42.2 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្កោលទោស​របប​សឹក​ភូមា​ដែល​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​៤​រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក ថ្កោលទោស​លើ​របប​យោធា​ភូមា ដែល​បាន​ប្រហារ​ជីវិត​សកម្មជន​នយោបាយ ៤​រូប​មកពី​គណបក្ស​សម្ពន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ចាត់ទុក​ការ​ប្រហារ​ជីវិត​នេះ​ជា​អំពើ​អមនុស្សធម៌ រំលោភ​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ ព្រមទាំង​សិទ្ធិ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​របស់​ពលរដ្ឋ​ភូមា។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្រុម​ខ្មែរ​ថាវរៈ ចលនា​មាតា​ធម្មជាតិ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ចេញ​កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២។

អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​បាន​បង្ហាញ​ការ​សោកស្ដាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​ភូមា ៤​រូប​ពី​សំណាក់​របប​យោធា​ភូមា ដោយ​ថា​ការ​ប្រហារ​ជីវិត​នេះ​ជា​អំពើ​អមនុស្សធម៌ រំលោភ​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ ព្រមទាំង​សិទ្ធិ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​របស់​ពលរដ្ឋ​ភូមា។

សកម្មជន​នយោបាយ​ដែល​របប​សឹក​ភូមា​ប្រហារ​ជីវិត​នោះ​មាន​លោក ភ្យូ ហ្សេយ៉ា លោក ក្យរ មីនយូ លោក ឡាមីយូ អោង និង​លោក អោង ធូរ៉ា ហ្ស។ ការ​ប្រហារ​ជីវិត​សកម្មជន​ទាំងនេះ បន្ទាប់ពី​អាជ្ញាធរ​យោធា​ភូមា បាន​ចោទប្រកាន់​លើ​ពួកគេ​ថា​បាន​ចូលរួម​សកម្មភាព «ភេរវកម្ម» នៅ​ក្នុង​ប្រទេស។

ក្រុម​អង្គការ​សមាគម​បាន​ចាត់ទុក​ការ​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​ថា​ជា​អំពើ​ឃោរឃៅ ព្រៃផ្សៃ និង​ហិង្សា​របស់​របប​យោធា​ភូមា មក​លើ​សកម្មជន​នយោបាយ ធ្វើឡើង​ក្នុង​បរិបទ​ឧក្រិដ្ឋកម្ម​មនុស្ស​ជាតិ លើ​លទ្ធភាព​របស់​ពលរដ្ឋ​ខ្លួន​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ និង​សេរីភាព​បញ្ចេញ​មតិ។ ពួកគេ​ទាមទារ​ឲ្យ​ប្រធាន​ប្តូរ​វេន​អាស៊ាន សហគមន៍​អន្តរជាតិ ក៏ដូចជា​អង្គការ​សហប្រជាជាតិ​ចាត់​វិធានការ​ឆ្លើយតប​ជាបន្ទាន់ ដើម្បី​ធានា​ដល់​ការ​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​ក្នុង​នាម​ជា​មនុស្ស​ជាតិ​របស់​ពលរដ្ឋ​ភូមា ដោយ​ថា​ករណី​នេះ​ជា​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​លើ​សំឡេង​ស៊ីវិល ព្រមទាំង​ការ​យាយី​អ្នក​ស្រឡាញ់​សេរីភាព អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ ជាពិសេស​ពលរដ្ឋ​ស្លូតត្រង់​របស់​ខ្លួន។

កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​បាន​បង្ហាញ​ការ​សោកស្ដាយ​ដែល​មេដឹកនាំ​យោធា​ភូមា ប្រហារ​ជីវិត​សមាជិក​បក្ស​ប្រឆាំង ៤​រូប បើ​ទោះបីជា​លោក​ធ្លាប់​បាន​ស្នើ​ឱ្យ​ពិចារណា​ឡើងវិញ​លើ​ការ​សម្រេច​ផ្ដន្ទាទោស​ជន​ទាំងនោះ​ក៏ដោយ។

ការ​ថ្កោលទោស​លើ​របប​សឹក​យោធា​ភូមា នេះ មិនមែន​តែ​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​នោះ​ទេ អង្គការ​សហប្រជាជាតិ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ក៏​បាន​ថ្កោលទោស​របប​យោធា​ភូមា ដែល​បាន​ប្រហារ​ជីវិត​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៤​រូប ដោយ​ពួកគេ​ចាត់ទុក​ករណី​នេះ​ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​អំពើ​ដ៏​ឃោរឃៅ​មួយ ខណៈ​អាមេរិក​បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន បង្កើន​សម្ពាធ​លើ​ប្រទេស​ភូមា ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស