អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល អះអាងថា កម្ពុជាកំពុងពិភាក្សាជាមួយក្រុមហ៊ុន EnerCam Resources Corp (Cambodia) នៃប្រទេសកាណាដា ដែលបានសិក្សាពីលទ្ធភាពវិនិយោគបូមប្រេងនៅប្លុក A បន្ទាប់ពីក្រុមហ៊ុន Kris Energy ក្ស័យធន និងរងនូវការចោទប្រកាន់ថាបានលួចដឹកប្រេងពីកម្ពុជាកាលពីពេលកន្លងទៅ។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ បានអះអាងក្នុងសន្និសីទប្រេង និងឧស្ម័នកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ថា បច្ចុប្បន្ន កម្ពុជាកំពុងពិភាក្សាការងារជាមួយក្រុមហ៊ុនមកពីប្រទេសកាណាដា អំពីប្រេងនៅកម្ពុជាក្នុងប្លុក A ហើយក្រុមហ៊ុនកំពុងត្រូវការពេលវេលាសិក្សាទិន្នន័យឡើងវិញលើបញ្ហានេះ ដូច្នេះការសិក្សាគឺត្រូវការពេលវេលាបន្ថែមបន្តិចទៀត។
លោក ជៀប សួរ លើកឡើងថា បន្ទាប់ពីប្រេងសាំងបានឡើងថ្លៃសព្វថ្ងៃនេះមានសន្ទុះនៃការចាប់អារម្មណ៍លើការវិនិយោគ ស្រាវជ្រាវអំពីប្រេង និងឧស្ម័ននៅកម្ពុជាពីសំណាក់ក្រុមហ៊ុនអន្តរជាតិជាច្រើន ដូចជាក្រុមហ៊ុនមកពីប្រទេសកាណាដា ប្រទេសចិន អូស្ត្រាលី និងថៃ ជាដើម ដែលបានធ្វើទំនាក់ទំនងសិក្សាឈ្វេងយល់ពីទិន្នន័យដើម្បីសិក្សាពីការវិនិយោគលើវិស័យនេះ។
លោកបញ្ជាក់ថា កម្ពុជាស្វាគមន៍ជានិច្ចរាល់ការសិក្សា ពិភាក្សា ទោះបីជាពេលនេះមិនទាន់មានកិច្ចព្រមព្រៀងក្ដី។ លោកបន្តថា នៅពេលនេះមានបណ្ដាក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដោយបានសិក្សាលើការវិនិយោគប្លុកដែនគោក និងប្លុកក្នុងសមុទ្រផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានបរាជ័យក្នុងការផលិតប្រេងជាមួយក្រុមហ៊ុន Kris Energy ដែលបានក្ស័យធន និងរងនូវការចោទថាបានលួចដឹកប្រេងចេញពីកម្ពុជាកាលពីពេលកន្លងទៅនេះ។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពីការចាប់ផ្តើមផលិតកម្មប្រេងលើកដំបូងរបស់កម្ពុជានៅតំបន់ប្លុក A ក្នុងសមុទ្រប្រទេសកម្ពុជា ដោយមានការវិនិយោគពីក្រុមហ៊ុន Kris Energy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប៉ុន្តែនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោក ហ៊ុន សែន បានប្រកាសជាថ្មីថា តំណក់ប្រេងលើកដំបូងនៅកម្ពុជាបានបរាជ័យហើយ។ ជាងនេះទៀត ក្រុមហ៊ុន Kris Energy បានលួចយកប្រេងពីកម្ពុជាដែលបូមបានទៅជាមួយថែមទៀត។
ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជានៅតែមិនទាន់បង្ហាញព័ត៌មានពាក់ព័ន្ធនឹងប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ឬស្មើជិត ៤៧លានលីត្រដែលបច្ចុប្បន្នអាចមានតម្លៃទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក ដែលត្រូវបានគេលួចដឹកចេញពីប្រទេសកម្ពុជាកាលពីពាក់កណ្ដាលឆ្នាំមុននៅឡើយទេ ហើយព័ត៌មានអំពីការលួចប្រេងនេះ រដ្ឋាភិបាលនៅតែបន្តបិទបាំងរហូតដល់សព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការលួចដឹកប្រេងចេញពីកម្ពុជាមិនមែនជារឿងតូចតាចនោះទេ ហេតុអ្វីសន្តិសុខប្រទេសកម្ពុជាអន់ខ្សោយម្ល៉េះ ព្រោះថាទំហំកប៉ាល់ដែលដឹកចេញរហូតដល់ជិត ៣០ម៉ឺនបារ៉ែល ហើយនៅតែមិនដឹងគេដឹកចេញទៀត ឬមកពីរដ្ឋាភិបាលកម្ពុជាជំពាក់លុយគេ ហើយគ្មានលុយសង ក៏ឱ្យគេដឹកប្រេងចេញទៅដើម្បីដោះដូរនឹងការជំពាក់បំណុល ឬយ៉ាងណា។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមនាវិកនៃនាវា MT Strovolos របស់ក្រុមហ៊ុន Kris Energy បានបើកនាវាចេញពីដែនទឹកកម្ពុជាដោយគ្មានការជូនដំណឹង ក្នុងនោះបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន ២៩ម៉ឺន ៥ពាន់បារ៉ែលផងដែរ។ រហូតដល់ចុងខែកក្កដា ឆ្នាំ២០២១ នាវា MT Strovolos និងនាវិកជាច្រើននាក់របស់ក្រុមហ៊ុន Kris Energy ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី ឃាត់ខ្លួនបន្ទាប់ពីចូលចតនៅដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។
កាលពីខែមិថុនា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានអះអាងក្នុងវិមានរដ្ឋសភាលើសេចក្តីព្រាងច្បាប់ស្តីអំពីការគ្រប់គ្រងប្រេង និងផលិតផលប្រេងកាតនៅកម្ពុជាថា កម្ពុជាមានប្លុកប្រេងកាតសរុបចំនួន ២៥កន្លែងទូទាំងប្រទេស ទាំងដែនសមុទ្រ និងដីគោក ដែលអាចផលិតប្រេងបានចំនួន ៥លានតោនក្នុងមួយឆ្នាំៗ។
លោក ស៊ុយ សែម បញ្ជាក់ថា នៅដែនសមុទ្រមាន៦ គឺប្លុក A.B.C.D.E និងប្លុក F។ រីឯដែនគោកមានចំនួន ១៩ប្លុក និង ៤តំបន់ទៀត គឺនៅត្រួតគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ដោយឡែកប្លុក A មានចម្ងាយត្រឹមតែ ១៦០គីឡូម៉ែត្រប៉ុណ្ណោះពីខេត្តព្រះសីហនុ ហើយមានចម្ងាយ ៣៣៥គីឡូម៉ែត្រពីប្រទេសថៃ និងប្រវែង ៣៥០គីឡូម៉ែត្រពីប្រទេសលាវ៕