28 C
Phnom Penh

លោក សយ សុភាព ថា​រដ្ឋមន្ត្រី​កសិកម្ម​កុហក​នាយករដ្ឋមន្ត្រី​ជុំវិញ​ការ​ឈូស​ឆាយ​ព្រៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាងហ្វាង​កាសែត​ដើម​អម្ពិល ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន រិះគន់​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន គ្មាន​សុចរិតភាព​ក្នុង​ការ​ផ្តល់​របាយការណ៍​ជូន​លោក ហ៊ុន សែន ឱ្យ​ពិតប្រាកដ​ជុំវិញ​ការ​ស្នើសុំ​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទទួល​សិទ្ធិ​គ្រប់គ្រង​តំបន់​សួនសត្វ​នៅ​ភ្នំ​តាម៉ៅ។

លោក សយ សុភាព អះអាង​ថា ប្រសិនបើ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើ​របាយការណ៍​ដោយ​សុចរិត​ត្រឹមត្រូវ​ជូន​លោក ហ៊ុន សែន អំពី​ស្ថានភាព​ពិត​ជាក់ស្តែង​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ នោះ​ក៏​នឹង​មិន​មាន​បញ្ហា​ដូច​ពេល​នេះ​ដែរ។

លោក​អះអាង​ថា ចាប់​ពី​ពេលនេះ​តទៅ ក្រសួង​ជំនាញ​របស់​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​ដាក់​សំណើសុំ​ឱ្យ​លោក ហ៊ុន សែន សម្រេច​លើ​ការ​ស្នើសុំ​របស់​ខ្លួន ព្រោះ​ថា​បើ​ខ្លួន​មិន​រាយការណ៍​អំពី​ការពិត​ជាក់ស្តែង​ទេ នោះ​នឹង​នាំ​ឱ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ដូច​ករណី​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​នេះ​ជា​ឧទាហរណ៍។

ចាងហ្វាង​កាសែត​រូប​នេះ​ជំរុញ​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ម្ចាស់​ក្រុមហ៊ុន​ដទៃ​ទៀត ត្រូវតែ​បញ្ឈប់​ការ​ទន្ទ្រាន​លើ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​បន្ត​ទៀត។ លើស​ពី​នេះ ពួកគេ​ក៏​ត្រូវ​ចៀសវាង​ការ​រំលោភ​លើ​តំបន់​ដី​ដែល​ជា​ទីតាំង​សាលារៀន ទីតាំង​មន្ទីរពេទ្យ ទីតាំង​ព្រះបរមរាជវាំង និង​តំបន់​ប្រាសាទ​បុរាណ ដើម្បី​ធ្វើ​អាជីវកម្ម​ផង​ដែរ ព្រោះ​ថា​ទីតាំង​ទាំងនេះ​ជា​កន្លែង​ស័ក្តិសិទ្ធិ អាច​ធ្វើ​ឱ្យ​ពួកគេ​វិនាស​អន្តរាយ​ពី​ការ​រំលោភ​បំពាន​នោះ​បាន។

កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ ក្រុមហ៊ុន​ឯកជន​ចំនួន​៣ រួម​មាន​ក្រុមហ៊ុន Bati Tourism & Development ក្រុមហ៊ុន TP Moral Group និង​ក្រុមហ៊ុន China Poipet Satellite City បាន​សហការ​គ្នា​ដោយ​មាន​ការ​ឯកភាព​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូស​ឆាយ​ព្រៃឈើ​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ ស្ថិត​នៅក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ប្រកប​អាជីវកម្ម​របស់​ពួកគេ។

ទោះជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២២ សកម្មជន​បរិស្ថាន និង​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន បាន​ប្រតិកម្ម​ដោយ​ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នាំគ្នា​ពហិការ​ឈប់​គាំទ្រ​គ្រប់​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន Leng Navatra ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ឈូស​ឆាយ​ព្រៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​របស់​ក្រុមហ៊ុន​នេះ។

ក្រោយ​ប្រតិកម្ម​របស់​ពលរដ្ឋ កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២២ លោក ហ៊ុន សែន សម្រេច​លុប​ចោល​ទាំងអស់​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ដោះដូរ និង​អភិវឌ្ឍ​តំបន់​ភ្នំ​តាម៉ៅ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​អស់​ប្រហែល ៦០០​ហិកតារ ក្នុង​ចំណោម​ដី​ព្រៃ ១៥០០​ហិកតារ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ទាំងនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស