តុលាការនៃរបបសឹកភូមា បានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ដែលត្រូវបានចោទប្រកាន់ថាបានចូលរួមអនុវត្តអំពើភេរវកម្មនៅក្នុងប្រទេស ដែលពួកយោធាប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយមួយនៃប្រទេសភូមា គឺ Myanmar Now បានធ្វើសេចក្ដីរាយការណ៍ថា មនុស្ស ៤នាក់នោះ គឺ ២នាក់ជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ដែលអ្នកស្រីក៏រងការកាត់ទោសឱ្យមានទោសជាច្រើនរាប់សិបឆ្នាំជុំវិញសំណុំរឿងច្រើនករណី។
លោក Ko Jimmy អាយុ ៥២ឆ្នាំជាមេដឹកនាំម្នាក់នៃចលនាបះបោរប្រឆាំងពួកយោធា កាលពីឆ្នាំ១៩៨៨ និងលោក Phyo Zayar អាយុ ៤១ឆ្នាំជាសមាជិកសភារបស់បក្ស NLD និង ២នាក់ទៀត គឺលោក Hla Myo Aung និង Aung Thura Zaw។
អ្នកនាំពាក្យរបបសឹកភូមាបាននិយាយថា មនុស្ស ៤នាក់នេះត្រូវកាត់ទោសប្រហារជីវិតដូចនេះ ដោយអនុវត្តតាមច្បាប់ប្រឆាំងភេរវកម្ម។ ពួកគេត្រូវបានកាត់ទោសនៅក្នុងសវនាការបិទទ្វារតាំងពីខែមករា ដើមឆ្នាំនេះ។ មនុស្សទាំង ៤នាក់នេះត្រូវបានតុលាការចោទប្រកាន់ថាបានចូលរួមចំណែកជួយដល់កងកម្លាំងបះបោរក្នុងការប្រយុទ្ធដោយបង្ហូរឈាមតទល់នឹងកងទ័ពរដ្ឋាភិបាលយោធា។
អ្នកនាំពាក្យរបបសឹកភូមា គឺលោក Zaw Min Tun បានថ្លែងការពារការកាត់ទោសដោយការប្រហារជីវិតលើអ្នកទោសទាំងនេះ។ លោកអះអាងថា ការអនុវត្តទោសដូចនេះនៅក្នុងប្រទេសភូមា គឺមិនខុសនឹងប្រទេសជាច្រើនដែលកំពុងអនុវត្តទោសដូចនេះនៅឡើយ។ លោកបញ្ជាក់ថា យ៉ាងហោចណាស់ជនស៊ីវិលស្លូតត្រង់ចំនួន ៥០នាក់ដោយមិនរាប់បញ្ចូលកងកម្លាំងសន្តិសុខ គឺពួកគេបានស្លាប់ដោយសារអ្នកទោសទាំងនោះឃុបឃិតបង្កឱ្យមានការស្លាប់ជនស៊ីវិល បាញ់ប្រហារកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។
ចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាចមកគ្រប់គ្រង កាលពីខែកុម្ភៈ ឆ្នាំមុន ដោយបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី បានបង្កឱ្យមានការតវ៉ាបះបោរពាសពេញប្រទេសប្រឆាំងរបបសឹក។
យោងតាមសមាគមជំនួយអ្នកទោសនយោបាយនៃប្រទេសភូមា មនុស្សជាង ២១០០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៃរបបសឹក និងជាង ១០០០០នាក់កំពុងជាប់ឃុំខ្លួន ក្នុងនោះ ក្រុមប្រឆាំង ១១៧នាក់ទៀតក៏ត្រូវរបបសឹកផ្ដន្ទាទោសដោយទោសប្រហារជីវិតដែរ។ ការប្រហារជីវិតអ្នកទោសមនសិការ និងអ្នកការពាររបបប្រជាធិបតេយ្យ បាននាំឱ្យផ្ទុះប្រតិកម្មជាខ្លាំងពីសហគមន៍អន្តរជាតិ។
អង្គការ Human Rights Watch និងអង្គការ Amnesty International បានចេញមុខមុនគេប្រតិកម្មនឹងរបបសឹកភូមា ដោយពួកគេបានហៅសកម្មភាពនៃការប្រហារជីវិតមនុស្សដោយរបបសឹក ថាជាអំពើឃោរឃៅបំផុត៕