30 C
Phnom Penh

មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​បញ្ចប់​សំណុំរឿង​លោក កឹម សុខា ដើម្បី​ផ្សះផ្សា​ជាតិ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ការពារ​សិទ្ធិមនុស្ស អះអាង​ថា សវនាការ​លើក​ទី​៥១ លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​១០ សីហា នេះ មាន​ចរិត​ជា​សវនាការ​នយោបាយ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​យុត្តិធម៌ បញ្ចប់​សំណុំរឿង​នោះ​ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​ឡើងវិញ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ព្រះរាជអាជ្ញា​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​សាកសួរ​នោះ​ទេ តែ​បែរ​ជា​ព្យាយាម​ធ្វើ​អត្ថាធិប្បាយ​ដើម្បី​ឱ្យ​លោក កឹម សុខា យល់​ពី​ការ​លើកឡើង​របស់​ខ្លួន​ក្នុង​ចេតនា​ចង់​ឱ្យ​គាត់​ឆ្លើយ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន។

លោក យី សុខសាន្ត អះអាង​ថា ដោយសារតែ​អយ្យការ​អម​សាលាដំបូង​សាកសួរ​សំណួរ​ដែល​មាន​ចរិត​នយោបាយ​បែប​នេះ លោក កឹម សុខា ព្យាយាម​មិន​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​ព្រះរាជអាជ្ញា​បាន​លើកឡើង​ជាច្រើន។

លោក​អំពាវនាវ​ឱ្យ​ក្រសួង​យុត្តិធម៌ និង​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ជួយ​ឱ្យ​សង្គម​ជាតិ​មាន​ស្ថិរភាព មាន​ការ​ផ្សះផ្សា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​ឡើងវិញ ព្រោះ​ថា​សំណុំរឿង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​មិន​អាច​លើក​យក​មក​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​បាន​ឡើយ គឺ​មាន​តែ​ការ​ផ្សះផ្សា​គ្នា​តាម​ផ្លូវ​នយោបាយ​ប៉ុណ្ណោះ។

នៅ​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២២ នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ទី​៥១ ប៉ុន្តែ​ការ​ចោទ​សួរ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ ត្រូវ​លោក កឹម សុខា ព្យាយាម​មិន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ព្រះរាជអាជ្ញា លោក ផ្លង់ សុផល នោះ​ទេ បន្ទាប់ពី​ព្រះរាជអាជ្ញា​រូប​នេះ​ប្រើ​ពាក្យ​មិន​សមរម្យ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​លោក។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ផ្លង់ សុផល ជា​បុគ្គល​មាន​សមត្ថភាព​ខាង​ជំនាញ​ច្បាប់​ខ្ពង់ខ្ពស់​មួយ​រូប តែ​ខ្វះ​នូវ​ក្រមសីលធម៌ និង​គុណធម៌​ក្នុង​នាម​ជា​អ្នក​ច្បាប់​ដែល​មាន​វិជ្ជាជីវៈ​ខ្ពស់។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា តាមរយៈ​នៃ​ការ​សង្កេត​របស់​លោក​ចំពោះ​ការ​បំពេញ​តួនាទី​ក្នុង​នាម​ជា​ព្រះរាជអាជ្ញា​ក្នុង​ការ​សាកសួរ​ទៅ​កាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នា​ពេល​កន្លងមក បង្ហាញ​ថា ព្រះរាជអាជ្ញា​រូប​នេះ​មិន​បាន​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ដើម្បី​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​នោះ​ទេ ហើយ​បញ្ហា​នេះ គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​បន្តិច​ម្តងៗ​ទៅ​ថ្ងៃ​មុខ។

លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​អឺរ៉ុប លោក ចូសិប បូររែល (Josep Borrll Fontelles) សរសេរ​លើ​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃទី​៩ សីហា ថា លោក​ចង់​ឃើញ​ការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ៥​ឆ្នាំ​មក​នេះ​មាន​ដំណោះស្រាយ​ដោយ​យុត្តិធម៌​ឆាប់ៗ ដើម្បី​ឱ្យ​លោក​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ និង​អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស