27 C
Phnom Penh

ADB ផ្តល់​ប្រាក់​កម្ចី​១៥​លាន​ដុល្លារ​អាមេរិក​ដល់​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ផ្តល់​ប្រាក់កម្ចី​ចំនួន ១៥​លាន​ដុល្លារ​អាមេរិក​ដល់​ក្រុមហ៊ុន ឌី ហឹស្ស ធី អិម អេច (De Heus TMH) ដែល​ជា​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា ដើម្បី​ធានា​ក្នុង​ការ​ប្រមូល​ទិញ​វត្ថុធាតុដើម​របស់​កសិករ​ខ្មែរ​ឱ្យ​បាន​កាន់តែ​ច្រើន​ក្នុង​ការ​រួម​ចំណែក​ការពារ​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ADB បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ក្រុមហ៊ុន De Heus TMH Company Limited បាន​ចុះហត្ថលេខា​លើ​ប្រាក់កម្ចី​ចំនួន ១៥​លាន​ដុល្លារ​អាមេរិក​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដើម្បី​ផលិត​ចំណី​សត្វ​នៅ​កម្ពុជា​តាមរយៈ​នៃ​ការ​ពង្រីក​សមត្ថភាព​ផ្ទុក និង​កែច្នៃ​ចំណី​សត្វ​របស់​ខ្លួន​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​កម្ពុជា អ្នកស្រី Jyotsana Varma បាន​អះអាង​ថា តាមរយៈ​នៃ​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន De Heus TMH នេះ គឺជា​ការ​ជួយ​ពង្រឹង​ខ្សែ​សង្វាក់​តម្លៃ​ចំណី​សត្វ ដែល​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​កសិករ​ខ្មែរ​ដែល​បាន​ដាំ​ដំណាំ​សម្រាប់​ធ្វើ​ចំណី​បសុសត្វ និង​ត្រី ជាដើម ហើយ​ក៏​ជា​ការ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​មាន​និរន្តរភាព និង​ភាព​ធន់​ផង​ដែរ។

នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​រូប​នេះ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​នៃ​ការ​ផ្គត់ផ្គង់​ចំណី​សត្វ​ដែល​មាន​ប្រភព​ក្នុង​ស្រុក​ដែល​អាច​ធានា​ទាំង​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​នោះ គឺជា​កត្តា​សំខាន់​ក្នុង​ការ​ការពារ​សន្តិសុខ​ស្បៀង​របស់​កម្ពុជា និង​កាត់បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំចូល​ចំណី​សត្វ​ពី​បរទេស​ថែម​ទៀត។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន De Heus TMH Company Limited ប្រចាំ​តំបន់​អាស៊ី លោក Gabor Fluit បាន​អះអាង​ថា ក្រុមហ៊ុន De Heus TMH បាន​ប្ដេជ្ញា​ផ្តល់​អំណាច​ដល់​កសិករ​ឯករាជ្យ​នៅ​កម្ពុជា ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ចំណី​សម្រាប់​សត្វ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត។

កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២២ ក្រុមហ៊ុន ឌី ហឹស្ស ធី អិម អេច បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​រោងចក្រ​ផលិត​ចំណី​សត្វ​ខ្នាត​អន្តរជាតិ​របស់​ខ្លួន ដែល​បាន​បោះ​ទុន​វិនិយោគ​ចំនួន ១៥​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​សាងសង់​រោងចក្រ​លើ​ផ្ទៃដី​ចំនួន ៧១៥៤​ម៉ែត្រ​ក្រឡា​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

ក្រុមហ៊ុន​នេះ​មាន​សមត្ថភាព​ផលិត​ចំណី​សត្វ​គ្រប់​ប្រភេទ​ចំនួន ១​ម៉ឺន ៥​ពាន់​តោន​ក្នុង ១​ខែ ព្រមទាំង​មាន​ផែនការ​ផលិត​ចំណី​សត្វ ១​ម៉ឺន ៨​ពាន់​តោន​ក្នុង ១​ឆ្នាំ​ថែម​ទៀត ក្នុង​នោះ​វត្ថុធាតុដើម​ក្នុង​ស្រុក​ដែល​ក្រុមហ៊ុន​ប្រើ ដូចជា​ដំឡូងមី ពោត​ក្រហម ចុង​អង្ករ កន្ទក់ ថ្ម​ម៉ត់ កាកដូង កាក​ស្រាបៀ និង​ម្សៅ​ឆ្អឹង​សត្វ ជាដើម ខណៈ​បច្ចេកទេស​ផលិត​ភាគច្រើន​ត្រូវ​បាន​នាំ​យក​ពី​សហភាព​អឺរ៉ុប​ទាំងអស់។

អតីត​ប្រធាន​អង្គការ​សេដាក និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៧ កក្កដា នេះ​ថា ការ​ដាក់​ចេញ​នូវ​គម្រោង​នៃ​ការ​ផលិត​ចំណី​សត្វ​នេះ គឺជា​ដំណើរការ​ល្អ​សម្រាប់​កសិករ​ខ្មែរ​ដែល​មាន​វត្ថុធាតុដើម និង​កាន់តែ​មាន​ផល​ល្អ​សម្រាប់​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ប្រកប​របរ​ចិញ្ចឹម​សត្វ និង​ត្រី ដែល​ធានា​នូវ​តម្លៃ​ទាប ជាជាង​ការ​នាំចូល​ចំណី​សត្វ​ពី​បរទេស​ដូច​ពេល​កន្លងមក។

បណ្ឌិត យ៉ង សាំងកុមារ សម្ដែង​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​យកចិត្ត​ទុកដាក់​ជួយ​ជំរុញ​គម្រោង​នេះ​ទេ សង្វាក់​ផលិតកម្ម​នេះ​ក៏​មិន​អាច​ទៅ​មុខ​រួច​បាន​ដែរ ព្រោះ​ថា​បើ​ពឹង​តែ​ទៅ​លើ​ក្រុមហ៊ុន​ឯកជន និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គឺ​នៅតែ​ពិបាក​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច។ ដូច្នេះ រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ពាក់ព័ន្ធ ព្រមទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក​នានា ត្រូវតែ​សហការ​គ្នា​ជួយ​ជំរុញ​គម្រោង​នេះ​ឱ្យ​ដំណើរការ​ទៅ​មុខ នោះ​ទើប​អាច​ជួយ​កសិករ​ខ្មែរ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ស្ទុះ​ទៅ​មុខ​បាន។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ធ្លាប់​បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ពិព័រណ៍​វិស័យ​កសិកម្ម ការ​ចិញ្ចឹម​សត្វ និង​បសុសត្វ​កម្ពុជា​កាលពី​ពេល​កន្លងទៅ​ថា កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​លើ​ការ​នាំចូល​ចំណី​សត្វ​ពី​ក្រៅ​ប្រទេស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស