អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេល ៦ខែក្នុងឆ្នាំ២០២២ នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ៩,២% ដែលមានទំហំទឹកប្រាក់ ៦១១លានដុល្លារ ខណៈទំនិញដែលចិន នាំចូលមកកម្ពុជា បានកើន ២៤,២% ដែលមានទំហំទឹកប្រាក់ ៥,៣៧ពាន់លានដុល្លារ។
បើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយនាពេលថ្មីៗបានឱ្យដឹងថា ទំនិញដែលចិននាំចូលមកកម្ពុជា ក្នុងឆមាសទី១ នៃឆ្នាំ២០២២ បានកើន ២៤,២% ដែលមានទំហំទឹកប្រាក់ ៥,៣៧ពាន់លានដុល្លារ ខណៈការនាំចេញទំនិញពីកម្ពុជាទៅចិនមានការធ្លាក់ចុះ ៩,២% ដែលមានទំហំទឹកប្រាក់ ៦១១លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ប្រភពដដែលបញ្ជាក់ថា មុខទំនិញដែលកម្ពុជានាំចេញទៅចិន ក្នុងនោះគ្រឿងបង្គំអគ្គិសនី ផលិតផលកសិកម្ម និងផ្លែឈើភាគច្រើនដូចជាអង្ករ ស្វាយ ចេក ជាដើម។ ចំណែកទំនិញដែលចិននាំចូលកម្ពុជាវិញ ភាគច្រើនជាវត្ថុធាតុដើមដែលបម្រើឱ្យវិស័យកាត់ដេរ វាយនភណ្ឌ និងសំណង់ ជាដើម។
ការនាំទំនិញទៅចិនធ្លាក់ចុះនេះ ក្រោមហេតុផលថា ថ្លៃដឹកជញ្ជូនកើនឡើង ខណៈតំបន់ខ្លះរបស់ប្រទេសចិន បានបិទខ្ទប់ និងការនាំទំនិញឆ្លងកាត់ប្រទេសទីបី ដែលករណីនេះនាំឲ្យមានភាពយឺតយ៉ាវ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបានក្នុងរង្វង់ទឹកប្រាក់ជិត ៦ពាន់លានដុល្លារ ដែលចំនួននេះបានកើនឡើង ២០,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ៥ពាន់លានដុល្លារ៕