សកម្មជនដែលស្រឡាញ់បរិស្ថាន នាំគ្នាធ្វើពហិការលើបណ្ដាញសង្គមហ្វេសប៊ុកដោយអំពាវនាវឲ្យពលរដ្ឋ និងយុវជនចូលរួមពហិការឈប់គាំទ្រគ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុន Leng Navatra Group របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីចូលរួមសង្គ្រោះដីព្រៃភ្នំតាម៉ៅ ដោយសារក្រុមហ៊ុនមួយនេះកំពុងឈូសឆាយដីព្រៃភ្នំតាម៉ៅ ទំហំ ១៥០០ហិកតារដើម្បីធ្វើការអភិវឌ្ឍ។
សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី បានសរសេរលើហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយឈ្មោះឧកញ៉ា ឡេង ណាវ៉ាត្រា ថា កញ្ញាឈប់គាំទ្រ ប្រើប្រាស់ និងឈប់ទិញអាជីវកម្មឧកញ៉ា ឡេង ភក្ត្រា ហៅ ឡេង ណាវ៉ាត្រា ឬឧកញ៉ាឈូសឆាយព្រៃទាំងអស់ ដោយចាត់ទុកសកម្មភាពអភិវឌ្ឍដែលបំផ្លិចបំផ្លាញសម្បត្តិជាតិជារួមនេះ បានធ្វើឲ្យខាតប្រយោជន៍ប្រទេសជាតិ។
សកម្មជនបរិស្ថានម្នាក់ទៀត កញ្ញា ស៊ុន រដ្ឋា ក៏សរសេរលើហ្វេសប៊ុកដែរថា សូម្បីតែជម្រករបស់សត្វក៏ឧកញ៉ា ឡេង ណាវ៉ាត្រា ទៅដណ្ដើមយក។ កញ្ញាចាត់ទុកជនដែលទៅដណ្ដើមយកជម្រកសត្វបែបនេះថាជនធូរថ្លៃបំផុត។
ចំណែកប្រធានកម្មវិធីនៃសមាគមយុវជនកម្ពុជា (CYN) លោក ហេង គីមហុង ក៏សរសេរលើហ្វេសប៊ុកដោយទទូចឲ្យពលរដ្ឋ និងយុវជនចូលរួមពហិការគ្រប់ផលិតផល ឡេង ណាវ៉ាត្រា ដើម្បីឆ្លើយតបនឹងការបំផ្លាញព្រៃភ្នំតាម៉ៅ។
ពួកគេអះអាងថា ចាប់ពីពេលនេះទៅ ពួកគេពហិការឈប់ស្តាប់ ឈប់គាំទ្របទចម្រៀងនៃក្រុមហ៊ុន Galaxy Navatra ក្រុមហ៊ុន China Poipet Satellie city ព្រមទាំងគម្រោងអចលនវត្ថុទាំងឡាយនៃក្រុមហ៊ុន ឡេង ណាវ៉ាត្រា ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា និងក្រុមហ៊ុន TP Moral Group របស់ឧកញ៉ា ឃុន សៀ។
យុទ្ធនាការនេះធ្វើឡើងដើម្បីចូលរួមសង្គ្រោះដីព្រៃភ្នំតាម៉ៅ បន្ទាប់ពីព្រៃឈើក្នុងតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅ ត្រូវគេរកឃើញថាត្រូវបានក្រុមហ៊ុនឯកជនរបស់របស់ឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ា ឃុន សៀ បានឈូសឆាយដើម្បីធ្វើមុខជំនួញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
យោងតាមឯកសារផ្លូវការមួយបានបង្ហាញថា ផ្ទៃដីទំហំ ៥០០ហិកតារដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នឹងត្រូវផ្ទេរទៅជាកម្មសិទ្ធិឯកជនដោយមិនបានបញ្ជាក់ពីទីតាំង ឬម្ចាស់កម្មសិទ្ធិឡើយ។
ឯកសារមួយទៀតបានឱ្យដឹងថា ផ្ទៃដី ៧០០ហិកតារផ្សេងទៀត បច្ចុប្បន្នត្រូវបានស្នើសុំដោយក្រុមហ៊ុន TP Moral Group របស់ឧកញ៉ា ឃុន សៀ ប៉ុន្តែដីព្រៃទាំងនោះត្រូវបានលក់ឲ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា បន្ត។
បើតាមសារព័ត៌មានក្នុងស្រុកស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ថាទីតាំងដីដ៏ធំនេះត្រូវបានលក់ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងម្ចាស់ផលិតកម្មចម្រៀងកាឡាក់ស៊ីរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា។ លោកក៏បានច្រានចោលចំពោះការចោទអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ដោយថាការកាប់ឈើនោះមិនធ្វើឲ្យប៉ះពាល់ដល់ជម្រកសត្វព្រៃ និងប៉ះពាល់ដល់បរិស្ថានឡើយ។
លោក វេង សាខុន បន្តថា ដីភ្នំតាម៉ៅ ១៥០០ហិកតារ ត្រូវបានរដ្ឋាភិបាលសម្បទានឲ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា អភិវឌ្ឍដោយសង់ផ្ទះ ដាំស្មៅ និងចិញ្ចឹមសត្វគោយកទឹកដោះ ជាដើម។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានយល់ព្រមឱ្យមានការដោះដូរដីប្រមាណ ១ពាន់ហិកតាររបស់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍ ដោយការបង្កើតស្ថានីយចិញ្ចឹមគោយកទឹកដោះ។
ក្នុងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីខាងលើបញ្ជាក់ថា ដីទំហំ ៣០០ហិកតាររបស់ស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ ជាថ្នូរមកវិញនឹងទទួលបានដីទំហំ ៤០០ហិកតារនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចំណែកដីទំហំ ៥០០ហិកតាររបស់រដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ជាថ្នូរមកវិញដោយទទួលបានជាការបង្កើតសួនសត្វ Salan Angkor លើផ្ទៃដីទំហំ ២៥០ហិកតារ ស្ថិតក្នុងស្ថានីយស្ដារ និងអភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ខេត្តសៀមរាប ផងដែរ។
ពាក់ព័ន្ធរឿងនេះ នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក និក ម៉ាក (Nick Marx) ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយស្នើទៅលោក ហ៊ុន សែន ពិចារណាឡើងវិញចំពោះការលក់ដីព្រៃនៅតំបន់សួនសត្វមួយនេះទៅឲ្យវិស័យឯកជន ដោយលោកចាត់ទុកការលក់តំបន់ភ្នំតាម៉ៅ ថាជាការបំផ្លាញដល់ទីតាំងអភិរក្សសត្វព្រៃ និងព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិនអាចទាក់ទងអ្នកដែលត្រូវទទួលបន្ទុកលើការដោះដូរ គឺលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ និងលោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីសុំការអត្ថាធិប្បាយបានទេរហូតដល់ម៉ោងចេញផ្សាយនេះ៕