26 C
Phnom Penh

មេ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កម្ពុជា​ថា​ពលរដ្ឋ​ខ្មែរ​មាន​មោទកភាព​បំផុត​ដែល​ប្រទេស​ពុំ​មាន​ទោស​ប្រហារ​ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មាន​មោទកភាព​បំផុត​ដែល​ប្រទេស​កម្ពុជា​ពុំ​មាន​ទោស​ប្រហារ​ជីវិត​ដូច​ប្រទេស​ដទៃ​ឡើយ ហើយ​ការ​លុប​ចោល​ទោស​ប្រហារ​ជីវិត​នេះ គឺជា​ការ​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​បំផុត​មួយ​ស្រប​តាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ដែរ។

លោក កែវ រ៉េមី បាន​លើកឡើង​បែប​នេះ​ក្នុង​ពិធី​បើក​សិក្ខាសាលា​មួយ​ដែល​ផ្សព្វផ្សាយ​អំពី “សេចក្តី​អង្កេត​សន្និដ្ឋាន​របស់​គណៈកម្មាធិការ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​សម្រាប់​កម្ពុជា” ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

លោក កែវ រ៉េមី អះអាង​ថា គ្មាន​ទេ​ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស​នៅ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម សូម្បីតែ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ដែល​ជា​សិទ្ធិ​ចម្បង​មុន​គេ ក៏​មិន​ត្រូវ​បាន​ធានា​ដែរ ហេតុ​នេះ​ការ​ចូលរួម​ថែរក្សា និង​ការ​ការពារ​សន្តិភាព គឺជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់​រូប ដើម្បី​ឈាន​ទៅ​ដល់​ការ​ធានា​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន។

មេ​សិទ្ធិមនុស្ស​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា វត្តមាន​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​វត្តមាន​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួម​ទាំង​ការ​ផ្ដល់​សច្ចាប័ន និង​ការ​ចូល​ជា​សមាជិក​លើ​លិខិតុបករណ៍​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​ពិធីសារ​ផ្សេងៗ គឺជា​ភស្តុតាង​ជាក់ស្តែង​បង្ហាញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ វិច្ឆិកា នេះ​ថា ពិត​មែន​តែ​កម្ពុជា​គ្មាន​ទោស​ប្រហារ​ជីវិត ប៉ុន្តែ​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ពលរដ្ឋ​របស់​ខ្លួន​សព្វថ្ងៃ​នេះ ក៏​មិន​ខុស​កាត់ទោស​ប្រហារ​ជីវិត​របស់​ពួកគេ​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម សកម្មជន​នយោបាយ និង​អ្នក​នយោបាយ​ទៅ​ដាក់​គុក​ទាំង​អយុត្តិធម៌​រាប់​ឆ្នាំ​កន្លង​មក គឺជា​ចេតនា​បំផ្លាញ​អនាគត និង​ជីវិត​របស់​អ្នក​ទាំងនោះ​យ៉ាង​ព្រៃផ្សៃ​បំផុត ពីព្រោះ​ពួកគេ​មិន​សម​ទទួល​នូវ​ទារុណកម្ម​ទាំង​អយុត្តិធម៌​បែប​នេះ​ទេ។

កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៤ អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន​លើកឡើង​ថា លោក​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​ការ​រឹតត្បិត​លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា ចាប់តាំងពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៤ មក រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​ក្តៅ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​បញ្ចេញមតិ​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ជាបន្តបន្ទាប់ ទាំង​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​អ្នក​សារព័ត៌មាន ជាដើម សូម្បី​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​លើ​ទឹកដី​ថៃ ក៏​ត្រូវ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ​ដែរ។

ជាក់ស្តែង ពលរដ្ឋ​ដែល​រង​នូវ​ការ​ចាប់​ខ្លួន​ពី​ការ​រិះគន់​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) ជាង ៦០​នាក់ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​នា​ពេលនេះ ក្នុង​នោះ​ក៏​អនីតិជន​ផង​ដែរ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស