អតិថិជនគម្រោងដីឡូត៍ផ្លូវជាតិលេខ ៦A ជិត ១០០គ្រួសារ កំណត់ឱ្យក្រុមហ៊ុនអចលនទ្រព្យរបស់ឧកញ៉ា ឡេង ភក្ដ្រា ហៅ ឡេង ណាវ៉ាត្រា រយៈពេលត្រឹមដំណាច់ឆ្នាំ២០២៥ នេះ ត្រូវតែសាងសង់ផ្ទះ និងវីឡាដែលពួកគេបានទិញឱ្យរួចរាល់ ក្រោយអូសបន្លាយអស់រយៈពេលជិត ៥ឆ្នាំ។
អតិថិជនទិញដីឡូត៍ចំនួន ៧២គ្រួសារ បានរួមគ្នាផ្ដិតមេដៃដាក់លិខិតកាលពីថ្ងៃទី១២ ខែកញ្ញា ដែលទើបនឹងត្រូវបានទម្លាយកាលពីថ្ងៃទី២៩ ខែកញ្ញា ថ្មីៗនេះថា ពួកគេបានទិញដី ផ្ទះ និងវីឡាក្នុងប្លុក B វីឡា៥៣៣ ស្ថិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ពីគម្រោងដីឡូត៍ផ្លូវជាតិលេខ ៦A របស់ឧកញ៉ា ឡេង ណាវ៉ាត្រា តាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មកម្ល៉េះ។
អតិថិជនទាំងនេះអះអាងថា យោងតាមកិច្ចសន្យាទិញលក់ ភាគីក្រុមហ៊ុនបានសន្យាថានឹងសាងសង់ឱ្យរួចរាល់ត្រឹមរយៈពេល ១៨ខែ គឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ត្រូវប្រគល់សោផ្ទះឱ្យអតិថិជនចូលទៅរស់នៅតែម្តង ប៉ុន្តែបើក្រុមហ៊ុនធ្វើមិនបាន នោះក្រុមហ៊ុនសន្យាផ្តល់សំណងដល់អតិថិជនក្នុង ១ខែចំនួន ១០០ដុល្លារអាមេរិករហូតទាល់តែផ្ទះសាងសង់រួចជាស្ថាពរ។
ប្រភពដដែលអះអាងថា បើគិតមកទល់នឹងពេលនេះ គឺមានរយៈពេលជាង ៤ឆ្នាំហើយ ផ្ទះក៏ពួកគេមិនទទួលបាន សំណងក៏គ្មាន ហើយបើទោះបីពួកគេបានជូនដំណឹងដោយផ្ទាល់មាត់ជាច្រើនលើកច្រើនសាក៏ដោយ ក៏ឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែបន្តគេចវេះមិនចេញមុខដោះស្រាយនោះដែរ។
អតិថិជនគម្រោងដីឡូត៍ទាំងអស់នេះ ទាមទារឱ្យក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ប្លង់ផ្ទះ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យដល់ពួកគេ និងសាងសង់ផ្ទះ វីឡា ដែលពួកគេបានទិញឱ្យចប់សព្វគ្រប់ត្រឹមដំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។ ជាងនេះទៅទៀត ក្រុមហ៊ុនត្រូវប្រគល់លុយសំណងដែលយឺតយ៉ាវក្នុងការប្រគល់ផ្ទះ វីឡា និងដី ដែលនៅសល់ពីការកាត់ថ្លៃតភ្ជាប់បណ្ដាញសេវាទឹក និងអគ្គិសនី ឱ្យអតិថិជនទាំងអស់ ក្នុងពេលដែលក្រុមហ៊ុនប្រគល់ផ្ទះឱ្យអតិថិជននោះ។
អតិថិជនគម្រោងដីឡូត៍ដដែលនេះ ស្នើឱ្យឧកញ៉ា ឡេង ណាវ៉ាត្រា សាងសង់ផ្ទះ វីឡា ក្នុងប្លុក B វីឡា៥៣៣ ប្រមាណជា ៩០ផ្ទះ និងវីឡា ប៉ុណ្ណោះ ដើម្បីឱ្យពួកគេមានជម្រកស្នាក់នៅ។ ផ្ទុយទៅវិញ បើមិនអាចសាងសង់បានទេ ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវប្រគល់លុយដែលពួកគេបានបង់ផ្តាច់ ១០០% និងការប្រាក់ ១០% ក្នុង ១ឆ្នាំត្រឡប់មកវិញទាំងអស់។
គេកត់សម្គាល់ឃើញថា ចាប់តាំងពីដើមឆ្នាំ២០២៣ មក ក្រុមហ៊ុនអចលនទ្រព្យរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានអតិថិជនទម្លាយពីការខកខានប្រគល់ដី ផ្ទះ និងវីឡា ជាបន្តបន្ទាប់។ ជាងនេះទៅទៀត បុគ្គលិកដែលធ្លាប់ធ្វើការឱ្យក្រុមហ៊ុននេះខ្លះទៀត ក៏បានទម្លាយពីការខកខានផ្តល់លុយកម្រៃជើងសាដែលបានពួកគេខិតខំលក់ដី ផ្ទះ និងវីឡា ឱ្យក្រុមហ៊ុនមួយនេះកន្លងមកដែរ។
ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ សុភក្ត្រា សុភ័ក្រលាភ (Sophaktra Sophakleap) បានរំលឹកពីការខកខានផ្តល់លុយកម្រៃជើងសារបស់ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅថ្មីៗនេះថា គិតមកទល់នឹងពេលនេះមានរយៈពេល ៤ឆ្នាំហើយដែលក្រុមហ៊ុនមិនផ្តល់លុយកម្រៃជើងសាដែលខ្លួនធ្លាប់រកចំណូលឱ្យក្រុមហ៊ុនកន្លងមក។
ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kum Samphous បានសរសេរក្នុងប្រអប់បញ្ចេញមតិរបស់គណនីហ្វេសប៊ុកឈ្មោះ សុភក្ត្រា សុភ័ក្រលាភ ថា ចាំទាល់តែអស់ជីវិត ក៏មិនបានលុយដែរ ព្រោះសូម្បីតែលុយថ្លៃជាងធ្វើផ្ទះ និងវីឡា ក្នុងបុរី ឡេង ណាវ៉ាត្រា កន្លងមក ក៏មិនដែលទទួលបានដែរ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

