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២០ កក្កដា នេះ​ថា ការ​កែ​មាត្រា​១២៥​ថ្មី បង្ហាញ​ថា ជា​ការ​បើក​ផ្លូវ​ឱ្យ​មាន​ការ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មី និង​បង្កើត​រដ្ឋាភិបាល​ថ្មី​តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច​គ្រប់​បែប​យ៉ាង និង​គ្រប់​ពេលវេលា​ទាំងអស់។

លោក​បន្ត​ថា ការ​កែ​មាត្រា​១១៩​ថ្មី គឺ​ធ្វើ​ឡើង​ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ចាត់តាំង​បុគ្គល​ណា​ម្នាក់​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចំពោះ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ខាងមុខ ដែល​ទង្វើ​នេះ​គឺជា​ការ​កាត់បន្ថយ​អំណាច​របស់​ស្ថាប័ន​រដ្ឋសភា​ទាំងស្រុង ដែល​ផ្ទុយ​នឹង​គោលការណ៍​របប​សភា​និយម​ដែល​កម្ពុជា​បាន​ប្រកាស​អនុវត្ត​រហូត​មក។

លោក រ៉ុង ឈុន អះអាង​ថា ចំពោះ​មាត្រា​ដែល​បាន​កែប្រែ​ដទៃ​ទៀត​សុទ្ធតែ​បង្ហាញ​ពី​ការ​ការពារ​អំណាច​រដ្ឋាភិបាល​ថ្មី​មួយ ស្រប​តាម​ខ្លឹមសារ​ថ្មី​នៃ​មាត្រា​១១៩​ថ្មី និង​មាត្រា​១២៥​ថ្មី​ទាំងអស់។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​ធានា​នូវ​ប្រក្រតីភាព និង​យន្តការ​ការងារ​របស់​ស្ថាប័ន​ជាតិ។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា រដ្ឋសភា និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ គួរ​យក​ឱកាស​នេះ​ទៅ​ដោះស្រាយ​វិបត្តិ​នយោបាយ វិបត្តិ​សេដ្ឋកិច្ច និង​ភាព​អយុត្តិធម៌​សង្គម​ដែល​កំពុង​កើតមាន​នៅ​ពេលនេះ​ជំនួស​វិញ ទើប​ជា​រឿង​ដែល​ពួកគេ​គួរតែ​ធ្វើ។

កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ទៅ​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន ៨​មាត្រា ដើម្បី​ថ្វាយ​យោបល់​ជូន​ព្រះមហាក្សត្រ​ខ្មែរ បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កាលពី​ថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ មិន​គួរ​ប្រញាប់ប្រញាល់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បែប​នេះ​ទេ ព្រោះ​ថា​ច្បាប់​ដែល​ធ្វើឡើង​ដោយ​មិន​ទូលំទូលាយ ក៏​មិន​អាច​ចាត់ទុក​ថា​ជា​ច្បាប់​ដែល​សម្ដែង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែរ។

ចំណែក​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ឡើង​ជា​នាយករដ្ឋមន្ត្រី ស្រុក​ខ្មែរ​នឹង​មាន​នាយករដ្ឋមន្ត្រី​ឪ ហើយ​និង​នាយករដ្ឋមន្ត្រី​កូន ដែល​ជា​សារ​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា នីតិរដ្ឋ​នៅ​ស្រុក​ខ្មែរ​បាន​ទទួល​មរណភាព​ហើយ។ ចំណែក​ប្រជាធិបតេយ្យ​វិញ លោក​ថា​គ្រាន់តែ​ជា​គ្រឿង​លម្អ​រោង​ល្ខោន​នយោបាយ​របស់​ពួក​កាន់​អំណាច​ផ្ដាច់ការ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ចេញ​មុខ​អះអាង​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នូវ​មាត្រា​ចំនួន ៨ នោះ ដើម្បី​បំពេញ​សេចក្តី​ខ្វះ​ចន្លោះ​នៃ​រដ្ឋធម្មនុញ្ញ​ដើម ដើម្បី​ឱ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ​ដំណើរការ​ទៅ​ដោយ​រលូន ធានា​ស្ថិរភាព​នយោបាយ និង​ការពារ​ប្រយោជន៍​ជាតិ។

ទោះជា​យ៉ាងណា ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន កំពុងតែ​ជ្រែក​រាជ្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​នាំ​ឲ្យ​លោក​អាច​នឹង​ក្លាយ​ជា​បុគ្គល​ដ៏​មាន​អំណាច​បំផុត​នៅ​ថ្ងៃ​មុខ។ ទោះបី​អំណាច​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ក៏​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​លោក ហ៊ុន សែន សព្វថ្ងៃ​ដែរ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស