30 C
Phnom Penh

ក្រុមហ៊ុន​មួយ​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​ចេញពី​តំបន់​អភិរក្ស​ព្រៃឡង់​ដោយ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ និង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) អះអាង​ថា មេការ​ទទួល​ខុសត្រូវ​ខាង​កាប់​ឈើ​ខុសច្បាប់ និង​កម្មករ​របស់​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) រាប់​រយ​នាក់ បាន​នាំគ្នា​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​ពួកគេ​បាន​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​ចេញពី​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់ ដោយ​គ្មាន​ចំណាត់ការ​ណា​មួយ​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​ឡើយ។

បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ និង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​៥ សីហា នេះ​ថា កម្មករ​រាប់​រយ​នាក់​របស់​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) បាន​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​នៅ​ត្រង់​ចំណុច​ប្រសព្វ​រវាង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កំពង់ធំ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ នៅ​ត្រង់​ចំណុច​ទីតាំង​ស្រែ​អាចម៍ដែក អូរធ្នង់ ជាំប្រទាល និង​ត្រពាំងស្មាច់ ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា ក្រុម​កម្មករ​ស៊ីឈ្នួល​លើក​ឈើ​ឱ្យ​ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​ទៅ​លាក់​ទុក​នៅ​ក្នុង​ដេប៉ូ​ទី​១ របស់​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) ស្ថិត​នៅ​ចំណុច​ភ្នំ​ស្រឡៅ និង​ចំណុច​បុស្សរាំង ដែល​នៅ​ជាប់​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ។

ក្រុម​អ្នក​ការពារ​បរិស្ថាន​ទាំងនោះ​បញ្ជាក់​ថា មេការ និង​កម្មករ​ក្រុមហ៊ុន​រាប់​រយ​នាក់​របស់​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) នេះ បាន​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងនោះ​ដោយ​ប្រើ​រទេះ​ក្របី​ចំនួន ១៤​គ្រឿង ត្រាក់ទ័រ​ចំនួន ៤​គ្រឿង និង​គោយន្ត​រាប់​សិប​គ្រឿង​យក​ទៅ​លាក់​ទុក​ក្នុង​ដេប៉ូ​ទី​២ របស់​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ដូច​គ្នា​នឹង​ដេប៉ូ​ទី​១ ដែរ​នោះ។

ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ និង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បាន​ឃ្លាំមើល​សកម្មភាព​អ្នក​ស៊ីឈ្នួល​លើក​ឈើ​ឱ្យ​ក្រុមហ៊ុន​រកស៊ី​ខុសច្បាប់​ក្នុង​ដែល​ជម្រក​សត្វព្រៃ​ព្រៃឡង់​អស់​រយៈពេល ២​យប់ ៣​ថ្ងៃ ក៏​បាន​ប្រទះ​ឃើញ​កម្មករ​រាប់​រយ​នាក់ និង​មេការ​របស់​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) បន្ត​កាប់​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​ទប់ស្កាត់​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២០ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្នុង​អនុ​តំបន់​២ អនុ​តំបន់​៣ និង​អនុ​តំបន់​៤ នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ភីអិនធី ស្ថិត​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ប៉ុន្តែ​ត្រូវ​គេ​រក​ឃើញ​ថា ក្រុមហ៊ុន​អនុវត្ត​ហួស​ដែន​កំណត់។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា អះអាង​ថា បច្ចុប្បន្ន​នេះ បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ព្រះវិហារ លែង​កើត​មាន​ទៀត​ហើយ គឺ​កើត​មាន​តែ​បទល្មើស​ខ្នាត​តូច​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២១ អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ទោះបី​កម្ពុជា​មាន​ច្បាប់​ការពារ​ព្រៃឈើ​ក៏ដោយ ក៏​កម្ពុជា​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក។

ប្រភព​ដដែល​អះអាង​ថា កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ជាង ៥០​ម៉ឺន​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ក្នុង​រយៈពេល​ជិត ២​ទសវត្ស​ចុង​ក្រោយ​នេះ ក្នុង​នោះ ក្រុមហ៊ុន​ដែល​បាន​ប្រតិបត្តិការ​កាប់​ឈើ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ គឺ​ក្រុមហ៊ុន Think Biotech ដែល​បាន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន Angkor Plywood។

ជាង​នេះ​ទៀត ក្រុមហ៊ុន Sam Oeun Sovann ក៏​បាន​វិនិយោគ​លើ​ការ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ដែរ។ លើស​ពី​នេះ ក៏​មាន​ក្រុមហ៊ុន PNT ក្រុមហ៊ុន Thy Nga Development ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ និង​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ជិត​តំបន់​ការពារ​ព្រៃឡង់​នេះ​ថែម​ទៀត។

ទិន្នន័យ​មួយ​ដែល​បាន​បង្ហាញ​ពី​ផ្កាយរណប​កាលពី​ឆ្នាំ​២០២១ បាន​លាតត្រដាង​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​មាន​ការ​កាប់​ឈើ​ដ៏​អាក្រក់​បំផុត​ក្នុង​ចំណោម​តំបន់​ការពារ​ផ្សេង​ទៀត ដោយ​បាន​បាត់បង់​គម្រប​ព្រៃឈើ​ជិត ១​ម៉ឺន​ហិកតារ (៩១១៩​ហិកតារ) ក្នុង​ឆ្នាំ​២០២០ ដែល​កើនឡើង​ប្រមាណ​ជា ២១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ កន្លងទៅ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស